ដោយ : ភ្នំធំ

សៀមរាប ៖ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងដោយមានការចូលរួមពីលោក អភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា-ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានការងារចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងលោកទៀ សីហា អនុប្រធាន-ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួង និងបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥។ នេះបើតាមមន្ត្រីក្រុមការងារបានឲ្យដឹងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ។
ដោយឡែក នៅខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមក្នុងពិធីបួងសួងសុំសេចក្តីសុខតាមទីសក្ការៈស័ក្តិសិទ្ធិ និងពិធីក្រុងពាលីព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ នោះដែរ ។
សូមជម្រាបថា៖ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥ រៀបចំឡើងមានគោលបំណងលើកកម្ពស់វប្បធម៌ ប្រពៃណី និងការអភិវឌ្ឍទេសចរណ៍វប្បធម៌។ ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់បង្ហាញពីព្រលឹងវប្បធម៌ខ្មែរ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាក្នុងទឹកដីបុរាណបៃតងនៃខេត្តសៀមរាប។
ការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានបង្ហាញឱ្យឃើញពីក្តីស្រឡាញ់វប្បធម៌ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ។ ពិធីបើកការដ្ឋាននេះ មិនត្រឹមតែបង្កើតអារម្មណ៍នៃភាពរីករាយ និងសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើនសក្តានុពលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់ផងដែរ។
ពិធីបួងសួងសុំសេចក្តីសុខតាមទីសក្ការៈស័ក្តិសិទ្ធិ និងពិធីក្រុងពាលីព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ប្រធានបទ ”ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី” នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត៕
