ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជូនមន្ត្រីចម្រុះ១ក្រុមចុះពិនិត្យទីតាំងនិងការដ្ឋានសំណរបស់ជនជាតិចិនដីគោក១កន្លែងមានឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទីក្រុងឆ្លាតវៃកម្ពុជាឯក (Smart New Town(Cambodia) Real Estates Development Co.,Ltd ) មានទីតាំងនៅស្ថិតនៅផ្លូវខេត្តលេខ៥៨D ភូមិប្រាសាទឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងកាលពីថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២៥ ។
មន្ត្រីចម្រុះដឹកនាំដោយលោកលៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរដោយអ៊ុំ វិណារ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ស្នងការរង មេបញ្ជាការរង មន្ត្រីទីចាត់ការអន្តរវិស័យ អភិបាលរងស្រុក អធិការ មេឃុំ មេភូមិនិងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចជំនាញ កងកម្លាំងពាក់ព័ន្ធ ។
អញ្ជើញទៅដល់មន្ត្រីចម្រុះខេត្តត្រូវបានមេការជនជាតិចិនដែលជំនួសមុខឲ្យលោកឆាយ មីងយួន (Mr Chai MingJun ) នៃក្រុមហ៊ុនបានទទួលស្វាគមន៍និងសហការជួបប្រជុំខ្លី ដើម្បីឲ្យអាចសម្រេចបានលទ្ធផលនៃបេសកកម្មនេះ ។ហើយក៏បានបង្ហាញប្លង់ស្ថាបត្យកម្មនិងម៉ាកែតសំណង់រួមដែលក្រុមហ៊ុនបានដំឡើង ។
ក្រុមហ៊ុនឲ្យដឹងថា ខ្លួនមានច្បាប់អនុញ្ញាតនិងបានបំពេញបែបបទតាមបទដ្ឋានបច្ចេកទេសរួចហើយ គ្រាន់តែពេលនេះមិនទាន់អាចបង្ហាញលិខិតឬច្បាប់អនុញ្ញាតដែលក្រុមហ៊ុនវិនិយោគថា បាននិងទទួលការអនុញ្ញាតជាលាយលក្ខណ៍អក្សរស្នើសុំពីថ្នាក់លើនោះ តែប៉ុណ្ណោះ ពោលគឺច្បាប់អនុញ្ញាតនិងបទដ្ឋានបច្ចេកទេសបានស្នើសុំនិងទទួលបានពីថ្នាក់លើរួចរាល់ហើយ នៅឡើយតែនៅមូលដ្ឋានមិនទាន់ជ្រាប ព្រោះថា ការវិនិយោគបែបនេះ ក្រុមហ៊ុនអាចស្មើសុំច្បាប់អនុញ្ញាតពីថ្នាក់លើតែម្តង មិនចាំបាច់រត់ការសុំតាមលំដាប់ពីថ្នាក់ក្រោមទៅក៏បានដែរ ។
សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះគឺអនុវត្តតាមស្មារតីនៃអង្គប្រជុំប្រចាំខែកុម្ភ:ឆ្នាំ២០២៥ កាលពីថ្មីៗនេះ របស់គណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំកិច្ចប្រជុំដោយលោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្ត។
ចំពោះបំណងនៃការចុះពិនិត្យទីតាំងនិងការដ្ឋានអគារ ហេដ្ឋារចនាសម្ព័ន្ធក្រុងថ្មីរបស់ក្រុមហ៊ុនគឺដើម្បីចង់ដឹងថា តើក្រុមហ៊ុនមានច្បាប់អនុញ្ញាតនិងបែបបទដ្ឋានបច្ចេកទេសត្រឹមត្រូវឬក៏ក៏អត់ ? បើមិនមាន តើជំនាញនិងអាជ្ញាធរក្នុងដែនសមត្ថកិច្ចត្រូវចាត់វិធានដូចម្តេច?
ម្យ៉ាងទៀតការចុះត្រួតពិនិត្យយ៉ាងដូច្នេះ គឺមកពីខេត្ត ស្រុកត្រូវបង្ការក្តីបារម្ភទុកជាមុនថា បើបទដ្ឋានបច្ចេកទេសមិនសមស្រប ឬមិនទាន់មានការអនុញ្ញាតិច្បាប់ ហើយមន្ត្រីជំនាញនិងអាជ្ញាធរ កងកម្លាំងពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមិនទាន់មានការត្រួតពិនិត្យផង ប៉ុន្តែក្រុមហ៊ុនចេះតែចាក់ដី ឈូសឆាយ សាងសង់សំណង់ ធ្វើអាជីវកម្មនិងឲ្យភ្ញៀវចូលស្នាក់នៅបណ្តើរៗទៅហើយនោះ វាជាការបង្កហានិភ័យជាយថាហេតុមួយ ។
ឧបមាថាបើមានការបាក់ឬដួលរលំ ស្រុតអគារដូចករណីកន្លងមកនៅខេត្តព្រះសីហនុ ខេត្តកែបជាដើមឬមានបាតុភាពអ្វីកើតឡើង បើខេត្តមិនបានចុះត្រួតពិនិត្យដូច្នេះ ខេត្តនឹងមានបញ្ហាឬគ្មានអ្វីសំអាងជាមុនទុកបំភ្លឺជូនថ្នាក់លើឡើយ ។ដ្បិតអីកន្លងមក ក្រុមហ៊ុននេះក៏មិនសូវរាក់ទាក់ឬសហការនឹងមូលដ្ឋានដែរ ។
ឯមន្ត្រីមូលដ្ឋានវិញបានឲ្យដឹងថា ពួកគេបើអាចចៀសវាងបាន គឺចៀសហើយ ក៏មិនហ៊ានចង់ដឹង ចង់ឮ ហើយមិនហ៊ានចូលទៅជិតឬក្នុងទីតាំងក្រុមហ៊ុននោះទេ កុំថាឡើយដល់ចង់ទៅសុំត្រួតពិនិត្យការងាររដ្ឋបាល សន្តិសុខ ការងារបច្ចេកទេសនិងបទដ្ឋានច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុននោះ។
យោងប្រភពព័ត៌មានពីមន្ត្រីនិងក្រុមហ៊ុនបានឲ្យដឹងថា: គម្រោងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទីក្រុងឆ្លាតវៃថ្មីនៅឃុំអូរបីជាន់នេះ បានដំណើរការតាំងពីជិត១ឆ្នាំមកហើយ។ក្នុងនោះបាននឹងកំពុងសង់និងសង់រួចសាងសង់អគារខុនដូចំនួន៣០អគារ (ក្នុង១អគារៗកម្ពស់៣ជាន់ៗ) និងត្រូវបន្ថែម១០អគារទៀត។ក៏មានបណ្តាញផ្លូវ ភ្លើងអគ្គិសនី ត្រៀមតទឹក សេវាកម្មនានា។ក្នុងនោះ បានប្រើប្រាសស្ថាបត្យករ វិស្វករ កម្មករចិន ខ្មែរនិងជនបរទេសផ្សេងទៀតខ្ទង់ពាន់នាក់។
កម្មករត្រូវបានស្នាក់នៅក្នុងជំរំស្នាក់នៅក្នុងទីតាំងតែម្តង ប៉ុន្តែមិនទាន់មានបង្គន់ បន្ទប់ទឹកនិងបទដ្ឋានអនាម័យសមស្របនៅឡើយ ។ ពួកគេត្រូវបន្ទោបង់ពាសវាលពាសកាលជាធម្មតា។
សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តបន្ទាយមានជ័យបានលើកសរសើរពីវត្តមាននៃការផ្ទុះឡើងនូវតម្លៃហាងឆេងអចលនវត្ថុ(ដីធ្លី)និងការកើតឡើងនូវកូនប៉ូលសេដ្ឋកិច្ចមួយទៀតនៅឃុំអូរបីជាន់ស្រុកអូរជ្រៅគឺការវិនិយោគនៅឃុំអូរបីជាន់ស្រុកអូរជ្រៅគឺការវិនិយោគទីក្រុងចិនឬChina Town នេះ ពោលគឺបន្ទាប់ពីប៉ូលសេដ្ឋកិច្ចនៅក្រុងប៉ោយប៉ែត ។
នៅទីតាំងនាឃុំអូរបីជាន់នេះ ត្រូវគេបង្ហើបថា : ត្រូវបង្កើតជាមជ្ឈមណ្ឌលអាជីវកម្ម សេវាកម្ម ក្លឹបកំសាន្ត ហាងអាហារ…ហើយទទួលនូវការស្នាក់នៅតែជនជាតិចិននិងជនបរទេស(មិនមែនខ្មែរ) ។
ទោះជាយ៉ាងណា មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានចៀសវាងនិយាយថា: ឆាយណាថោននៅឃុំអូរបីជាន់នេះ អាចមានបារម្ភថានឹងក្លាយទៅជាមជ្ឈមណ្ឌលល្បែងអនឡាញនិងអាជីវកម្មសេវាកម្មតាមប្រព័ន្ធទូរគមនាគមន៍ខុសច្បាប់នោះទេ ។
មន្ត្រីនិងពលរដ្ឋក្នុងមូលដ្ឋានរំពឹងទុកថា ទីនោះនឹងក្លាយជាតំបន់សេដ្ឋកិច្ចតាមរយ:អាជីវកម្មស្អាត ត្រឹមត្រូវ ស្របច្បាប់ មានកិត្តិយស មិនមែនធ្លាក់ចូលទៅជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មចាប់ជំរិត ឆបោក ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍(អនឡាញ)នោះឡើយ ។
សូមបញ្ជាក់ថា ពេលនោះមន្ត្រីជំនាញសុរិយោដីនិងភូមិសាស្ត្រ មន្ត្រីជំនាញសំណង់នៃមន្ទីររៀបចំដែនដី មន្ត្រីទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ត្រីអាជ្ញាធរដែនដីបានចុះពិនិត្យ ចុចនិយាមការទីតាំងដីស្រែនិងចម្ការមានទំហំប្រមាណ១គីឡូម៉ែត្រក្រឡាដែលជាដីកសិកម្ម(ស្រែនិងចម្ការ) ដែលអះអាងថា មានប័ណ្ណសម្គាល់អចលនវត្ថុ(ប្លង់រឹង) ហើយបានស្នើសុំទៅអាជ្ញាធរនិងជំនាញដើម្បីកែប្រែប្រភេទដីមកជាដីសម្រាប់សាងសង់។ពិនិត្យផ្នែកសំណង់និងបទដ្ឋានបច្ចេកទេសនានា ៕
