សន្ដិសុខសង្គម

ឆេះផ្ទះអាជីវករក្រុងកំពង់ចាមអស់១៧ល្វែងសរុបការខូចខាតទំនិញនិងរបស់របរអស់ជិត២លានដុល្លារ

ដោយ៖ គង់ហេង
កំពង់ចាម៖ អគ្គិភ័យដែលផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី នៅក្រោយពីមានភ្លៀងមួយមេបានបំផ្លាញអស់ផ្ទះចំនួន ១៧ល្វែង របស់អាជីវករលក់ដូរ ដោយបូកសរុបការខូចខាត ទំនិញ និងរបស់របរអស់ជិត ពីរលានដុល្លារអាមេរិក។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅភូមិទី៨ សង្កាត់ ក្រុងកំពង់ចាម នៅម៉ោងប្រមាណជាង១១ យប់ថ្ងៃទី ៧ មីនា។

ដោយបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់កាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមជាមួយសហការី នៅព្រឹកថ្ងៃ ទី៨ ខែមីនា នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនអាជីវកររងគ្រោះលក់អាគុយ ម៉ូតូ កង់ ទាំង ១៧គ្រូសារ។


បើតាមការបញ្ជាក់របស់លោក ផ្លោក សុវណ្ណ ជាចៅសង្កាត់កំពង់ចាមថា៖ ផ្ទះអាជីវករទាំង ១៧ ល្វែង ដែលបានឆាបឆេះ ក្រោមកិច្ចអន្តរាគមន៍ពន្លត់ទប់ស្កាត់របស់ស្នងការនគរបាលខេត្ត មិនឱ្យឆេះរាលដាល បន្តទៀតនោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យប្រហែល ១០ គ្រឿង រហូតដល់ម៉ោង ៤ ទៀបភ្លឺទើបគ្រប់គ្រងសភាពការណ៍បាន។ ដោយក្នុងនោះ សរុបតួលេខបឋម ទំនិញ និងរបស់របរ ខូចខាត នៃផ្ទះ ១៧ល្វែង ដែលមួយល្វែងមានចាប់ពីប្រមាណ ៣ម៉ឺន ដុល្លារ ដល់ប្រមាណជាង ៦០ម៉ឺន ដុល្លារ៕