អន្តរជាតិ

អាមេរិកផ្អាកជំនួយយោធាដល់អ៊ុយក្រែន រាយការណ៍ដោយសេតវិមាន

ប្រែសម្រួល៖ ស-សម្បត្តិ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកំពុងផ្អាកជំនួយយោធាដល់អ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប៉ះទង្គិចជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី នៅក្នុងការិយាល័យពងក្រពើដែលមន្ត្រីសេតវិមានម្នាក់បានបញ្ជាក់កាលពីថ្ងៃចន្ទ (ថ្ងៃទី៣ ខែមីនា)។

មន្ត្រីរូបនោះបានថ្លែងថា សហរដ្ឋអាមេរិកកំពុងផ្អាកនិងពិនិត្យមើលជំនួយ ដើម្បីធានាថាវាកំពុងរួមចំណែកដល់ដំណោះស្រាយមួយ។

«ប្រធានាធិបតីបានបញ្ជាក់ច្បាស់ថា លោកផ្តោតលើសន្តិភាព។ យើងត្រូវការដៃគូរបស់យើងឱ្យប្តេជ្ញាចិត្តចំពោះគោលដៅនោះផងដែរ» នេះបើតាមការលើកឡើងរបស់មន្ត្រីរូបនោះ ដែលនិយាយដោយមានលក្ខខណ្ឌអនាមិកភាព។

ការិយាល័យរបស់លោក ហ្សេឡេនស្គី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់រ៉យទ័រ សុំការបញ្ជាក់ក្រៅម៉ោងការិយាល័យទេ។

ការសម្រេចនេះកើតឡើងបន្ទាប់ពីលោក ត្រាំ បានប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន និងរុស្ស៊ី នៅពេលចូលកាន់តំណែងក្នុងខែមករា ដោយទទួលយកជំហរទន់ភ្លន់ជាងមុនចំពោះទីក្រុងម៉ូស្គូ ហើយបន្ទាប់ពីមានការប៉ះទង្គិចដ៏តានតឹងជាមួយលោក ហ្សេឡេនស្គី នៅសេតវិមានកាលពីថ្ងៃសុក្រ ដែលលោក ត្រាំ បានរិះគន់ថាគាត់មិនបានដឹងគុណគ្រប់គ្រាន់ចំពោះការគាំទ្ររបស់វ៉ាស៊ីនតោនក្នុងសង្គ្រាមជាមួយរុស្ស៊ី។

ការផ្អាកនេះនឹងបន្តរហូតដល់លោក ត្រាំ កំណត់ថាថ្នាក់ដឹកនាំរបស់ប្រទេសនោះបង្ហាញពីការប្តេជ្ញាចិត្តដោយស្មោះត្រង់ចំពោះសន្តិភាព នេះបើតាមរបាយការណ៍របស់ Bloomberg និង Fox News។

«នេះមិនមែនជាការបញ្ឈប់ជំនួយជាអចិន្ត្រៃយ៍ទេ វាគ្រាន់តែជាការផ្អាកមួយ” នេះបើតាមការលើកឡើងរបស់មន្ត្រីរដ្ឋបាលរបស់លោក ត្រាំ ម្នាក់ដែល Fox News បានដកស្រង់សម្តី។

Bloomberg រាយការណ៍ថា គ្រឿងបរិក្ខារយោធាអាមេរិកទាំងអស់ដែលមិនមាននៅក្នុងអ៊ុយក្រែននាពេលបច្ចុប្បន្ននឹងត្រូវផ្អាក រួមទាំងអាវុធដែលកំពុងដឹកជញ្ជូនតាមយន្តហោះនិងនាវា ឬកំពុងរង់ចាំនៅតំបន់ឆ្លងកាត់ក្នុងប្រទេសប៉ូឡូញ។

របាយការណ៍បានបន្ថែមថា លោក ត្រាំ បានបញ្ជាឱ្យរដ្ឋមន្ត្រីការពារជាតិ ភីត ហេកសិត អនុវត្តការផ្អាកនេះ។

របាយការណ៍នេះបានចេញមកប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា លោកមិនបានពិភាក្សាអំពីការផ្អាកជំនួយយោធាទៅអ៊ុយក្រែនទេ ប៉ុន្តែបានបន្ថែមថា លោក ហ្សេឡេនស្គី “គួរតែដឹងគុណជាងនេះ” ចំពោះការគាំទ្ររបស់វ៉ាស៊ីនតោន។

ស្ទើរតែបីឆ្នាំក្រោយការចាប់ផ្តើមសង្គ្រាម វ៉ាស៊ីនតោនបានប្តេជ្ញាផ្តល់ជំនួយរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។

កាលពីថ្ងៃចន្ទ លោក ត្រាំ បានថ្លែងម្តងទៀតថា លោក ហ្សេឡេនស្គី គួរតែដឹងគុណជាងនេះចំពោះការគាំទ្ររបស់អាមេរិក បន្ទាប់ពីមានប្រតិកម្មខឹងសម្បាចំពោះរបាយការណ៍របស់ Associated Press ដែលបានដកស្រង់សម្តីលោក ហ្សេឡេនស្គី ថាការបញ្ចប់សង្គ្រាមគឺ “នៅឆ្ងាយណាស់ៗ”។

«នេះគឺជាសេចក្តីថ្លែងការណ៍ដ៏អាក្រក់បំផុតដែលអាចត្រូវបានធ្វើឡើងដោយលោក ហ្សេឡេនស្គី ហើយអាមេរិកនឹងមិនទ្រាំវាយូរទៀតទេ!» លោក ត្រាំ បានសរសេរនៅលើ Truth Social។

ប៉ុន្តែលោក ត្រាំ ក៏បានបង្ហាញនៅថ្ងៃចន្ទថា កិច្ចព្រមព្រៀងមួយដើម្បីបើកទូលាយធនធានរ៉ែរបស់អ៊ុយក្រែនសម្រាប់ការវិនិយោគរបស់សហរដ្ឋអាមេរិក នៅតែអាចត្រូវបានព្រមព្រៀងគ្នា ទោះបីជាមានការខកចិត្តរបស់លោកចំពោះទីក្រុងគីវ ខណៈដែលមេដឹកនាំអឺរ៉ុបបានលើកឡើងនូវសំណើសម្រាប់ការផ្អាកសង្គ្រាមរវាងរុស្ស៊ីនិងប្រទេសជិតខាងរបស់ខ្លួន។

រដ្ឋបាលរបស់លោក ត្រាំ មើលឃើញកិច្ចព្រមព្រៀងធនធានរ៉ែថាជាវិធីរបស់អាមេរិកក្នុងការទទួលបានមកវិញនូវប្រាក់រាប់ពាន់លានដុល្លារ ដែលខ្លួនបានផ្តល់ឱ្យអ៊ុយក្រែនជាជំនួយហិរញ្ញវត្ថុនិងយោធា ចាប់តាំងពីរុស្ស៊ីបានវាយលុកកាលពីបីឆ្នាំមុន។

នៅពេលត្រូវបានសួរកាលពីថ្ងៃចន្ទ ថាតើកិច្ចព្រមព្រៀងនោះត្រូវបានបោះបង់ចោលហើយឬនៅ លោក ត្រាំ បាននិយាយនៅសេតវិមានថា៖ «ទេ ខ្ញុំមិនគិតទេ។»

លោក ត្រាំ បានពិពណ៌នាវាថាជា «កិច្ចព្រមព្រៀងដ៏អស្ចារ្យសម្រាប់យើង» ហើយលោកនឹងផ្តល់ព័ត៌មានថ្មីៗអំពីស្ថានការណ៍នេះនៅយប់ថ្ងៃអង្គារ នៅពេលលោកថ្លែងសុន្ទរកថាចំពោះសម័យប្រជុំរួមគ្នានៃសភា៕

ប្រភព៖ រ៉យទ័រ/fh/rj