ដោយ៖ គង់ហេង
កំពង់ចាម៖ វត្តត្នោតកែវបូព្រឹក្ស ហៅវត្តត្នោតកើត ឬវត្តត្នោតអូរឡេង ស្ថិតក្នុងភូមិត្នោត(ក)ឃុំព្រែករំដេង ស្រុកស្រីសន្ធរ មានអាយុកាល ១៥១ ឆ្នាំ ដែលបច្ចុប្បន្នមានព្រះវិហារតម្លៃជាង មួយលានដុល្លារអាមេរិក បានមកពីការជួយពុទ្ធបរិស័ទចំណុះជើងវត្តក្នុង និងក្រៅប្រទេស។

នេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ស្វាគមន៍កម្រាស់ ៤ទំព័រ ដែលបានអាន ដោយលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ នៅចំពោះវត្តមានអញ្ជើញចូលរួមដោយឯកឧត្ត ម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ ដើម្បីសម្ពោធសមិទ្ធផលនានា នៃមួយវត្តនេះ នៅព្រឹកថ្ងៃទី ១០ មីនានេះ។
លោកអភិបាលស្រុកស្រីសន្ធរបានបញ្ជាក់ថា៖ វត្តត្នោតកែវបូព្រឹក្ស ជាវត្តមួយខាងផ្នែកគណៈមហានិកាយ និងត្រូវបានទទួលស្គាល់ជាផ្លូវការតាមប្រកាសរបស់ក្រសួងធម្មការនិងសាសនា ស្តីពីការអនុញ្ញាតឱ្យកសាងវត្តត្នោតកែវបូព្រឹក្ស តាមសំណើរបស់ ប្រជាពលរដ្ឋពុទ្ធបរិស័ទឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ វត្តនេះមានផ្ទៃដីទំហំ១៦.៩១២ ម៉ែត្រការ៉េ ព្រំប្រទល់ខាងកើតទល់នឹងព្រែក ខាងត្បូងទល់នឹងភូមិត្នោត(ក) ខាងលិចទល់នឹងភូមិត្នោត (ខ) ខាងជើងទល់នឹងភូមិអូរឡេង មានឈ្មោះជាផ្លូវការ វត្តត្នោតកែវបូព្រឹក្ស ហៅវត្តត្នោតកើត ឬវត្តត្នោតអូរឡេង។ វត្តនេះផ្តើមកសាងដោយព្រះតេជគុណព្រះនាម កុយ សោ បានប្រទានដីកេរដំណែលផ្ទាល់របស់ព្រះអង្គទុកជាគរុភណ្ឌ និងបានចាប់ផ្តើមកសាងក្នុងឆ្នាំ១៨៧៤ រហូតមកដល់ សព្វថ្ងៃនេះមានអាយុកាល១៥១ឆ្នាំហើយ។ មូលហេតុដែលនាំឱ្យកើតជាវត្តនេះឡើង អាស្រ័យដោយពុទ្ធបរិស័ទទាំង៤ភូមិ បានសាមគ្គីគ្នា និងមានឆន្ទៈចង់ទ្រទ្រង់ព្រះពុទ្ធសាសនា ដើម្បីទុកជាសម្បត្តិរដ្ឋសម្រាប់ ជាកន្លែងគោរពសក្ការៈដល់ពុទ្ធបរិស័ទទូទៅ។
លោកអភិបាលស្រុកបានបន្តថា៖ បច្ចុប្បន្នក្រោមការដឹកនាំចៅអធិការនាម អ៊ាង សុខនី,ភិក្ខុនាម កៃ ហេង គ្រូសូត្រស្តាំ និង ពុទ្ធបរិស័ទចំណុះជើងវត្តក្នុង និងក្រៅប្រទេសបានសាងសង់សមិទ្ធផលនានា សម្ពោធនៅថ្ងៃទី ១០ មីនានេះមានៈ ព្រះវិហារថ្មីទទឹង ១៣ម៉ែត្រ១តឹក បណ្តោយ២៥ម៉ែត្រ១តឹក កម្ពស់៣៩ម៉ែត្រ២តឹកកន្លះ ចាប់ផ្តើមកសាងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ទើប រួចរាល់ជាស្ថាពរ ដោយចំណាយទឹកប្រាក់ ១.១១៥.០០០ដុល្លារ។ សរុបរួមសមិទ្ធផលកសាងពីឆ្នាំ ២០១៦ដល់បច្ចុប្បន្ន អស់ទឹកប្រាក់ចំនួន ១.៣០៧.៤០០ដុល្លារ៕
