ព័ត៌មានជាតិ

កិច្ចសហប្រតិបត្តិការការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងមជ្ឈមណ្ឌលសម្របសម្រួលប្រទេសជិតខាងអង្គភាពប្រតិបតិ្តការកងទ័ពជើងគោក

ដោយ : បន្ទាយ

បន្ទាយមានជ័យ :ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ រសៀលថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលជួបសំណេះសំណាលនិងចងសម្ព័ន្ធមេត្រីភាពជាមួយលោកឧត្តមសេនីយ៍ឯក ឌិរេក ប៉ុងកាន ប្រធានមជ្ឈមណ្ឌលសម្របសម្រួលប្រទេសជិតខាង អង្គភាពប្រតិបតិ្តការកងទ័ពជើងគោក ។

ពិធីនោះធ្វើនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ -ខ្លងលឹកខេត្តស្រះកែវ។

មន្ត្រីក្រុមការងារថា : បំណងនៃជំនួបនោះគឺដើម្បីពង្រីក ពង្រឹងទំនាក់ទំនង កិច្ចសហប្រត្តិបត្តិការនៃការចងសម្ព័ន្ធមេត្រីថ្មីរបស់អង្គភាពទាហានកម្ពុជា ថៃទាំងពីរនេះ ។

កន្លងមក ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ មានដៃគូធ្វើការជាមួយគ្នាប្រចាំថ្ងៃគឺការិយាល័យទំនាក់ទំនងព្រំដែនថៃ- កម្ពុជាដែលជាអង្គភាពយោធាមួយចំណុះកងទ័ពជើងគោកនៃកងយោធពលភូមិន្ទថៃ ។ហើយក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គភាពកងកម្លាំងប្រដាប់អាវុធ រាជការស៊ីវិលជាអាជ្ញាធរដែនដីនិងសមត្ថកិច្ចជំនាញនានា ព្រោះថា ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ គឺកម្ពុជាបង្កើតឡើងតែជាមួយសមភាគីថៃប៉ុណ្ណោះ ក្នុងចំណោមប្រទេស៣(ថៃ វៀតណាម ឡាវ)ដែលមានព្រំដែនគោកនិងទឹកជាមួយកម្ពុជា ។

ការិយាល័យបំពេញការងារជាអ្នកសម្របសម្រួលការងារទំនាក់ទំនងប្រៀបបានជាអ្នកការទូតបែបយោធានៅថ្នាក់មូលដ្ឋានដល់ថ្នាក់ភូមិភាគ ៕