អន្តរជាតិ

លោក​ពូទីន​ដាក់សំណួរ​ទូលំទូលាយ​ និង​​ការទាមទារ​តឹងរ៉ឹង​អំពីសំណើ​បញ្ឈប់​ការប្រយុទ្ធ​រយៈពេល៣០ថ្ងៃ

ប្រែសម្រួល៖​ស-សម្បត្តិ

ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើការចោទសួរលើសំណើឈប់បាញ់គ្នា​ដែល​សម្របសម្រួល​ដោយសហរដ្ឋអាមេរិក​ក្នុងសង្គ្រាមអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដោយដាក់ចេញនូវលក្ខខណ្ឌតឹងរ៉ឹង និងទាមទារឱ្យគៀវធ្វើសម្បទាន បើទោះជាគាត់និយាយថា គាត់គាំទ្រកិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធនេះជាទ្រឹស្ដីក៏ដោយ។

“យើង​យល់ព្រម​នឹង​សំណើ​ឱ្យ​ឈប់​ប្រយុទ្ធគ្នា​ ប៉ុន្តែ​យើង​ត្រូវ​ចាំថា ការ​ឈប់​បាញ់​គ្នា​នេះ​ត្រូវ​តែ​មាន​គោលដៅ​សំដៅ​ទៅរក​សន្តិភាព​រយៈពេល​វែង ហើយត្រូវមើលទៅលើឫសគល់នៃវិបត្តិ” លោក ពូទីន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយចាប់ផ្ដើមនិយាយឡើងវិញនូវការអះអាងមុនៗរបស់ក្រឹមឡាំង ដែលថារដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្នគឺជាផ្នែកមួយនៃបញ្ហាមូលដ្ឋាន។

រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនលើកដំបូងនៅឆ្នាំ២០១៤ និងបានចាប់ផ្ដើមការឈ្លានពានពេញលេញក្នុងឆ្នាំ២០២២។ នៅពេលនោះ លោក ពូទីន បានទាមទារថា អ៊ុយក្រែនមិនត្រូវអនុញ្ញាតឱ្យចូលសម្ព័ន្ធណាតូឡើយ ហើយថាសម្ព័ន្ធនេះត្រូវកាត់បន្ថយវត្តមានយោធារបស់ខ្លួននៅអឺរ៉ុបខាងកើត និងអឺរ៉ុបកណ្ដាល ដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានច្រានចោលថាជាការទាមទារដែលមិនអាចចាប់ផ្ដើមបាន ព្រមទាំងថ្កោលទោសការឈ្លានពាននេះថាជាការចាប់យកដីដែលឃើញច្បាស់។

លោក ពូទីន ក៏បានស្នើឱ្យអ៊ុយក្រែនបញ្ឈប់ការកៀរគរកងទ័ព និងការបណ្ដុះបណ្ដាលកងទ័ពរបស់ខ្លួន និងឱ្យប្រទេសដទៃទៀតឈប់ផ្គត់ផ្គង់អាវុធទៅឱ្យគៀវក្នុងអំឡុងពេលបញ្ឈប់ការប្រយុទ្ធ នៅពេលដែល “ទាហានរុស្ស៊ីកំពុងវាយលុកលើស្ទើរតែគ្រប់ផ្ទៃប៉ះទង្គិចប្រយុទ្ធ”។

ទោះបីជាគំនិតរបស់អាមេរិកគឺ “អស្ចារ្យ និងត្រឹមត្រូវ” ក៏ដោយ ក៏នៅមានរឿងជាច្រើនទៀតដែលត្រូវពិភាក្សា លោកបាននិយាយ ដោយបន្ថែមថា “ប្រហែល” លោកនឹងទូរសព្ទទៅប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

សន្និសីទសារព័ត៌មានបានកើតឡើងនៅពេលដែលអ្នកតំណាងពិសេសអាមេរិក លោក ស្ទីវ វីតខូហ្វ បានទៅដល់ទីក្រុងម៉ូស្គូ ដើម្បីជម្រាបមន្ត្រីក្រឹមឡាំងអំពីផែនការសន្តិភាព។ មន្ត្រីអ៊ុយក្រែនបានទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការបញ្ឈប់ការប្រយុទ្ធរយៈពេល៣០ថ្ងៃ ដែលគ្របដណ្ដប់លើខ្សែប្រយុទ្ធទាំងមូល បន្ទាប់ពីបានចូលរួមការចរចាជាមួយមន្ត្រីអាមេរិកនៅអារ៉ាប៊ីសាអូឌីតកាលពីដើមសប្ដាហ៍នេះ។

មតិរបស់លោក ពូទីន បានទទួលការថ្កោលទោសយ៉ាងឆាប់រហ័សពីគៀវ ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានចោទប្រកាន់មេដឹកនាំរុស្ស៊ីថាបានអូសបន្លាយការចរចាជាជាងបដិសេធកិច្ចព្រមព្រៀងនេះទាំងស្រុង។

“លោក ពូទីន ពិតជាភ័យខ្លាចមិនហ៊ាននិយាយដោយផ្ទាល់ទៅកាន់ប្រធានាធិបតី ត្រាំ ថាគាត់ចង់បន្តសង្គ្រាមនេះ និងចង់សម្លាប់ជនជាតិអ៊ុយក្រែន” លោកបាននិយាយ ដោយរិះគន់ការឆ្លើយតបរបស់លោក ពូទីន ថាជា “ការបោកបញ្ឆោតយ៉ាងខ្លាំង”។

ក្រោយមកនៅថ្ងៃព្រហស្បតិ៍ដដែល លោក ត្រាំ បានហៅការឆ្លើយតបរបស់លោក ពូទីន ថា “បង្ហាញភាពសង្ឃឹម” ប៉ុន្តែមិនពេញលេញ។

“ខ្ញុំចង់ជួបពួកគេឬនិយាយជាមួយគាត់ ប៉ុន្តែយើងត្រូវតែបញ្ចប់វាឱ្យបានឆាប់រហ័ស។ អ្នកដឹងទេ រាល់ថ្ងៃមានមនុស្សត្រូវបានសម្លាប់” លោកបាននិយាយនៅក្នុងការិយាល័យអូវ៉ាល់ ដោយបន្ថែមថាវានឹងជា “ពេលវេលាដ៏គួរឱ្យខកចិត្តមួយសម្រាប់ពិភពលោក” ប្រសិនបើរុស្ស៊ីមិនយល់ព្រមនឹងការបញ្ឈប់ការប្រយុទ្ធ។

លោកក៏បាននិយាយថា សហរដ្ឋអាមេរិកបាននិងកំពុងពិភាក្សាជាមួយអ៊ុយក្រែនអំពីតំបន់ដែលនឹងត្រូវរក្សាទុក និងបាត់បង់ក្នុងកិច្ចព្រមព្រៀងចុងក្រោយណាមួយ។ “ដូច្នេះ ព័ត៌មានលម្អិតជាច្រើនអំពីកិច្ចព្រមព្រៀងចុងក្រោយត្រូវបានពិភាក្សារួចហើយ” លោកបាននិយាយ។

  • មន្ត្រីរុស្ស៊ីធ្វើការប្រកាន់ជំហរកាន់តែតឹងរឹង

លោក ពូទីន បានលើកឡើងនូវបណ្ដុំសំណួរមួយដែលបានឆ្លុះបញ្ចាំងដោយមន្ត្រីរុស្ស៊ីផ្សេងទៀត ដែលខ្លះក្នុងចំណោមពួកគេបានចាត់វិធានការកាន់តែតឹងរឹងប្រឆាំងនឹងសំណើបញ្ឈប់ការប្រយុទ្ធ។

ក្ដីបារម្ភដែលលោក ពូទីន បានលើកឡើងរួមមានអ្វីដែលនឹងកើតឡើងនៅក្នុងតំបន់ខាងលិចខួសរបស់រុស្ស៊ី ដែលអ៊ុយក្រែនកាន់កាប់ទឹកដីមួយចំនួននោះ, របៀបដែលការបញ្ឈប់ការប្រយុទ្ធនឹងត្រូវបានផ្ទៀងផ្ទាត់, និងរបៀបដែលគៀវនឹងប្រើប្រាស់រយៈពេលបញ្ឈប់ការប្រយុទ្ធ៣០ថ្ងៃនេះ។

“តើយើងនឹងធ្វើអ្វីជាមួយនឹងតំបន់នេះនៅក្នុងតំបន់ខួស ប្រសិនបើយើងបញ្ឈប់សកម្មភាពយោធារយៈពេល៣០ថ្ងៃ តើមានន័យថាអ្នកដែលនៅទីនោះទាំងអស់នឹងចាកចេញដោយគ្មានការប្រយុទ្ធដែរឬទេ? តើយើងគួរដោះលែងពួកគេចេញពីទីនោះបន្ទាប់ពីពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើនប្រឆាំងនឹងជនសុីវិលឬ?” លោក ពូទីន បាននិយាយ ទោះបីជាគាត់បាននិយាយមុននេះបន្តិចថា ខួសបានត្រឡប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីវិញហើយ ហើយកងទ័ពអ៊ុយក្រែនត្រូវបាន “ដាច់ដោយឡែកទាំងស្រុង”។

កាលពីមុនថ្ងៃព្រហស្បតិ៍ ជំនួយការក្រឹមឡាំង លោក យូរី អ៊ូសាខូវ បាននិយាយថា ម៉ូស្គូមិនចង់បានការបញ្ឈប់ការប្រយុទ្ធជាបណ្ដោះអាសន្នទេ ដោយអះអាងថាវានឹងផ្ដល់ពេលវេលាសម្រាកមួយដល់កងទ័ពអ៊ុយក្រែន។ លោក អ៊ូសាខូវ បាននិយាយថា គាត់បានពន្យល់ពីជំហររបស់រុស្ស៊ីទៅកាន់ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក មីឆែល វ៉ល ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ។

“(ខ្ញុំ) បានគូសបញ្ជាក់ជំហររបស់យើងថា នេះគ្រាន់តែជាការសម្រាកជាបណ្ដោះអាសន្នមួយសម្រាប់កងទ័ពអ៊ុយក្រែន និងគ្មានអ្វីច្រើនជាងនេះទេ” លោក អ៊ូសាខូវ បាននិយាយក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ដោយទម្លាក់ទឹកត្រជាក់លើសំណើនេះមុនពេលចាប់ផ្ដើមការចរចានៅថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យក្រឹមឡាំង លោក ឌីមីទ្រី ភេសខូវ បានព្យាយាមបំភ្លឺយ៉ាងឆាប់រហ័សថា សម្ដីរបស់លោក អ៊ូសាខូវ មិនគួរត្រូវបានគេមើលឃើញថាជាការបដិសេធរបស់រុស្ស៊ីចំពោះសំណើរបស់សហរដ្ឋអាមេរិកនោះទេ ហើយថាម៉ូស្គូកំពុងរង់ចាំព័ត៌មានបន្ថែមទៀតមុនពេលធ្វើការសម្រេចចិត្ត។

លោក អ៊ូសាខូវ ក៏បានអះអាងផងដែរថា “ជនជាតិអាមេរិកាំង និងយើងគិតថា គ្មានការនិយាយអំពីណាតូក្នុងបរិបទនៃដំណោះស្រាយអ៊ុយក្រែន និងក្នុងបរិបទនៃអនាគតអ៊ុយក្រែនទេ”។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា សាខារ៉ូវ៉ា បាននិយាយលើសពីនេះទៀត ដោយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មិនត្រូវមានវត្តមានយោធាបរទេស “ណាមួយ” នៅក្នុងអ៊ុយក្រែនឡើយ។

“សម្រាប់យើង វាជាការមិនអាចទទួលយកបានដាច់ខាតក្នុងការដាក់ពង្រាយអង្គភាពកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋផ្សេងទៀតនៅក្នុងអ៊ុយក្រែនក្រោមទង់ណាក៏ដោយ ទោះបីជាវាជាកងទ័ពបរទេស មូលដ្ឋានយោធា ឬប្រតិបត្តិការរក្សាសន្តិភាពណាមួយក៏ដោយ” លោកស្រី សាខារ៉ូវ៉ា បាននិយាយ ដោយបន្ថែមថារុស្ស៊ីនឹងឆ្លើយតប “ដោយគ្រប់មធ្យោបាយដែលមាន”។

នៅពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ ត្រូវបានសួរកាលពីថ្ងៃពុធអំពីលទ្ធភាពនៃកងទ័ពអឺរ៉ុបដែលដើរតួជាអ្នករក្សាសន្តិភាព អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានឆ្លើយតបថា៖ “មានវិធីផ្សេងៗគ្នាដើម្បីបង្កើតកម្លាំងរារាំងនៅលើដី”។

ក្នុងពេលជាមួយគ្នានេះ យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានវាយប្រហារយកទីក្រុងស៊ូដហ្សាត្រឡប់មកវិញ ដែលជាទីក្រុងធំបំផុតដែលអ៊ុយក្រែនធ្លាប់កាន់កាប់នៅក្នុងខួស ដែលគំរាមកំហែងដល់កាតការចរចាដីធ្លីតែមួយគត់របស់គៀវ ក្នុងពេលដែលមានសម្ពាធឱ្យចរចាបញ្ចប់សង្គ្រាម ហើយអាចជាជ័យជម្នះនិមិត្តរូបមួយសម្រាប់ក្រឹមឡាំង។

របាយការណ៍នេះត្រូវបានធ្វើបច្ចុប្បន្នភាព។ លោក Matthew Chance និង Jennifer Hansler នៃ CNN បានចូលរួមរាយការណ៍៕