អន្តរជាតិ

ពាក្យមួយម៉ាត់៖ ការប៉ះទង្គិចរវាងលោក Trump និងលោក Zelenskyy

ប្រែសម្រួល៖ ស-សម្បត្តិ

ជំនួបរវាងលោក Donald Trump និងលោក Volodymyr Zelenskyy បានវាងចេញពីគន្លងយ៉ាងខ្លាំងនៅចំពោះមុខកាមេរ៉ាទូរទស្សន៍កាលពីថ្ងៃសុក្រ (ថ្ងៃទី២៨ ខែកុម្ភៈ)។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ ពាក្យមួយម៉ាត់ៗ ចាប់តាំងពីពេលដែលលោក Zelenskyy និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានចាប់ផ្តើមជជែកគ្នាដោយពាក្យសម្តីនៅក្នុងការិយាល័យអូវ៉ាល់។

Zelenskyy៖ តើការទូតប្រភេទណា លោក JD ដែលលោកកំពុងសួរអំពី? តើលោកមានន័យថាម៉េច?

Vance៖ ខ្ញុំកំពុងនិយាយអំពីការទូតប្រភេទណាដែលនឹងបញ្ចប់ការបំផ្លាញប្រទេសរបស់លោក។

Zelenskyy៖ បាទ ប៉ុន្តែប្រសិនបើលោក…

Vance៖ លោកប្រធានាធិបតី ដោយការគោរព ខ្ញុំគិតថាវាជាការមិនគោរពដែលលោកមកកាន់ការិយាល័យពងក្រពើ ហើយព្យាយាមជជែកអំពីរឿងនេះនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ នៅពេលនេះ ពួកលោកកំពុងដើរជុំវិញ ហើយបង្ខំកងទ័ពកាតព្វកិច្ចឱ្យទៅកាន់ជួរមុខព្រោះលោកមានបញ្ហាកម្លាំងមនុស្ស។ លោកគួរតែអរគុណប្រធានាធិបតី។

Zelenskyy៖ តើលោកធ្លាប់ទៅប្រទេសអ៊ុយក្រែនដើម្បីមើលបញ្ហាដែលយើងមានដែរឬទេ?
Vance៖ ខ្ញុំបានមើលនិងឃើញរឿងរ៉ាវមែន ហើយខ្ញុំដឹងថាអ្វីដែលកើតឡើងគឺលោកបាននាំមនុស្សទៅប្រតិបត្តិការទស្សនកិច្ចឃោសនា លោកប្រធានាធិបតី។

តើលោកមិនយល់ស្របថាលោកមានបញ្ហាជាមួយនឹងការនាំមនុស្សចូលក្នុងកងទ័ពរបស់លោកឬ? ហើយតើលោកគិតថាវាជាការគោរពទេដែលមកកាន់ការិយាល័យពងក្រពើនៃសហរដ្ឋអាមេរិក ហើយវាយប្រហាររដ្ឋបាលដែលកំពុងព្យាយាមការពារការបំផ្លាញប្រទេសរបស់លោក?

Zelenskyy៖ ជាដំបូង អំឡុងពេលសង្គ្រាម គ្រប់គ្នាមានបញ្ហា សូម្បីតែលោក។ លោកមានដំណោះស្រាយល្អៗ ហើយមិនមានអារម្មណ៍ (វា) ឥឡូវនេះទេ ប៉ុន្តែលោកនឹងមានអារម្មណ៍វានៅពេលអនាគត។

Trump៖ លោកមិនដឹងទេ។ កុំប្រាប់យើងពីអ្វីដែលយើងនឹងមានអារម្មណ៍។ យើងកំពុងព្យាយាមដោះស្រាយបញ្ហា។ កុំប្រាប់យើងពីអ្វីដែលយើងនឹងមានអារម្មណ៍។

Zelenskyy៖ ខ្ញុំមិនប្រាប់លោកទេ ខ្ញុំកំពុងឆ្លើយតប…

Vance៖ នោះជាអ្វីដែលលោកកំពុងធ្វើ…

Trump ដោយលើកសំឡេងរបស់គាត់៖ លោកមិននៅក្នុងតំណែងដើម្បីចាត់ទុកថាយើងនឹងមានអារម្មណ៍អ្វីនោះទេ។ យើងនឹងមានអារម្មណ៍យ៉ាងល្អ និងរឹងមាំ។

Zelenskyy ព្យាយាមនិយាយកាត់។

Trump៖ ឥឡូវនេះ លោកមិននៅក្នុងតំណែងដ៏ល្អទេ។ លោកបានអនុញ្ញាតឱ្យខ្លួនឯងស្ថិតនៅក្នុងតំណែងដ៏អាក្រក់។

ឥឡូវនេះ លោកមិនមានប័ណ្ណទេ។ ជាមួយយើង លោកចាប់ផ្តើមមានប័ណ្ណ។
លោកកំពុងលេងល្បែងដោយប្រឈមនឹងជីវិតមនុស្សរាប់លាននាក់ លោកកំពុងលេងល្បែងជាមួយសង្គ្រាមលោកលើកទីបី ហើយអ្វីដែលលោកកំពុងធ្វើគឺមិនគោរពទាល់តែសោះចំពោះប្រទេសនេះ។

Vance៖ តើលោកបាននិយាយសូមអរគុណម្តងដែរឬទេ?

Zelenskyy៖ ច្រើនដង។

Vance៖ ទេ ក្នុងកិច្ចប្រជុំនេះ កិច្ចប្រជុំទាំងមូលនេះ? សូមផ្តល់ពាក្យនៃការកោតសរសើរខ្លះសម្រាប់សហរដ្ឋអាមេរិក និងប្រធានាធិបតីដែលកំពុងព្យាយាមជួយសង្គ្រោះប្រទេសរបស់លោក។

Zelenskyy៖ បាទ លោកគិតថាប្រសិនបើលោកនិយាយខ្លាំងៗអំពីសង្គ្រាម…

Trump៖ គាត់មិនបាននិយាយឮៗទេ។ ប្រទេសរបស់លោកជួបបញ្ហាធំ។ ទេ ទេ លោកបាននិយាយច្រើន។ ប្រទេសរបស់លោកជួបបញ្ហាធំ។

Zelenskyy៖ ខ្ញុំដឹង ខ្ញុំដឹង។

Trump៖ លោកមិនឈ្នះរឿងនេះទេ។ លោកមានឱកាសល្អក្នុងការចេញមកដោយគ្មានបញ្ហា ដោយសារតែពួកយើង។

Zelenskyy៖ យើងនៅតែរឹងមាំតាំងពីដើមដំបូងនៃសង្គ្រាម យើងនៅតែឯកា ហើយយើងកំពុងនិយាយ ខ្ញុំបាននិយាយថា អរគុណ។

Trump និយាយកាត់ Zelenskyy៖ លោកមិនបានឯកាទេ…។ យើងបានផ្តល់ឱ្យលោកនូវបរិក្ខារយោធា។ ទាហានរបស់លោកក្លាហាន ប៉ុន្តែពួកគេមានយោធារបស់យើង។ ប្រសិនបើលោកមិនមានគ្រឿងបរិក្ខារយោធារបស់យើងទេ សង្គ្រាមនេះនឹងបញ្ចប់ក្នុងរយៈពេលពីរសប្តាហ៍។

Zelenskyy៖ ខ្ញុំឮវាពី Putin ក្នុងរយៈពេល ៣ ថ្ងៃ។

Trump៖ វានឹងជារឿងដ៏ពិបាកក្នុងការធ្វើធុរកិច្ចបែបនេះ។

Vance៖ គ្រាន់តែនិយាយថាអរគុណ។

Zelenskyy៖ ខ្ញុំបាននិយាយវាច្រើនដងហើយ។

Vance៖ សូមទទួលយកថាមានការមិនឯកភាពគ្នា ហើយមកជជែកលើការមិនឯកភាពទាំងនោះ ជាជាងព្យាយាមប្រយុទ្ធនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅពេលដែលលោកខុស។ យើងដឹងថាលោកខុស។

Trump៖ លោកត្រូវបានកប់ទីនោះ។ ប្រជាជនរបស់លោកកំពុងស្លាប់។ លោកកំពុងខ្វះទាហាន។ ទេ ស្តាប់… ហើយបន្ទាប់មកលោកប្រាប់យើងថា «ខ្ញុំមិនចង់បានការឈប់បាញ់ទេ។ ខ្ញុំមិនចង់បានការឈប់បាញ់ទេ។ ខ្ញុំចង់ទៅ ហើយខ្ញុំចង់បានរឿងនេះ»។

Trump៖ លោកមិនបានបង្ហាញពីការអរគុណទាល់តែសោះ។ ហើយនោះមិនមែនជាអ្វីដែលល្អទេ។ ខ្ញុំនឹងនិយាយយ៉ាងស្មោះត្រង់ នោះមិនមែនជារឿងដែលល្អទេ។ យល់ព្រម ខ្ញុំគិតថាយើងបានឃើញគ្រប់គ្រាន់ហើយ។ តើលោកគិតយ៉ាងណា? កម្មវិធីទូរទស្សន៍ដ៏អស្ចារ្យ។ ខ្ញុំនឹងនិយាយថានោះជាការពិត៕
ប្រភព៖ AFP/rj