ដោយ : បន្ទាយ

ឧត្តរមានជ័យ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងទាំងរំជួលចិត្ត ព្រោះតែក្តីនឹករលឹក និងអាណិតស្រលាញ់ ពិសេសចំពោះការលះបង់ដ៏ធំធេងរបស់កម្លាំងការពារជាតិមាតុភូមិ។
កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ កម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ ពិធីនេះរៀបចំធ្វើឡើងនៅទីបញ្ជាការវរសេនាតូចលេខ ៤១១ នៃកងពលតូចថ្មើរជើងលេខ៤១ស្ថិតនៅភូមិឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្តថា : «ថ្ងៃនេះខ្ញុំពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយដែលបានជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងឈរជើងការពារព្រំដែនទាំង៤០ កងឯកភាពនៅទីបញ្ជាការ វរសេនាតូចលេខ ៤១១ នៃកងពលតូចថ្មើរជើងលេខ៤១ ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌ នៅក្នុងទឹកដីនៃខេត្តឧត្តរមានជ័យ ថ្ងៃទី៥ និង៦ ខែមីនា ឆ្នាំ២០២៥នេះ»។
គួរបញ្ជាក់ថា ការចុះសំណេះសំណាលជាមួយកម្លាំងនេះ បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ២,២៥០គ្រួសារ នៅខេត្ដឧត្ដរមានជ័យ កាលពីព្រឹកនៃថ្ងៃដដែល៕
