សន្ដិសុខសង្គម

ឃាតកម្មនៅខណ្ឌឫស្សីកែវ ប្តីចងកសម្លាប់ខ្លួននៅខេត្តបន្ទាយមានជ័យ

ដោយ៖សុខុម

ភ្នំពេញៈ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជាក់ថា៖ សំណុំរឿងឃាតកម្មប្ដីសម្លាប់ប្រពន្ធយកសពបោះចោលនៅខណ្ឌឫស្សីកែវ កម្លាំងជំនាញស្រាវជ្រាវរកឃើញអតីតប្ដីចងកសម្លាប់ខ្លួនតាមក្រោយនៅខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង០៧៖០៥នាទី មានករណីប្រទះឃើញសាកសពស្រ្តីម្នាក់នៅចំណុចដីឡូតិ៍ទុកចោល ផ្លូវឧកញ៉ាឌីប៉ូ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះ អ៊ុន ស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ។

ក្រោយពីចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឃើញថាបង្កឡើងដោយជនសង្ស័យអតីតជាប្តី មានឈ្មោះ ប៊ុន សេងហាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ។ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវករណីខាងលើ ដោយបានដឹងថាជនសង្ស័យកំពុងរត់គេចខ្លួនទៅកាន់ស្រុកកំណើតនៅឯខេត្តបន្ទាយមានជ័យ។បន្ទាប់មក ជនសង្ស័យខាងលើបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងនៅវេលាម៉ោង៨យប់ថ្ងៃទី១០ ត្រង់ចំណុចភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕