អន្តរជាតិ

យន្តហោះរបស់ក្រុមហ៊ុន American Airlines ឆេះម៉ាស៊ីនបន្ទាប់ពីចុះចតនៅទីក្រុង Denver, អ្នកដំណើរត្រូវបានជម្លៀស

ប្រែសម្រួល៖ ស-សម្បត្តិ
វ៉ាស៊ីនតោន៖ ម៉ាស៊ីនយន្តហោះរបស់ក្រុមហ៊ុន American Airlines បានឆាបឆេះបន្ទាប់ពីវាបានប្ដូរទិសមកចុះចតនៅទីក្រុង Denver កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី១៣ ខែមីនា) ដែលបង្ខំឱ្យអ្នកដំណើរត្រូវជម្លៀសខ្លួនដោយប្រើរំអិលរបស់យន្តហោះ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA)។

ក្រុមហ៊ុនជើងហោះបាននិយាយថា អ្នកដំណើរទាំង ១៧២ នាក់ និងបុគ្គលិកយន្តហោះទាំង ៦ នាក់ បានចាកចេញពីយន្តហោះបានទាំងអស់ ប៉ុន្តែអ្នកដំណើរចំនួន ៦ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់បន្ទាប់ពីហេតុការណ៍នេះសម្រាប់ការពិនិត្យបន្ថែម។

ជើងហោះហើរ American Airlines លេខ ១០០៦ ដែលចេញពី Colorado Springs ដោយយន្តហោះ Boeing 737-800 បានចុះចតនៅ Denver ប្រហែលម៉ោង ៥:១៥ នាទីល្ងាចពេលវេលាក្នុងតំបន់ ដោយប្ដូរទិសពីគោលដៅដំបូងដែលគ្រោងទុកគឺទីក្រុង Dallas បន្ទាប់ពីក្រុមបុគ្គលិកបានរាយការណ៍ពីការញ័ររបស់ម៉ាស៊ីន នេះបើតាមការបញ្ជាក់របស់ FAA។

វីដេអូគួរឱ្យរន្ធត់ចិត្តមួយចំនួនដែលបង្ហាញពីអ្នកដំណើរឈរនៅលើស្លាបយន្តហោះមុនពេលជម្លៀសខ្លួន ខណៈពេលដែលផ្សែងហុយចេញពីម៉ាស៊ីនត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។

ក្រុមហ៊ុន American Airlines បាននិយាយថា យន្តហោះបានចុះចតដោយសុវត្ថិភាព និងបើកចូលទៅកាន់ច្រកចេញ នៅពេលដែលវាបានជួបប្រទះ “បញ្ហាពាក់ព័ន្ធនឹងម៉ាស៊ីន”។

យន្តហោះនេះដែលមានអាយុ ១៣ ឆ្នាំ យោងតាមគេហទំព័រតាមដានការហោះហើរ FlightRadar24 ត្រូវបានបំពាក់ដោយម៉ាស៊ីន CFM56 ចំនួនពីរដែលផលិតដោយក្រុមហ៊ុន CFM International ដែលជាសហគ្រាសរួមរវាងក្រុមហ៊ុន GE និង Safran។

FAA បាននិយាយថា ខ្លួននឹងស៊ើបអង្កេតហេតុការណ៍នេះ។ អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Denver បាននិយាយថា អគ្គីភ័យត្រូវបានពន្លត់ហើយ និងប្រតិបត្តិការហោះហើរបានបន្តដំណើរការធម្មតា។

ក្រុមហ៊ុន Boeing បានបដិសេធមិនផ្ដល់មតិយោបល់ ដោយបញ្ជូនសំណួរទៅកាន់ក្រុមហ៊ុន American Airlines និងអ្នកស៊ើបអង្កេត។ ក្រុមហ៊ុន GE មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបញ្ជាក់ទេ។

អគ្គិភ័យនៅលើម៉ាស៊ីននេះ គឺជាហេតុការណ៍ចុងក្រោយបំផុតក្នុងចំណោមឧប្បត្តិហេតុអាកាសចរណ៍ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលបានលើកឡើងសំណួរអំពីសុវត្ថិភាពអាកាសចរណ៍របស់សហរដ្ឋអាមេរិក រួមទាំងការប៉ះទង្គិចនៅលើអាកាសកាលពីថ្ងៃទី២៩ ខែមករា រវាងយន្តហោះតំបន់របស់ក្រុមហ៊ុន American Airlines និងឧទ្ធម្ភាគចក្ររបស់កងទ័ពដែលបណ្ដាលឱ្យមនុស្ស ៦៧ នាក់ ស្លាប់។

កាលពីខែមុន យន្តហោះតំបន់របស់ក្រុមហ៊ុន Delta Air Lines បានត្រឡប់ច្រាស់ខាងក្រោយនៅពេលចុះចតនៅអាកាសយានដ្ឋាន Toronto Pearson របស់ប្រទេសកាណាដា ក្នុងអំឡុងពេលមានខ្យល់ខ្លាំងបន្ទាប់ពីព្យុះព្រិល ដែលធ្វើឱ្យរបួស ១៨ នាក់ក្នុងចំណោមមនុស្ស ៨០ នាក់ដែលនៅលើយន្តហោះ ប៉ុន្តែអ្នកដំណើរ និងសមាជិកក្រុមបុគ្គលិកទាំងអស់បានរួចជីវិតពីហេតុការណ៍នេះ។

លោក Robert Isom នាយកប្រតិបត្តិរបស់ក្រុមហ៊ុន American Airlines និងលោក Ed Bastian នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Delta កាលពីថ្ងៃអង្គារបានលើកឡើងថា គ្រោះថ្នាក់អាកាសចរណ៍ថ្មីៗ និងព្រឹត្តិការណ៍អាកាសធាតុ គឺជាកត្តាចូលរួមចំណែកដែលបង្កឱ្យការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរនៅសហរដ្ឋអាមេរិក ជាមួយនឹងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចដែលកាន់តែកើនឡើង៕
ប្រភព៖ Reuters/fh