ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ការឆបោកតាមប្រព័ន្ធទូរសព្ទនិងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត(អនឡាញ) ដែលជនល្មើសបង្កក៏ជនជាតិចិន និងជនរងគ្រោះក៏ជាជនជាតិចិននោះ ពីមុនមកនិងបច្ចុប្បន្នបានជំរុញឲ្យក្រសួងសន្តិសុខសាធារណ:នៃសាធារណរដ្ឋប្រជាមានិតចិននិងក្រសួង ស្ថាប័ននៃអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធកម្ពុជាប្ដេជ្ញាសហប្រតិបត្តិការទប់ស្កាត់ បង្ក្រាបបទល្មើសឲ្យបានលទ្ធផលល្អឡើងវិញ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។នេះបើតាមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃទី០៤ខែមីនាឆ្នាំ២០២៥ ។
សូមរំលឹកថា កាលពីចុងសប្តាហ៍មុននាខែមីនាឆ្នាំ២០២៥នេះ នៅសាលប្រជុំ ខ សាលាខេត្ត រដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យនិងសហការីបានទទួលជួបពិភាក្សារការងារសន្តិសុខស៊ីជម្រៅនៃបទល្មើសឆបោកតាមប្រព័ន្ធទូរគមននាគមន៍និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត(អនឡាញ) ជាមួយប្រតិភូក្រសួងសន្តិសុខសាធារណ:នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកលៀវ ចុងយី ( Liu Zhongyi ) ឧបការីរដ្ឋមន្ត្រី លោកលោកលូ ស៊ានឌី (Lou Xiandi) អគ្គនាយកប្រឆាំងបទល្មើសតាមប្រព័ន្ធទូរគមនាគមន៍និងអ៊ិនធឺណែតនៃក្រសួងនេះព្រមទាំងសេនានុព័ន្ធស្ថានទូតចិនប្រចាំកម្ពជា ។
ប្រតិភូនេះ បន្តដំណើរទៅបំពេញការងារនៅវាលនិងខាងក្នុងនៃក្រុងប៉ោយប៉ែត រួមទាំងនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត – ខ្លងលឹក ក៏ដូចជាគោលដៅសំខាន់ៗមួយចំនួន។
លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា : សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមទាំងផ្ទៃក្នុងខេត្តនិងតាមតំបន់ព្រំដែនជាទូទៅនៅខេត្តបន្ទាយមានជ័យមានលក្ខណៈល្អប្រសើរ ។ជាព្រំដែនសន្តិភាព មានអំណោយផលល្អសម្រាប់ជីវភាពពលរដ្ឋនិសេដ្ឋកិច្ច សង្គមកិច្ច ។
កន្លងមក ក៏ដូចបច្ចុប្បន្ន រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏មានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អជាមួយរដ្ឋបាលខេត្តស្រះកែវក៏ដូចកងកម្លាំង សមត្ថកិច្ចនៃប្រទេសថៃតាមរយៈការជួបប្រជុំប្រចាំឆ្នាំ ប្រចាំខែ ឬការងារបន្ទាន់ភ្លាមៗរវាងរដ្ឋបាល និងកងកម្លាំងឈរជើងការពារនៅតាមព្រំដែន ដើម្បីពង្រឹងកិច្ចសហការល្អជាមួយគ្នា ក្នុងការទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗបានយ៉ាងល្អប្រសើរ។
កត្តាសន្តិសុខនេះ បច្ចុប្បន្នមានជនបរទេសកំពុងស្នាក់នៅ និងប្រកបមុខរបរធុរកិច្ចផ្សេងៗដូចជាបើកក្រុមហ៊ុន រោងចក្រ សណ្ឋាគារ កាស៊ីណូ លក់ទំនិញ សេវាកម្ម។
នៅក្នុងខេត្ត ពិសេសនៅក្រុងប៉ោយប៉ែតមានជនបរទេសចំនួន១៦,១៥២នាក់ / ស្រី ៤,០៨៦នាក់ ដោយស្នាក់នៅតាមរយៈការចុះឈ្មោះក្នុងប្រព័ន្ធ FPCS មាន ៧សញ្ជាតិ ។ ក្រៅពីនេះមានភ្ញៀវនិងពលរដ្ឋចិនស្នាក់នៅក្នុងខេត្តប្រមាណ១,២៤៧នាក់។
ចំពោះច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹករវាងកម្ពុជា ថៃ មានអ្នកដំណើរ ភ្ញៀវនិងអ្នកពាក់ព័ន្ធប្រមាណ២ម៉ឺននាក់ចេញ-ចូលក្នុង១ថ្ងៃៗជាដើម។
លោកលាវ ចុងយី ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា: បំណងនៃទស្សនកិច្ចនិងកិច្ចពិភាក្សាគឺផ្តោតបញ្ហាសន្តិសុខទាក់ទិននឹងជនជាតិតិចិនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធទូរសព្ទនិងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត(អនឡាញ)ដែលបានបង្កឡើងដោយជនជាតិចិននិងជនរងគ្រោះច្រើនជាងគេក៏ជនជាតិចិន ហើយបាននិងកំពុងក្តៅគគុក។
លោកបន្តថា: មានប្រទេស៧-៨ ដែលមានករណីជនជាតិចិនបានទៅប្រព្រឹត្ត ក្នុងបទល្មើសខាងលើកន្លងមក ដែលបង្កផលប៉ះពាល់ដល់ជនជាតិចិន២០ម៉ឺនឬ២សែននាក់ ។ហើយវាបង្កបាត់បង់ផលប្រយោជន៍និងលុយកាក់ប្រមាណ១.០០០លានដុល្លា។
ក្នុងនោះ កិច្ចសហប្រតិបត្តិការដ៏កក់ក្តៅរវាងក្រសួងសន្តិសុខសាធារណ: រដ្ឋាភិបាលចិនជាមួយរដ្ឋាភិបាលថៃ រដ្ឋាភិបាលយោធាភូមា ជាមួយភាគីឲ្យកងកម្លាំងផ្សេងនៅប្រទេសភូមានិងឱប្រទេសផ្សេងទៀត បានទទួលលទ្ធផលគួរជាទីមោទន: ។
ចំពោះរដ្ឋាភិបាលថៃ បានប្តេជ្ញាចិត្តយ៉ាងខ្ពស់ ហើយបានបង្ក្រាបបទល្មើសនេះ ក្នុងនោះ ខែកុម្ភៈ អាជ្ញាធរមានសមត្ថកិច្ចថៃបានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណែតលួចលាក់ដែលភ្ជាប់ពីស្រុកអារញ្ញាប្រទេសថៃមកក្រុងប៉ោយប៉ែតប្រទេសកម្ពុជា ។
លោកបានរំលឹកថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាមួយរយ:មកនេះ ប្រតិភូលោកបានចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាំទ្រនិងប្តេជ្ញាសហប្រតិបត្តិការលើការទប់ស្កាត់ ពិសេសបង្ក្រាបជនល្មើសក្នុងបទឆបោកតាមប្រព័ន្ធទូរសព្ទនិងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត(អនឡាញ)របស់ជនជាតិចិននៅកម្ពុជានេះ។
ក្នុងនោះ សម្តេចធិបតីសន្យាថា នឹងបង្កើតគណ:កម្មការចំពោះកិច្ចបន្ទាន់មួយដើម្បីអនុវត្តខ្លឹមសារស្មារតីនេះឲ្យមានប្រសិទ្ធភាព ព្រោះថា បទល្មើសនេះបានបំផ្លាញកិត្តិយសនិងប្រយោជន៍ប្រទេសនិងប្រជាជនកម្ពុជាផងដែរ ។
ហេតុនេះ លោកស្នើសុំរដ្ឋបាលនិងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យផ្តល់កិច្ចសហប្រតិបត្តិ ព្រោះករណីនេះ បានកើតឡើងយ៉ាងធំនិងច្រើននៅក្រុងប៉ោយប៉ែតខេត្តនេះ ។
ចំពោះមុខ យើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា.ចិន ឱ្យកាន់តែល្អប្រសើរ ពិសេសការប្រយុទ្ធប្រឆាំងបទល្មើសនេះ យើងរួមគ្នាត្រូវធ្វើការក្ដាប់ឲ្យបានមុខសញ្ញាទីតាំងឆបោក និងការចាប់ជំរិត។
បន្ថែមលើនោះ លោកអ៊ុំ រាត្រី បានឆ្លើយតប ក៏ដូចជាទទួលសំណូមពរពីគណៈប្រតិភូក្រសួងសន្តិសុខសាធារណ:ចិន ចំពោះការប្រយុទ្ធប្រឆាំងបទល្មើសផ្សេងៗ ពិសេសបទល្មើសដូចខាងលើ។
ក្នុងភាគីមិត្តត្រូវទំនាក់ទំនងនិងផ្តល់តម្រុយព័ត៌មានពីបទល្មើស និងមុខសញ្ញាជនល្មើស ពិសេសតំបន់ក្រុងប៉ោយប៉ែតនេះ ។ក្នុងនោះ ប្រតិភូចិនត្រូវសហប្រតិបត្តិការនិងធ្វើការជាមួយសមត្ថកិច្ចថ្នាក់លើ កម្ពុជាដូចខាងលើ។ចំណែកថ្នាក់ខេត្ត រង់ចាំតែចូលរួមសហប្រតិបត្តិការអនុវត្តប៉ុណ្ណោះ ។
សូមរំលឹកថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើការចុះត្រួតពិនិត្យនិងឃាត់ខ្លួនជនបរទេសចំនួន២៣០នាក់/ស្រី៦៨នាក់ នៅលើទីតាំង២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ក្នុងនោះ មានជនជាតិថៃចំនួន១២៣នាក់/ ស្រី ៥៩នាក់។ជនបរទេសទាំងនោះបានសម្ងំលាក់ខ្លួននិងលួចលាក់ធ្វើប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត(អនឡាញ)ដោយមានជនជាតិចិនជាមេខ្លោង៕
