ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ពលរដ្ឋរស់នៅតាមភូមិ សង្កាត់ផ្នែកតំបន់ក្នុងក្រុងសិរីសោភ័ណបានត្អូញត្អែរ ថ្នាំងថ្នាំងនិងសំណូមពរយូរហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចបានយកចិត្តទុកដាក់ ហើយទើបឆ្លើយតប។ក្នុងនោះបានអះអាងថា នឹងជំរុញឲ្យក្រុមហ៊ុនទទួលខុសត្រូវនិងពន្លឿនជួសជុលនិងសាងសង់ផ្លូវថ្នល់ឡើងវិញឲ្យបានមុនបុណ្យចូលឆ្នាំខ្មែរឆ្នាំម្សាញ់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២៥ ខាងមុខ។
សូមបញ្ជាក់ថា អ្នកទទួលសិទ្ធិស្ថាបនាសំណង់ហេដ្ឋារចនាសម្ព័ន្បណ្តាញទឹកកខ្វក់និង បណ្តាញរំដោះទឹកភ្លៀងនៅក្រុងសិរីសោភ័ណដែលជាផ្នែក១នៃគម្រោងគ្រប់គ្រងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) របស់ក្រសួងសាធារណការនិងដឹកជញ្ជូនគឺក្រុមហ៊ុនសំណង់ទីក្រុងប៉េកាំងហ្គ្រុប(Beijing Urban Contruction Group:BUCG) ។
ឯក្រុមហ៊ុន RAMBOLI ,OC GLOBAL ,SCE ,TANCONS ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ។
រយ:ពេលអនុវត្គម្រោងនេះគិតពីខែកញ្ញាឆ្នាំ២០២២ដល់ខែកញ្ញាឆ្នាំ២០២៤ គឺប្រើប្រាស់ឥណទានធនាគារអភិវឌ្ឍន៍អាស៊ីចំនួន២២លានដុល្លារ ។
ចំណែកទទួលសិទ្ធិវិនិយោគលើបណ្តាញទឹកស្អាតនៅក្រុងសិរីសោភ័ណគឺរោងចក្រផលិតទឹកស្អាតខេត្តបន្ទាយមានជ័យ របស់ក្រុមហ៊ុនលាង ឃុន.។ក្រុមហ៊ុននេះ បានប្រតិបត្តិការក្នុងនាមជាសេវាករ ផលិតទឹកស្អាត(Water Supply) តាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ ហើយជាបន្តបន្ទាប់បានធ្វើការអភិវឌ្ឍ កែលម្អ ពង្រីកបណ្តាញផលិតកម្មនិងការផ្គត់ផ្គង់របស់ខ្លួនជាបន្តបន្ទាប់។
សូមរំលឹកថា កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោកឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីមន្ទីរសាធារណករានិងដឹកជញ្ជូនមន្ត្រីសាលាក្រុងសិរីសោភ័ណ បានចុះពិនិត្យនូវការស្ថាបនាផ្លូវឡើងវិញខ្លះៗរបស់ក្រុមហ៊ុនដូចខាងលើ។
លោកឃ្លោក នួយ អភិបាលរងខេត្តបានមានប្រសាសន៍ថា ដេីម្បីឲ្យទីប្រជុំជន ពិសេសក្រុងសិរីសោភ័ណ មានសោភ័ណភាពស្រស់ស្អាតបរិស្ថានល្អ គឺតម្រូវឲ្យយើងទាំងអស់គ្នា ចូលរួមធ្វើយ៉ាងណាឱ្យទីក្រុងស្អាតមានអនាម័យ បរិស្ថានល្អ មានសុខុមាលភាពកាន់តែល្អប្រសើរ។
ដូច្នេះ ក្នុងនាមជារដ្ឋបាលខេត្តបន្ទាយមានជ័យ លោកសុំជំរុញឲ្យក្រុមហ៊ុនខាងលើ(ក្រុមហ៊ុនសំណង់ទីក្រុងប៉េកាំងហ្គ្រុប(Beijing Urban Contruction Group:BUCG) ដែលរៀបចំបណ្ដាញលូទឹកកខ្វក់ បណ្តាញលូរំដោះទឹកភ្លៀង និងក្រុមហ៊ុនទឹកស្អាត (ក្រុមហ៊ុនលាង ឃុន) កំពុងរៀបចំបណ្ដាញទឹកថ្មីត្រូវខិតខំបង្កើនល្បឿនជួសជុលនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ពិសេសផ្លូវថ្នល់ក្នុងតំបន់ប្រជុំជនក្រុងឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរថ្ងៃទី១៤ខែមេសាឆ្នាំ២០២៥ ខាងមុខនេះ។
ទោះជាយ៉ាងណា ខាងក្រុមហ៊ុនដូចខាងលើ ឆ្លើយតបថា ខ្លួននឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព ប៉ុន្តែប្រហែលមិនអាចអាចអនុវត្តបាននោះទេ។ជាក់ស្តែង ល្បឿននៃការអនុវត្តនោះគឺយឺតយ៉ាវយ៉ាវ។ហេតុនេះ ការវាយតម្លៃទំហំការងារដែលនៅសល់ ឃើញថាមិនអាចអនុវត្តបាននោះឡើយ។
ករណីនេះ ពលរដ្ឋនិងសាធារណជន ក៏ដូចអ្នកតាមដានយល់ឃើញថា អ្វីដែលអភិបាល អភិបាលរងខេត្តបន្ទាយមានជ័យលើកឡើងដដែលៗច្រើនលើកសាមកហើយនោះគ្រាន់តែជាការនិយាយសម្រន់ចំពោះអារម្មណ៍ខឹងសម្បា ថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងប៉ុណ្ណោះ ៕
