ព័ត៌មានជាតិ

«មូលនិធិគីនចាន់»នឹងពង្រីកសាលារៀនគោលដៅរហូតដល់១០០ក្នុងរយៈពេលពីរឆ្នាំទៀត

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក ហាតមុត គីសេកេ ប្រធានមូលនិធិគីនចាន់ បានថ្លែងថា គ្រោងនឹងពង្រីកសាលារៀនគោលដៅឱ្យបានដល់ ១០០ ទីតាំង ខណៈបច្ចុប្បន្នបាន និងកំពុងអនុវត្តសកម្មភាពលើសាលារៀនគោលដៅចំនួន ៧០ ទីតាំង នៅក្នុងខេត្តចំនួន ៨ គឺដើម្បីចង់ឃើញកុមារកម្ពុជាចេះអាន សរសេរ និងគណនាលេខបានគ្រប់គ្នានៅកម្រិតបឋមសិក្សា។

លោកប្រធានមូលនិធិគីនចាន់បានថ្លែងបែបនេះ នៅក្នុងឱកាសដែលលោក និងលោកស្រី អាកូតូ គីសេកេ ម្ចាស់ជំនួយគម្រោងកុមារកម្ពុជារីករាយ(HCC)ដែលប្រតិបត្តិដោយអង្គការ ខេប និងសមាគមគ្រួសារយើង បានដឹកនាំសហការីអញ្ជើញជួបសវនាការ និងពិភាក្សាការងារ ជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅសាលាខេត្តនេះ នារសៀលថ្ងៃទី ២៥ កុម្ភៈ កន្លងទៅ។

នាឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា៖ឯកឧត្តមគាំទ្រ និងសហការយ៉ាងរីករាយជាមួយអង្គការដៃគូ ដែលបានជួយដល់សាលារៀនឱ្យមានការអភិវឌ្ឍរីកចម្រើន និងសូមគម្រោងពង្រីកសាលារៀនគោលដៅបន្ថែមទៀតក្នុងខេត្តកំពង់ចាម ជាពិសេសនៅតំបន់ដាច់ស្រយោល៕