សេដ្ឋកិច្ច

មេពន្ធដារជំរុញមន្ត្រីថ្នាក់ក្រោមត្រូវបម្រើសេវាជូនអ្នកជាប់ពន្ធឲ្យបានល្អដើម្បីបញ្ចៀសបញ្ហា

ដោយ៖ កំចាយ

កំពត÷ ប្រធាន និងមន្ត្រីសាខាពន្ធដារត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចអនុវត្តគោលការណ៍ដែលបានសម្រេចដោយរាជរដ្ឋាភិបាលដើម្បីបញ្ចៀសនូវបញ្ហាថ្នាំងថ្នាក់ពីអ្នកជាប់ពន្ធ។ នេះជាការក្រើនរម្លឹករបស់គ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កម្ពុជាក្នុងពិធីសម្ពោធអគារសាខាពន្ធដារខេត្តកំពត ស្ថិតក្នុងក្រុងកំពត កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងពិធីខាងលើ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ថា ក្នុងបំណងបង្កើនប្រសិទ្ធភាពការងារជូនអ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារបានធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារ ការកែទម្រង់ផ្នែកបច្ចេកវិទ្យាព័ត៌មាន ការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអគារឲ្យទំនើប និងងាយស្រួល។ សេវាពន្ធដារត្រូវបានដាក់ឲ្យដំណើរការស្ទើរ១០០ភាគរយតាមប្រព័ន្ធអេឡិចត្រូនិច ខណៈដើមឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ (E-Administration)។ ទាំងនោះដើម្បីធ្វើឲ្យអ្នកជាប់ពន្ធអាចដាក់ឯកសារពាក់ព័ន្ធនឹងពន្ធដារតាមប្រព័ន្ធអេឡិចត្រូនិចដោយពុំចាំបាច់ផ្ញើលិខិត ឬឯកសារជាក្រដាសមកទៀតឡើយ ខណ:មកដល់បច្ចុប្បន្ន អ្នកជាប់ពន្ធប្រមាណ៩៥ភាគរយបានបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិចនេះ។

លោកអគ្គនាយកពន្ធដារបានបញ្ជាក់ថា តាមការកត់សម្គាល់ ក្រោមកិច្ចដឹកនាំរបស់លោក ម៉ៅ ធនិន ខេត្តកំពតមានការរីកចម្រើនលើគ្រប់វិស័យ ទាំងកសិកម្ម ឧស្សាហកម្ម ពិសេសវិស័យទេសចរណ៍។ នៅពេលមានកំណើនសេដ្ឋកិច្ច នោះបរិមាណនៃចំណូលពន្ធដារក៏កើនឡើងដែរ។ ជាក់ស្តែង អំឡុងពេល៥ឆ្នាំចុងក្រោយនេះ ចំណូលពន្ធដារសម្រាប់ទ្រទ្រង់ចំណាយរបស់រាជរដ្ឋាភិបាលមានទំហំធំជាងគេ។

លោក គង់ វិបុល បានក្រើនរម្លឹកថា ផ្អែកលើទឡ្ហីករណ៍ខាងលើ ប្រធាន ក៏ដូចជាមន្ត្រីសាខាពន្ធដារទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តនូវគោលការណ៍ដែលបានសម្រេចដោយរាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ ជៀសវាងមានបញ្ហាដោយសារការអនុវត្តខុស ព្រោះកន្លងមកនៅតាមបណ្តាខេត្តខ្លះបានជួបបញ្ហាលើពន្ធអចលនទ្រព្យ។ ប្រសិនបើមិនច្បាស់លាស់អំពីលិខិតបទដ្ឋាន សូមកុំទាន់ទទួលយកថវិកា ពោលគឺត្រូវសុំគោលការណ៍ ជៀសវាងការថ្នាំងថ្នាក់ ព្រោះពន្ធអចលនទ្រព្យអាចប៉ះលើប្រជាពលរដ្ឋ ខណៈដែលពន្ធអាជីវកម្មបានធ្វើឲ្យប៉ះដល់អ្នករកទទួលទាននោះ។ ដូច្នេះ មន្ត្រីក្នុងដែនជំនាញត្រូវពិនិត្យមើលគោលការណ៍របស់រាជរដ្ឋាភិបាលប្រកាសដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ក៏ដូចជាសេចក្តីណែនាំពីអគ្គនាយកដ្ឋានពន្ធដារ និងត្រូវមានកិច្ចសហការល្អជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសលោកអភិបាលខេត្តដើម្បីសុំគោលការណ៍ឈានទៅអនុវត្តន៍៕