ប្រែសម្រួល៖ស-សម្បត្តិ
ក្រុមហ៊ុន SpaceX បានពន្យារពេលការធ្វើតេស្តលើកទី៨ នៃយាន Starship ដ៏ធំនៅថ្ងៃចន្ទ បន្ទាប់ពីមានការផ្អាកការហោះហើរដោយសារបញ្ហាក្នុងរ៉ុក្កែតជំរុញ Super Heavy ដែលមិនអាចដោះស្រាយទាន់ពេលសម្រាប់ការបាញ់បង្ហោះ។

យានអវកាសនេះត្រូវបានគ្រោងបាញ់បង្ហោះពីមូលដ្ឋាន Starbase របស់ក្រុមហ៊ុន SpaceX នៅជិតឆ្នេរ Boca Chica រដ្ឋតិចសាស ប៉ុន្តែកុំព្យូទ័របានរកឃើញបញ្ហានៅក្នុងរ៉ុក្កែតជំរុញនៅពេលនៅសល់តែ២៣នាទីទៀតប៉ុណ្ណោះមុនពេលរាប់ថយក្រោយចប់។
ការផ្អាកការហោះហើរត្រូវបានដាក់ចេញ មានន័យថាប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយនៅពេល T-40 វិនាទីទេ ការរាប់ថយក្រោយនឹងត្រូវផ្អាកដើម្បីផ្តល់ពេលវេលាបន្ថែមសម្រាប់បញ្ចប់ការដោះស្រាយបញ្ហា និងឆ្លងកាត់ការត្រួតពិនិត្យចុងក្រោយមុនពេលបាញ់បង្ហោះ។
ការរាប់ថយក្រោយបានផ្អាកមួយរយៈនៅពេល T-40 ហើយចាប់ផ្តើមរាប់ថយក្រោយអស់ប្រហែល១០វិនាទីមុនពេលមានការផ្អាកមួយទៀត ហើយម៉ោងបានត្រឡប់ទៅ៤១វិនាទីវិញ។
បន្ទាប់ពីរង់ចាំពីរបីនាទី ក្រុមការងារបានសម្រេចចិត្តបោះបង់ការបាញ់បង្ហោះ និងព្យាយាមម្តងទៀតនៅថ្ងៃក្រោយ។ ក្រុមហ៊ុន SpaceX មិនបានប្រកាសពីពេលវេលាដែលពួកគេនឹងព្យាយាមម្តងទៀតទេ ប៉ុន្តែបានអះអាងថានឹងមាននៅពេលឆាប់ៗនេះ។
“កំពុងផ្អាកការព្យាយាមធ្វើតេស្តការហោះហើរនៅថ្ងៃនេះ។ ក្រុមការងារ Starship កំពុងកំណត់ឱកាសល្អបំផុតបន្ទាប់ដើម្បីហោះហើរ” SpaceX បានប្រកាសនៅលើបណ្តាញ X។
ការធ្វើតេស្តយាន Starship បានបង្ហាញថាមានបញ្ហាសម្រាប់ក្រុមហ៊ុនអវកាសនេះ។ ការធ្វើតេស្តលើកទី៧ បានឃើញការបំផ្លាញយាន Starship ចម្បងដោយសារការផ្ទុះនៅលើអាកាស ប៉ុន្តែដៃយន្តមេកានិចដែលហៅថា “chopsticks” បានចាប់រ៉ុក្កែតជំរុញបានជោគជ័យជាលើកទីពីរដែលវាបានត្រឡប់មកផែនដីវិញ។
ការធ្វើតេស្តនៅថ្ងៃចន្ទនេះត្រូវបានគ្រោងថានឹងឃើញរ៉ុក្កែតនេះបោះពួយឆ្លងកាត់ឈូងសមុទ្រអាមេរិក និងហាត់សមបញ្ចេញផ្កាយរណបក្លែងក្លាយមុនពេលធ្លាក់ចុះមកផែនដីវិញ និងចុះចតនៅមហាសមុទ្រឥណ្ឌា។
ដូចការធ្វើតេស្តលើកទី៧ដែរ ការធ្វើតេស្តនេះក៏ត្រូវបានគ្រោងថានឹងដោះលែងរ៉ុក្កែតជំរុញដោយសង្ឃឹមថាដៃយន្តមេកានិចនឹងអាចចាប់វាបានជាលើកទីបី៕
ប្រភព៖ New York post
