សន្ដិសុខសង្គម

រថយន្តបែនបុកម៉ូតូបណ្តាលឲ្យសិស្ស២នាក់បាត់បង់ជីវិតទាំងព្រឹកព្រលឹម

ដោយ៖ កំចាយ

កំពត÷ សិស្សវ័យជំទង់២នាក់ជាសាច់ញាតិនឹងគ្នាបានស្លាប់យ៉ាងអាណោចអាធ័មដោយសាររថយន្តប្រភេទបែនដីបុកម៉ូតូពេញទំហឹងពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅលើដងផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត​។

លោកវរសេនីយ៍ត្រី ចែម ពិសី អធិការរងស្រុកកំពង់ត្រាចបានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះទាំង២នាក់ រួមមាន ១. ឈ្មោះគឹម សុខគីម ភេទប្រុស អាយុ ១៥ឆ្នាំ, ២. ឈ្មោះ គឹម វណ្ណា ភេទប្រុស អាយុ ១៦ឆ្នាំ។ ទាំង២នាក់ជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅភូមិច្រនៀងទេរ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។

លោកអធិការរងបានបញ្ជាក់បន្តទៀតថា៖ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៣ ខែមីនា មានករណីគ្រោះថ្នាក់ចរាចរមួយបានកេីតនៅលើកំណាត់ផ្លូវជាតិលេខ៣១ ក្នុងទឹកដីភូមិបឹងធំខាងលិច ឃុំអង្គសុរភី រវាងម៉ូតូនិងរថយន្តបណ្តាលឲ្យសិស្ស២នាក់បានស្លាប់នៅនឹងកន្លែង។

មុនហេតុការណ៍កើតឡើង គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចបង្គោលគីឡូម៉ែត្រលេខ៥៣ ស្រាប់តែមានរថយន្តប្រភេទបែនដឹកបើកមកពីមុខ រួចបុកពេញទំហឹងបណ្តាលឲ្យម៉ូតូនិងអ្នកជិះខ្ទាតដេកដួលរដូករណែល ហើយក៏ស្លាប់ភ្លាមៗទាំង២នាក់តែម្តង។ ក្នុងស្ថានភាពបែបនោះ អ្នកបើកបរបានរត់គេចបាត់ដោយបន្សល់ទុករថយន្តដឹកដីម៉ាកនីសាន់ ពណ៌ខៀវ ពាក់ផ្លាកលេខចង្កូតស្តាំ PP-0028 នៅនឹងកន្លែងកើតហេតុ៕