ប្រែសម្រួល ៖ លន ស្រស់

ប្រសិនបើអ្នករកមើលព័ត៌មានអំពីទម្លាប់គេងល្អតាមបណ្តាញសង្គម អ្នកអាចនឹងប្រទះឃើញការផ្សាយជាច្រើនដែលអះអាងថាស្ត្រីត្រូវការគេងច្រើនជាងបុរស – មានខ្លះទៀតថាត្រូវការគេង “ច្រើនខុសប្រក្រតី”។ ហេតុផលដែលលើកឡើងមានភាពខុសៗគ្នា រួមមានភាពខុសគ្នានៃអ័រម៉ូន និងគំនិតដែលថាស្ត្រីមានខួរក្បាលដែលដំណើរការលឿនជាងបុរស។
តាមការពិត យើងមិនមានការស្រាវជ្រាវណាមួយដែលអាចបញ្ជាក់ថាការអះអាងទាំងនេះពិតជាត្រឹមត្រូវឡើយ។
“មិនមានភស្តុតាងណាដែលបង្ហាញថាមានមូលហេតុជីវសាស្ត្រជាមូលដ្ឋានដែលស្ត្រីត្រូវការគេងច្រើនជាងនោះទេ” នេះជាសម្តីរបស់វេជ្ជបណ្ឌិត Suzanne Bertisch ជាគ្រូពេទ្យឯកទេសផ្នែកវិបត្តិដំណេកនៅមន្ទីរពេទ្យ Brigham and Women’s ក្នុងទីក្រុងបូស្តុន។
ជាមធ្យម ស្ត្រីពិតជាចំណាយពេលនៅលើគ្រែច្រើននាទីជាងបុរសរាល់យប់ ប៉ុន្តែនោះមិនមានន័យថាពួកគេត្រូវការគេងច្រើនជាងនោះទេ។
បុរសនិងស្ត្រីគេងខុសគ្នា
មានការសិក្សាតិចតួចប៉ុណ្ណោះដែលបានវាយតម្លៃពីភាពខុសគ្នានៃរយៈពេលគេងរវាងបុរសនិងស្ត្រី។ ក្នុងការសិក្សាដ៏សំខាន់មួយពីឆ្នាំ២០១៣ អ្នកស្រាវជ្រាវបានវិភាគទិន្នន័យស្ទង់មតិពីមនុស្សពេញវ័យជាង៥៦,០០០នាក់នៅសហរដ្ឋអាមេរិក។ នៅពេលអ្នកចូលរួមត្រូវបានសួរថាតើពួកគេចំណាយពេលយ៉ាងដូចម្តេចក្នុងរយៈពេល២៤ម៉ោងកន្លងមក ស្ត្រីបានរាយការណ៍ថាបានចំណាយពេលគេងជាមធ្យម១១នាទីច្រើនជាងបុរសនៅយប់មុន។
ប៉ុន្តែ នេះមិនមានន័យថាស្ត្រីពិតជាបានគេងអស់១១នាទីច្រើនជាងបុរសនោះទេ។ ដូចដែលការសិក្សាបានពន្យល់ ពេលវេលាដែលអ្នកចូលរួមបានរាយការណ៍ក៏រួមបញ្ចូលទាំងនាទីដែលពួកគេបានព្យាយាមគេងផងដែរ – ហើយស្ត្រីងាយនឹងជួបបញ្ហាដេកមិនលក់ច្រើនជាងបុរស នេះបើតាមការលើកឡើងរបស់ Rebecca Robbins ជាអ្នកវិទ្យាសាស្ត្រផ្នែកការគេង និងជាសាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រនៅសាលាវេជ្ជសាស្ត្រហាវឺដ។ ការសិក្សានៅឆ្នាំ២០១៣ក៏បានរកឃើញផងដែរថា ស្ត្រីមានភាពងាយនឹងរាយការណ៍ពីការរំខានដំណេកដោយសារការថែទាំអ្នកដទៃ ជាពិសេសកុមារ ច្រើនជាងបុរសប្រហែលប្រាំដង។
ការស្រាវជ្រាវបង្ហាញថាស្ត្រីទទួលបានគុណភាពគេងទាបជាងបុរសជាមធ្យម មិនថាពួកគេជាអ្នកថែទាំឬអត់នោះទេ។ ក្នុងការស្ទង់មតិតាមអ៊ីនធឺណិតមួយនៅឆ្នាំ២០២៣ ដែលមានមនុស្សពេញវ័យជាង២,០០០នាក់ពីសម្ព័ន្ធវេជ្ជសាស្ត្រដំណេកអាមេរិក អ្នកស្រាវជ្រាវបានរកឃើញថាស្ត្រីងាយនឹងនិយាយថាពួកគេកម្រភ្ញាក់ឡើងដោយមានអារម្មណ៍ស្រស់ស្រាយ ប្រហែលពីរដងច្រើនជាងបុរស។
- អ្វីដែលធ្វើឱ្យស្ត្រីគេងមិនបានល្អ
ចំពោះមូលហេតុដែលស្ត្រីងាយគេងមិនល្អជាងបុរស អ្នកស្រាវជ្រាវមិនទាន់មានចម្លើយច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែពួកគេមានទ្រឹស្តីមួយចំនួន។
អ័រម៉ូន progesterone ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយការគេងបានល្អប្រសើរ ហើយនៅពេលដែល progesterone ថយចុះមុនពេលមករដូវ ស្ត្រីទំនងជាគេងមិនសូវបានល្អ នេះបើតាមការលើកឡើងរបស់ Shelby Harris ជាអ្នកចិត្តសាស្ត្រគ្លីនិកនៅទីក្រុងញូវយ៉កដែលឯកទេសខាងវិបត្តិដំណេក។ ស្ត្រីក៏តែងរាយការណ៍ពីបញ្ហាដំណេកក្នុងអំឡុងពេលមុននិងក្រោយអស់រដូវផងដែរ ពេលដែលកម្រិតអ័រម៉ូនផ្លាស់ប្តូរ។
បើប្រៀបធៀបជាមួយបុរស ស្ត្រីក៏ទំនងជាធ្វើការថែទាំអ្នកដទៃនិងការងារផ្ទះច្រើនជាង ដែលអាចធ្វើឱ្យស្ត្រីពិបាកដេកលក់និងរក្សាដំណេក។ ការនឹកចាំដូចជាការទៅយកសម្លៀកបំពាក់ដែលសម្អាតស្ងួត ការទាក់ទងសួរសុខទុក្ខសាច់ញាតិ ការនាំកូនទៅសាលា និងការកក់ពេលទៅជួបពេទ្យ – “អ្វីៗតូចតាចទាំងអស់នោះអាចរួមចំណែកធ្វើឱ្យមានការព្រួយបារម្ភ ហើយការព្រួយបារម្ភនិងភាពតានតឹងគឺជាការរំខានធំពីរចំពោះការគេងរបស់យើង” នេះបើតាមវេជ្ជបណ្ឌិត Robbins។
វិបត្តិដំណេកដូចជាការដេកមិនលក់ ជំងឺដកដង្ហើមពេលគេង និងជំងឺជើងរស់រវើក កាន់តែកើតចំពោះស្ត្រីពេលពួកគេមានអាយុកាន់តែច្រើន។ ស្ត្រីដែលមានជំងឺដកដង្ហើមពេលគេងច្រើនតែមិនត្រូវបានធ្វើរោគវិនិច្ឆ័យឃើញទេ ព្រោះពួកគេមិនសូវមានរោគសញ្ញាជាក់លាក់មួយចំនួនដូចជាការកន្ត្រាក់ ឬការភ្ញាក់ដោយសារដកដង្ហើមមិនចេញដូចបុរសទេ នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត Rachel Salas ជាគ្រូពេទ្យខួរក្បាលនិងអ្នកឯកទេសផ្នែកវេជ្ជសាស្ត្រដំណេកនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Johns Hopkins។
របៀបដឹងថាអ្នកទទួលបានការសម្រាកគ្រប់គ្រាន់
រយៈពេលដែលមនុស្សគេង – និងគុណភាពនៃការគេងនោះ – មិនប្រាប់យើងអ្វីទាំងអស់អំពីរយៈពេលដែលពួកគេគួរតែគេងនោះទេ។ “ទាំងនោះមិនមែនជារឿងដូចគ្នាទេ” វេជ្ជបណ្ឌិត Robbins បានមានប្រសាសន៍។
មូលនិធិជាតិសម្រាប់ការគេងនិយាយថា មនុស្សពេញវ័យជាទូទៅត្រូវការគេងប្រហែលពី៧ទៅ៩ម៉ោងក្នុងមួយយប់ ប៉ុន្តែចំនួនពិតប្រាកដអាចប្រែប្រួលពីមនុស្សម្នាក់ទៅម្នាក់ នេះបើតាមវេជ្ជបណ្ឌិត Harris។ “មិនមានលេខក្បែកសិទ្ធិណាមួយនោះទេ” នាងបាននិយាយ។
វេជ្ជបណ្ឌិត Robbins បានបន្ថែមថា វាអាចមានប្រយោជន៍ក្នុងការតាមដានការគេងរបស់អ្នកដោយប្រើនាឡិកាឆ្លាតវៃឬឧបករណ៍តាមដានផ្សេងទៀតដើម្បីធានាថាអ្នកកំពុងទទួលបានការគេងយ៉ាងហោចណាស់៧ម៉ោងក្នុងមួយយប់។ ប៉ុន្តែជារឿយៗ វិធីល្អបំផុតដើម្បីដឹងថាអ្នកគេងគ្រប់គ្រាន់ឬអត់ គឺវាស់ពីអារម្មណ៍របស់អ្នកពេលថ្ងៃ។ ប្រសិនបើអ្នកមានអារម្មណ៍ហត់នឿយជាប្រចាំ នោះអាចជាសញ្ញាបង្ហាញថាអ្នកមិនបានគេងគ្រប់គ្រាន់ និងអាចមានវិបត្តិដំណេក។
“ប្រសិនបើអ្នកមានអារម្មណ៍ថាគេងបានគ្រប់គ្រាន់ ប៉ុន្តែអ្នកនៅតែហត់ឬមានបញ្ហាក្នុងការរក្សាភាពភ្ញាក់រលឹក” វេជ្ជបណ្ឌិត Salas បាននិយាយថា “ទាំងនោះគឺជាមូលហេតុដែលត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក។”
ប្រភព៖ New York Times/mm
