សន្ដិសុខសង្គម

បុរសបន្សាបគ្រឿងញៀនម្នាក់ខណ:បញ្ជូនទៅព្យាបាលជំងឺបានរត់គេចខ្លួន

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ បុរសជាប់បន្សាបគ្រឿងញៀនម្នាក់ខណ:បញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក បានរត់គេចខ្លួនលោតចូលក្នុងស្ទឹងសង្កែ អស់ជាច្រើនម៉ោងទើបចាប់បានមកវិញ។

ហេតុការណ៍នាំឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចមុខមន្ទីរពេទ្យបង្អែកបាត់ដំបង ក្នុងក្រុង និងខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា៖ ក្រោយពីមានបញ្ហាសុខភាព បុរសជនជាប់ចោទត្រូវកម្លាំងជំនាញនាំខ្លួនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ បន្ទាប់ពីព្យាបាលបានជាធូរស្បើយ សមត្ថកិច្ចក៏បានសម្រេចបញ្ជូនតាមរថយន្តទៅកាន់មណ្ឌលវិញ ប៉ុន្តែភ្លាមៗជនជាប់ចោទបានព្យាយាមរត់គេចរហូតដល់មាត់ស្ទឹងសង្កែក៏បានលោតទម្លាក់ខ្លួនចូលក្នុងស្ទឹងទាំងដៃជាប់ខ្នោះ ហើយបានហែលទៅដល់ត្រើយម្ខាងខាងកើតរកកន្លែងពួនសម្ងំលាក់ខ្លួនក្នុងគុម្ពព្រៃ និងក្រោមផ្ទះរបស់ប្រជាពលរដ្ឋ។

ក្រោយពេលសម្ងំលាក់ខ្លួនគេចពីសមត្ថកិច្ចអស់ជាច្រើនម៉ោង ចុងក្រោយបានចល័តចេញពីកន្លែងមួយទៅកន្លែងមួយ ទីបំផុតត្រូវសមត្ថកិច្ចរកឃើញឃាត់ខ្លួនបានត្រឡប់មកវិញ រួចនាំខ្លួនបញ្ជូនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀនជាថ្មីម្តងទៀត។

សមត្ថកិច្ចបានបន្តថា÷ ជនជាប់ចោទខាងលើជាជនជាប់ចោទពាក់ព័ន្ធករណីគ្រឿងញៀន និងបានបញ្ជូនទៅមណ្ឌលដើម្បីបន្សាបគ្រឿងញៀន ក្រោយមកក៏មានបញ្ហាសុខភាព ត្រូវបានសមត្ថកិច្ចមណ្ឌលបន្សាបបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយក៏មានឱកាសរត់គេចតែម្តង៕