ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ នាពេលកន្លងមកថ្មីៗនេះ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបើកប្រតិបត្តិការត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម លើអ្នកបើកបររថយន្តធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ៥ ភូមិព្រែកល្ពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

នេះជាការអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលបានឲ្យដឹងកាលពីថ្ងៃទី០៤ខែមីនា ឆ្នាំ២០២៥ ថា : ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់រថយន្តធុនធំចំនួន៤៩គ្រឿង អ្នកបើកបរចំនួន៤៩នាក់ យកមកត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម លទ្ធផលបានបង្ហាញអវិជ្ជមាន គ្មានសារធាតុញៀន។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា បានឲ្យដឹងថា : គោលបំណងនៃការចុះត្រួតពិនិត្យ និងធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំ គឺនគរបាលយើងធ្វើឡើងដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ និងជាការបង្ការទប់ស្កាត់អ្នកបើកបរក្រោមឥទ្ធិពលសារធាតុញៀន គឺសំដៅធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតទាបបំផុតតាមដែលអាចធ្វើបាន៕
