ព័ត៌មានជាតិ

ខេត្តនឹងធ្វើការកែលម្អសៀវភៅណែនាំលើការផ្តល់ជ័យលាភីនៃអនុវត្តគោលនយោបាយ«ភូមិឃុំសង្កាត់មានសុវត្ថិភាព»

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តនឹងធ្វើការប្រមូលធាតុចូល ដើម្បីកែលម្អសៀវភៅណែនាំស្តីពី ការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងសេវាសង្គម។ បើទោះជាកាលពីឆ្នាំ ២០២៤ កន្លងទៅ ខេត្តមួយនេះមានឃុំចំនួន ១៥ឃុំ ទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំងក៏ដោយ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ ឆ្នាំ២០២៥,កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្ត នៃការអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៤ មីនានេះ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ នៅក្នុងឆ្នាំ២០២៥នេះ ឯកឧត្តមបានអនុញ្ញាតឱ្យលេខាធិការដ្ឋានវាយតម្លៃ និងដាក់ពិន្ទុទៅលើការ អនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងសេវាសង្គម ក្នុងខេត្តកំពង់ចាម ចុះ ប្រមូលធាតុចូល ដើម្បីធ្វើការកំណែលម្អសៀវភៅណែនាំស្តីពី ការផ្តល់ជ័យលាភីនៃការអនុវត្តគោល នយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៥ ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀតក្នុងការវាយតម្លៃ និងដាក់ពិន្ទុ ប្រកបដោយសុក្រឹត្យភាព សុចរិតភាព និងយុត្តិធម៌ និងផ្តល់លទ្ធផលស្របតាមគោលបំណងនៃការដាក់ឱ្យអនុវត្តចលនាប្រឡង ប្រណាំងនេះ។

ឯកឧត្តមបានបន្តថា៖ ជាពិសេសឯកឧត្តមថា ការអនុវត្តចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” និងសេវាសង្គម ក្នុងឆ្នាំទី២នេះ នឹងមានភាពល្អប្រសើរទាំង ក្របខ័ណ្ឌពេលវេលា និងលិខិតបទដ្ឋានគតិយុត្ត។ ហេតុនេះរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ដែលចូលរួម ក្នុងចលនាប្រឡងប្រណាំងនឹងខិតខំអនុវត្តការងារតាមសូចនាករទាំង១៩ ដែលបានដាក់ចេញឱ្យប្រឡងប្រណាំងការងារបម្រើសេវាជូនប្រជាពលរដ្ឋនៅនឹងមូលដ្ឋាន និងលើកមុខមាត់ឃុំ-សង្កាត់ របស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត៕