អន្តរជាតិ

អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ស្ថិតក្នុងការឃុំខ្លួនតាមដីកាចាប់ខ្លួនរបស់តុលាការអន្តរជាតិ ចំពោះបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រដ្ឋាភិបាលបានឱ្យដឹង

ប្រែសម្រួល៖​​ស-សម្បត្តិ

អតីតប្រធានាធិបតី Rodrigo Duterte ត្រូវបានចាប់ខ្លួននៅថ្ងៃអង្គារនេះ បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីនបាននិយាយថា ពួកគេបានទទួលដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) សម្រាប់ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

អំឡុងពេលកាន់អំណាច Duterte បានដឹកនាំការប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងធំទូលាយនិងសាហាវ ដែលបានសម្លាប់មនុស្សជាង ៦,០០០ នាក់ យោងតាមទិន្នន័យប៉ូលីស ទោះជាយ៉ាងណា អ្នកត្រួតពិនិត្យឯករាជ្យជឿថា ចំនួននៃការសម្លាប់ក្រៅប្រព័ន្ធតុលាការអាចមានចំនួនច្រើនជាងនេះទៅទៀត។

Duterte ដែលមានអាយុ ៧៩ ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងពេលមានភាពច្របូកច្របល់នៅអាកាសយានដ្ឋានសំខាន់ក្នុងរាជធានីម៉ានីល បន្ទាប់ពីវិលត្រឡប់មកហ្វីលីពីនពីហុងកុងនៅថ្ងៃអង្គារ។

ការិយាល័យអន្តរប៉ូលប្រចាំក្រុងម៉ានីលបានទទួល “ច្បាប់ចម្លងផ្លូវការនៃដីកាចាប់ខ្លួនពីតុលាការ ICC” នៅព្រឹកថ្ងៃអង្គារ ស្របតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យទំនាក់ទំនងប្រធានាធិបតី។
“នៅពេលដែលគាត់ (Duterte) មកដល់ ព្រះរាជអាជ្ញាទូទៅបានដាក់សេចក្តីជូនដំណឹងរបស់ ICC សម្រាប់ដីកាចាប់ខ្លួនប្រឆាំងនឹងអតីតប្រធានាធិបតីពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” សេចក្តីថ្លែងការណ៍បានឱ្យដឹង ដោយបន្ថែមថា Duterte ស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរនាពេលបច្ចុប្បន្ន។
Duterte បានចោទសួរអំពីមូលដ្ឋាននៃដីកាចាប់ខ្លួននេះ។

“តើអ្វីជាច្បាប់ និងតើខ្ញុំបានប្រព្រឹត្តបទឧក្រិដ្ឋអ្វី?” គាត់បាននិយាយក្នុងវីដេអូដែលបានផ្សាយតាមអនឡាញដោយកូនស្រីរបស់គាត់ Veronica “Kitty” Duterte។

CNN បានទាក់ទងទៅអន្តរប៉ូល និង ICC ដើម្បីសុំការបញ្ជាក់។

ដែលត្រូវបានអតីតអ្នកអត្ថាធិប្បាយខ្លះហៅថា “Trump នៃអាស៊ី” ដោយសារតែរបៀបដឹកនាំមិនប្រក្រតីនិងការប្រើវោហារសាស្ត្រដ៏ខ្លាំងកា្លរបស់គាត់ Duterte បានឡើងកាន់អំណាចនៅឆ្នាំ ២០១៦ ដោយសន្យាថានឹងធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀននិងអ្នកជួញដូរគ្រឿងញៀននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។

ការបង្ក្រាបដ៏សាហាវដែលកើតឡើងបន្ទាប់ពីនោះ បានសម្លាប់មនុស្សរាប់ពាន់នាក់ ដែលជនរងគ្រោះជាច្រើនគឺជាបុរសវ័យក្មេងមកពីសំណង់ផ្ទះខ្ទមក្រីក្រ ត្រូវបានប៉ូលីសនិងក្រុមមនុស្សកាន់កាំភ្លើងក្រៅច្បាប់បាញ់ ដែលជាផ្នែកមួយនៃយុទ្ធនាការកំណត់គោលដៅលើឈ្មួញគ្រឿងញៀន។

ការបង្ហូរឈាមនេះបានជំរុញឱ្យមានការស៊ើបអង្កេតដោយតុលាការ ICC និងការស៊ើបអង្កេតរបស់រដ្ឋសភាជាច្រើនខែ ក៏ដូចជាការស៊ើបអង្កេតដាច់ដោយឡែករបស់ព្រឹទ្ធសភាដែលដឹកនាំដោយសាច់ញាតិរបស់ប្រធានាធិបតីបច្ចុប្បន្ន។

Duterte បានដកហ្វីលីពីនចេញពីតុលាការ ICC ប៉ុន្តែតាមយន្តការដកខ្លួនរបស់ ICC តុលាការនៅតែរក្សាយុត្តាធិការលើបទឧក្រិដ្ឋដែលបានប្រព្រឹត្តក្នុងអំឡុងពេលសមាជិកភាពរបស់រដ្ឋ – ក្នុងករណីនេះ គឺចន្លោះឆ្នាំ ២០១៦ និង ២០១៩ នៅពេលដែលការដកខ្លួនរបស់ហ្វីលីពីនបានក្លាយជាផ្លូវការ។

ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលរបស់ប្រធានាធិបតី Ferdinand Marcos Jr. ដែលត្រូវបានជ្រើសតាំងក្នុងឆ្នាំ ២០២២ បានបង្ហាញថា Duterte អាចនឹងត្រូវប្រគល់ទៅតុលាការ យោងតាមរបាយការណ៍របស់ Reuters។

“អ្នកអនុវត្តច្បាប់របស់យើងត្រៀមរួចរាល់ក្នុងការអនុវត្តតាមអ្វីដែលច្បាប់ចែង ប្រសិនបើដីកាចាប់ខ្លួនត្រូវការបំពេញដោយសារសំណើពីអន្តរប៉ូល” អនុរដ្ឋលេខាធិការទំនាក់ទំនងប្រធានាធិបតី Claire Castro បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទ យោងតាម Reuters។

ក្នុងព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យនៅហុងកុង Duterte បានប្រឆាំងនឹងតុលាការ ICC ក្នុងពេលមានការលើកឡើងថា ស្ថាប័នសកលនឹងចេញដីកាចាប់ខ្លួនគាត់ទាក់ទងនឹងតួនាទីរបស់គាត់ក្នុងការបង្ក្រាបគ្រឿងញៀន។

“ពីព័ត៌មានរបស់ខ្ញុំផ្ទាល់ ខ្ញុំមានដីកាចាប់ខ្លួន…ពី ICC ឬអ្វីម្យ៉ាង” Duterte បានប្រាប់អ្នកគាំទ្ររបស់គាត់នៅហុងកុង។

“តើខ្ញុំបានធ្វើអ្វីខុស? ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាននៅក្នុងសម័យរបស់ខ្ញុំ ដូច្នេះមានភាពស្ងាត់និងសន្តិភាពបន្តិចបន្តួចសម្រាប់ជីវិតរបស់ជនជាតិហ្វីលីពីន។”

ឆ្លើយតបទៅនឹងរបាយការណ៍ដែលថាអតីតប្រធានាធិបតីត្រូវបានឃុំខ្លួន អតីតអ្នកនាំពាក្យរបស់គាត់ Harry Roque បាននិយាយថា៖ “ដីកាចាប់ខ្លួនគ្មានមូលដ្ឋានទេ ព្រោះវាត្រូវបានចេញក្នុងពេលដែលយើងលែងជាសមាជិករបស់ ICC ហើយ។”

“អ្វីដែលកំពុងកើតឡើងឥឡូវនេះគឺជាការឃុំខ្លួនខុសច្បាប់” Roque បាននិយាយក្នុងការផ្សាយផ្ទាល់តាម Facebook។ “យើងមិនបានឃើញដីកាចាប់ខ្លួនពីប៉ូលីសឬអន្តរប៉ូលទេ។”
ប៉ុន្តែ ក្រុមសិទ្ធិមនុស្សបានស្វាគមន៍ការឃុំខ្លួន Duterte និងស្នើឱ្យហ្វីលីពីនប្រគល់អតីតប្រធានាធិបតីទៅឱ្យតុលាការ ICC។

ការឃុំខ្លួន Duterte “គឺជាជំហានសំខាន់មួយសម្រាប់គណនេយ្យភាពនៅហ្វីលីពីន” Bryony Lau អនុប្រធានផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយ។ “ការចាប់ខ្លួនរបស់គាត់អាចនាំជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេឱ្យកាន់តែខិតជិតយុត្តិធម៌និងផ្ញើសារច្បាស់ថា គ្មាននរណាម្នាក់នៅលើសច្បាប់ទេ។”

  • សង្គ្រាមប្រឆាំងគ្រឿងញៀន

មុនពេលក្លាយជាប្រធានាធិបតី Duterte បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់សង្គ្រាមប្រឆាំងគ្រឿងញៀនដ៏ឃោរឃៅរបស់គាត់ ដែលបានប្រឆាំងប៉ូលីសដែលមានអំណាចជាមួយនឹងអ្នកប្រើប្រាស់គ្រឿងញៀន អ្នកលក់ខ្នាតតូច និងឧកញ៉ាគ្រឿងញៀន។

ក្នុងនាមជាអភិបាលក្រុងដាវ៉ៅ ជាទីក្រុងដែលមានប្រជាជន ១,៥ លាននាក់ នៅលើកោះមីនដាណាវនៅភាគខាងត្បូង Duterte បានកសាងកេរ្តិ៍ឈ្មោះជាតិអស់រយៈពេលជាង ២០ ឆ្នាំ សម្រាប់វិធីសាស្ត្រដ៏មុឺងម៉ាត់របស់គាត់ចំពោះឧក្រិដ្ឋកម្ម។

គាត់បានគាំទ្រវិធីសាស្ត្រតឹងរឹងចំពោះឧក្រិដ្ឋជន និងអះអាងថាបានកាត់បន្ថយអត្រាឧក្រិដ្ឋកម្មហិង្សាដែលធ្លាប់ខ្ពស់របស់ក្រុងដាវ៉ៅយ៉ាងខ្លាំង។ ប៉ុន្តែជាមួយនឹងកេរ្តិ៍ឈ្មោះនេះ មានការចោទប្រកាន់ថាគាត់មានទំនាក់ទំនងជាមួយការសម្លាប់ក្រៅប្រព័ន្ធតុលាការដោយក្រុមជនឃោរឃៅដែលសម្របសម្រួលគ្នាបានល្អ។

ក្នុងសុន្ទរកថាឃោសនាចុងក្រោយរបស់គាត់មុនការបោះឆ្នោតឆ្នាំ ២០១៦ គាត់បានប្រាប់ហ្វូងមនុស្សឱ្យ “ភ្លេចច្បាប់សិទ្ធិមនុស្ស។”

“ប្រសិនបើខ្ញុំទៅដល់វិមានប្រធានាធិបតី ខ្ញុំនឹងធ្វើដូចអ្វីដែលខ្ញុំបានធ្វើក្នុងនាមជាអភិបាលក្រុង។ អ្នកលក់គ្រឿងញៀន ពួកចោរប្លន់ និងពួកមិនធ្វើអ្វី ប្រសើរណាស់ប្រសិនបើអ្នកចេញទៅ។ ព្រោះថាក្នុងនាមជាអភិបាលក្រុង ខ្ញុំនឹងសម្លាប់អ្នក” Duterte បាននិយាយ។

ក្នុងនាមជាប្រធានាធិបតី Duterte បានប្រើរចនាបថវោហារសាស្ត្រដោយគ្មានការត្រងដូចគ្នានឹងអ្វីដែលគាត់បានបង្ហាញក្នុងពេលឃោសនា។ បន្ទាប់ពីឡើងកាន់តំណែងបន្តិច គាត់បានហៅប្រធានាធិបតីអាមេរិក Barack Obama នាពេលនោះថា “កូនម្ហ៉ែគេ” ទោះជាយ៉ាងណា ក្រោយមកបានសុំទោសនិងនិយាយថា គាត់កំពុងសំដៅលើអ្នកសារព័ត៌មានម្នាក់។

ទោះបីជាមានសុខភាពទ្រុឌទ្រោមនិងការគំរាមគំហែងនៃដីកាចាប់ខ្លួនរបស់ ICC ក៏ដោយ Duterte បានចុះឈ្មោះដើម្បីឈរឈ្មោះជាអភិបាលក្រុងនៃទីក្រុងភាគខាងត្បូងរបស់គាត់ក្នុងខែតុលា។ ជំហាននេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការព្យាយាមពង្រឹងរាជវង្សនយោបាយរបស់គាត់ដែលប៉ះពាល់ដោយអាស្រូវ ក្នុងពេលមានការប្រែក្លាយយ៉ាងលំបាករវាងកូនស្រីរបស់គាត់អនុប្រធានាធិបតី Sara Duterte និង Marcos Jr.។

នេះគឺជាដំណឹងដែលកំពុងអភិវឌ្ឍន៍និងនឹងត្រូវធ្វើបច្ចុប្បន្នភាព។ Isaac Yee និងអ្នករាយការណ៍ Jinky Jorgio របស់ CNN បានចូលរួមរាយការណ៍៕

ប្រភព៖ CNN