ដោយ៖សិរីមតី

ភ្នំពេញ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ នាព្រឹកថ្ងៃទី១១ មីនា ២០២៥ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី(វីតាល់), លោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, ថ្នាក់ដឹកនាំ, វេជ្ជបណ្ឌិត, បុគ្គលិកនៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ វីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានចាប់ផ្តើមកិច្ចសហការជាមួយគ្នាតាំងពីឆ្នាំ ២០១១ មកម៉្លេះ ដោយស្ថាប័នទាំងពីរបានពាំនាំសកម្មភាពវិជ្ជមានជាច្រើន ក្រោមស្មារតីលើកតម្កើងគុណវុឌ្ឍិនៃចលនាបរិច្ចាគដោយស្ម័គ្រចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។
លោកជំទាវបានបន្ថែមទៀតថា៖ កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតនេះមិនត្រឹមតែរឹតបន្តឹងចំណងមេត្រីភាពរវាង ស្ថាប័នទាំងពីរប៉ុណ្ណោះទេ តែពោលគឺបានជះឥទ្ធិពលដល់កំណើនការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនគិតកម្រៃ និងសុវត្ថិភាពដល់សាធារណៈជន និងសង្គមជាតិទាំងមូល។ បន្ថែមពីនេះ លោកជំទាវក៏នៅតែអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជនប្រុសស្រីបន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តតាមដែលអាចធ្វើបាន ព្រោះការបរិច្ចាគឈាមពុំមានផលរំខានទៅដល់សុខភាពឡើយ ពោលគឺជួយអ្នកយើងមានសុខភាពល្អប្រសើរដោយសារការផ្លាស់ប្តូរឈាម អារម្មណ៍ស្រស់ថ្លា កាត់បន្ថយកំហាប់ឈាម និងជាការជួយអាយុជីវិតដែលមិនអាវកាត់ថ្លៃបាន។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រសាសន៍ផងដែរថា ក្នុងនាមប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល និងមន្ត្រីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធីចុះអនុស្សារណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌល ជាតិផ្ដល់ឈាម និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ។
លោកវេជ្ជបណ្ឌិតបានថ្លែងអំណរគុណដល់ លោកជំទាវ ជឹង សុគន្ធាវី និងក្រុមហ៊ុនទឹកពិសាវីតាល់ ដែលបន្តផ្ដួចផ្ដើមបន្តឱ្យមានកិច្ចសហប្រតិបត្តិការនេះ រួមជាមួយចក្ខុវិស័យវែងឆ្ងាយ បំផុសស្មារតីឱ្យសាធារណជន និងអតិថិជនវីតាល់ ចូលរួមក្នុងយុទ្ធនាការផ្ដល់ឈាមយ៉ាងសកម្មនៅគ្រប់កម្មវិធី។ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងមុតមាំមួយនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ផ្ដល់ជាលទ្ធភាពដល់ការប្រមូលឈាមពីសប្បុរសជនស្ម័គ្រចិត្តដោយមិនគិតកម្រៃ ដោយកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបំពេញនូវតម្រូវការឈាមចាំបាច់សម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យនានា។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត សង្ឃឹមថា កំណើនបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសប្បុរសជននឹងបន្តកើនឡើងជាលំដាប់ ក្រោមកិច្ចសហការយ៉ាងស្អិតរមួតរវាងស្ថាប័នទាំងពីរ។
គួរបញ្ជាក់ផងដែរថា ក្រោមមូលនិធិ ២៥៛ វីតាល់តែងតែបន្តចូលរួមឧបត្ថម្ភគាំទ្រទៅដល់កិច្ចការសង្គម និងមនុស្សធម៌តួយ៉ាងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនាថ្ងៃនេះជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ការចូលរួមចំណែកទាំងនេះក៏កើតចេញពីការគាំទ្រឥតឈប់ឈររបស់អតិថិជនវីតាល់ទាំងអស់ក្នុងការជាវទឹកពិសាវីតាល់មួយដបបានចូលរួមបរិច្ចាគ ២៥៛ទៅកាន់មូលនិធិមួយនេះ។ វីតាល់មោទនភាព ផលិតផលជាតិ!
