អន្តរជាតិ

ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងថៃ ក្លាយជាប្រទេសដៃគូរបស់ក្រុម BRICS

ប្រែសម្រួល៖ តារា

សិង្ហបុរី៖ ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន — ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងថៃ — បានក្លាយជាប្រទេសដៃគូរបស់ក្រុម BRICS ដែលជាក្រុមសេដ្ឋកិច្ចកំពុងរីកចម្រើនមួយដែលត្រូវបានគេមើលឃើញថាប្រឆាំងនឹងលោកខាងលិច។

ក្នុងការផ្សាយលើបណ្តាញ X (អតីត Twitter) កាលពីថ្ងៃពុធ (ថ្ងៃទី២៤ ខែតុលា) គណនី @BRICSInfo បានឱ្យដឹងថា ប្រទេសចំនួន១៣ ត្រូវបានបញ្ចូលក្នុងសម្ព័ន្ធមិត្តនេះជាប្រទេសដៃគូ។ ប្រទេសប្រាំបួនផ្សេងទៀតគឺ អាល់ហ្សេរី បេឡារុស បូលីវី គុយបា កាហ្សាក់ស្ថាន នីហ្សេរីយ៉ា តួកគី អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន។

ពួកគេមិនមែនជាសមាជិកពេញលេញនៃក្រុមទេ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ និងដំបូងមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន។ អាហ្វ្រិកខាងត្បូងបានចូលរួមក្នុងឆ្នាំ២០១០ ខណៈដែលអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម (UAE) បានក្លាយជាសមាជិក BRICS ក្នុងឆ្នាំនេះ។

សេដ្ឋកិច្ចសមាជិកតំណាងឱ្យប្រមាណ២៨.៥ ពាន់លានដុល្លារអាមេរិក ឬប្រមាណ២៨ភាគរយនៃសេដ្ឋកិច្ចពិភពលោក។ កិច្ចប្រជុំកំពូល BRICS ប្រចាំឆ្នាំកំពុងត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែតុលា។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាដ ហាសាន់ បានមានប្រសាសន៍ថា ម៉ាឡេស៊ីអាចទទួលបានឱកាសពាណិជ្ជកម្មប្រសើរជាងមុន ដោយសារក្រុមនេះមានប្រជាជនសរុបចំនួន៣.២ពាន់លាននាក់។ ម៉ាឡេស៊ីក៏បានប្តេជ្ញាជំរុញរបៀបវារៈរបស់តំបន់ខាងត្បូងសកលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសអំឡុងពេលដែលម៉ាឡេស៊ីធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំក្រោយ លោកបាននិយាយក្នុងចម្លើយជាលាយលក្ខណ៍អក្សរទៅសភាកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី២៤ ខែតុលា)។ “បំណងប្រាថ្នារបស់ម៉ាឡេស៊ីក្នុងការចូលរួមក្នុង BRICS តំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រគោលនយោបាយនិងអត្តសញ្ញាណជាប្រទេសឯករាជ្យនិងអព្យាក្រឹត្យ ដោយរក្សាតុល្យភាពជាមួយមហាអំណាចនិងបើកឱកាសធុរកិច្ចនិងវិនិយោគថ្មីៗ” លោកបាននិយាយ ដូចដែលបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយ Malay Mail។

រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ាឡេស៊ី លោក រ៉ាហ្វីហ្ស៊ី រ៉ាំលី ត្រូវបានគ្រោងធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់ប្រទេសនៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី២៤ ខែតុលា)។

“តាមរយៈការចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូល ម៉ាឡេស៊ីអាចពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេស BRICS និងប្រឈមមុខនឹងបរិយាកាសសេដ្ឋកិច្ចពិភពលោកដ៏ស្មុគស្មាញដោយភាពធន់ពេញលេញ” លោកបាននិយាយក្នុងការផ្សាយលើកម្មវិធី Instagram កាលពីថ្ងៃទី២២ ខែតុលា។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ារ អ៊ីប្រាហ៊ីម បានបញ្ជាក់កាលពីថ្ងៃទី២៨ ខែកក្កដា ថាម៉ាឡេស៊ីបានដាក់ពាក្យសុំចូលរួម BRICS។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីដែលទើបតែងតាំងថ្មី លោក ស៊ូហ្គីអូណូ រំពឹងថានឹងអំពាវនាវឱ្យមានសន្តិភាពនិងសាមគ្គីភាពក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងកិច្ចប្រជុំកំពូល។

“នៅក្នុង BRICS Plus ឥណ្ឌូនេស៊ីនឹងប្រគល់សារដ៏សំខាន់នៃសន្តិភាពនិងសារៈសំខាន់នៃប្រទេសកំពុងអភិវឌ្ឍន៍និងតំបន់ខាងត្បូងសកលដើម្បីរួបរួមគ្នា ពង្រឹងសាមគ្គីភាព និងដើរតួនាទីសំខាន់របស់ពួកគេក្នុងការបង្កើតលំដាប់ពិភពលោកដែលបរិយាប័ន្ន យុត្តិធម៌ និងស្មើភាពជាងមុន” នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ (ថ្ងៃទី២២ ខែតុលា)។ ប្រទេសថៃត្រូវបានតំណាងដោយរដ្ឋមន្ត្រីការបរទេស លោក ម៉ារីស សាងហ្គៀមប៉ូសា រីឯប្រទេសវៀតណាមត្រូវបានតំណាងដោយនាយករដ្ឋមន្ត្រី លោក ផាមមិញជិន។

  • ពិពិធកម្មពាណិជ្ជកម្ម និងទំនាក់ទំនងបរទេស

ទំនងជាសមាជិកអាស៊ានទាំងបួនចង់ពង្រឹងឱកាសពាណិជ្ជកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងបរទេសរបស់ពួកគេក្នុងបរិបទនៃភូមិសាស្ត្រនយោបាយមិនច្បាស់លាស់និងសង្រ្គាមនៅអ៊ុយក្រែននិងនៅមជ្ឈិមបូព៌ នេះបើយោងតាមអ្នកវិភាគហានិភ័យនយោបាយឯករាជ្យ លោក ហាល់មី អាហ្ស៊្រី បានប្រាប់ CNA។

មូលហេតុផ្សេងទៀតអាចជា “ការបន្តបំពេញចិត្តប្រទេសចិន និងដោយសង្ឃឹមទទួលបានលក្ខណៈពាណិជ្ជកម្មនិងវិនិយោគកាន់តែប្រសើរជាមួយប្រទេសចិន ខណៈពេលដែលចិនគឺជាកម្លាំងជំរុញច្បាស់លាស់សម្រាប់ BRICS” នេះបើតាមលោកបណ្ឌិត អូអ៊ី ស៊ុន ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី។

សម្រាប់ប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីដែលមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាម ដែលគាំទ្របុព្វហេតុប៉ាឡេស្ទីន “វាក៏ជាប្រតិកម្មភ្លាមៗ មួយដើម្បីប្រឆាំងនឹងប្រទេសលោកខាងលិចដែលគាំទ្រប្រទេសអ៊ីស្រាអែលយ៉ាងរឹងមាំ” លោកបណ្ឌិត អូ បានបន្ថែម។

ខណៈពេលដែលមានអ្នកខ្លះបានលើកឡើងពីក្តីបារម្ភថា សម្ព័ន្ធមិត្តរបស់ប្រទេសអាស៊ីអាគ្នេយ៍ទាំងបួនជាមួយ BRICS អាចធ្វើឱ្យមានសម្ពាធដល់អាស៊ាន លោកបណ្ឌិត អូ មានទស្សនៈអពីមង្គល។ ស្ថានភាពរបស់ពួកគេជាប្រទេសដៃគូ BRICS ទំនងជាមិនមានផលប៉ះពាល់ច្រើនដល់អាស៊ានទេ “ក្រៅពីត្រូវបានគេមើលឃើញថាកំពុងទៅជិតប្រទេសចិនបន្ថែមទៀតក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិនទូទាំងពិភពលោក” លោកបាននិយាយ។

ប្រទេសទាំងបួនក៏អាចផ្តល់ឱ្យតំបន់អាស៊ាន “សំឡេងតំណាង” ដើម្បីលើកឡើងពីបញ្ហាឬចែករំលែកការអភិវឌ្ឍជាមួយសមាជិក BRICS លោក ហាល់មី បាននិយាយ។

ដោយសារប្រទេសម៉ាឡេស៊ីកំពុងដឹកនាំអាស៊ាននៅឆ្នាំ២០២៥ អាចនឹងមានកិច្ចប្រជុំពហុភាគីច្រើនជាងមុន ឬកិច្ចប្រជុំអាស៊ានបូកជាមួយប្រទេសផ្សេងៗនៅក្នុង BRICS លោកបានបន្ថែម។ លោក អាន់វ៉ារ បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥ នៅពេលពួកគេជួបគ្នាកាលពីខែកញ្ញា។

“ទោះជាយ៉ាងណាក៏ដោយ នៅតែមានក្តីបារម្ភត្រឹមត្រូវអំពីសមត្ថភាពរបស់ BRICS ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដោយសារខ្វះរចនាសម្ព័ន្ធផ្លូវការ ជាមួយនឹងការកើនឡើងនៃសមាជិកភាពចម្រុះ” លោក ហាល់មី បានកត់សម្គាល់។

ក្តីបារម្ភមួយទៀតគឺរបៀបដែលសមាជិកថ្មីអាចបន្ថែមតម្លៃដល់អង្គការនេះ លោកបានបន្ថែម៕

ប្រភព៖ CNA/ia(cc)