ប្រែសម្រួល៖ លនស្រស់

កុមារអាយុ ៤ឆ្នាំម្នាក់នៅរដ្ឋហ្វ្លរីដាបានបាញ់សម្លាប់ខ្លួនឯងត្រង់ក្បាល ខណៈពេលកំពុងលេងជាមួយកាំភ្លើងខ្លីដែលគេរកឃើញនៅក្នុងរថយន្តរបស់ឪពុកម្តាយគេ ខណៈពេលគេកំពុងរង់ចាំសមាជិកគ្រួសារដទៃទៀតទៅញ៉ាំភីហ្សា ដូចដែលអាជ្ញាធរបានប្រកាស។
ឆូសិន ម៉រីស បានស្លាប់មួយថ្ងៃបន្ទាប់ពីគេបានដោយចៃដន្យទាញកាំភ្លើង ស៊្មីត និង វេសុន M&P កាលីប៊ែរ .៤០ ដែលជាកម្មសិទ្ធិរបស់ឪពុកគេ និងត្រូវបានទុកនៅក្រោមកៅអីអ្នកបើកបរ នេះបើតាមការប្រកាសរបស់ប៉ូលីសក្រុងដាវេនផត ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ។
ខណៈពេលដែលគ្រួសារកំពុងត្រៀមខ្លួនទៅក្រៅ ម្តាយរបស់ក្មេងតូច គ្វីនតា បានឮ “សំឡេងផូង” ដែលនាងដំបូងគិតថាបណ្តាលមកពីកូនៗរបស់នាងធ្វើអ្វីមួយបែក នេះបើតាមការបញ្ជាក់របស់លោកប្រធានប៉ូលីស ស្ទីវ ផាកឃឺ។
នៅពេលដែលស្ត្រីវ័យ ៣២ឆ្នាំបានសួរកូនពីរនាក់ទៀតនៅក្នុងបន្ទប់ផ្សេងមួយ – កូនស្រីអាយុ ១១ឆ្នាំ និងកូនប្រុសអាយុ ៧ឆ្នាំ – ពួកគេប្រាប់នាងថាសំឡេងខ្លាំងនោះមិនមែនមកពីពួកគេទេ។ បន្ទាប់មកនាងចាប់ផ្តើមស្វែងរកកូនម្នាក់ទៀតដែលក្មេងជាងគេបំផុត ហើយបានប្រទះឃើញគេកំពុងរងរបួសដោយការបាញ់គ្រាប់នៅកៅអីមុខនៃរថយន្តនៅក្នុងហ្គារ៉ាស។
ម្តាយ ដែលជានិស្សិតថ្នាក់គិលានុប្បដ្ឋាក បានផ្តល់ជំនួយដល់កូនរបស់នាង ខណៈពេលគ្រួសារបានបញ្ជូនគេទៅមន្ទីរពេទ្យដែលនៅចម្ងាយប្រមាណពីរម៉ាយល៍។
គេបានប្រកាសថាក្មេងបានស្លាប់នៅរសៀលថ្ងៃសៅរ៍ នេះបើតាមការប្រកាសរបស់លោក ផាកឃឺ ក្នុងកិច្ចប្រជុំព័ត៌មានដែលផ្សាយបន្តផ្ទាល់ដោយ Fox 13 Tampa។
ឪពុកម្តាយរបស់ក្មេងបាននិយាយថាពួកគេមានគម្រោងទិញអំណោយមួយឱ្យគេបន្ទាប់ពីអាហារពេលល្ងាច នេះបើតាមលោក ផាកឃឺ។
“យើងជឿថា ឆូសិន មានការរំភើបចិត្តអំពីការចេញក្រៅនៅល្ងាចនោះ ហើយបានចូលទៅក្នុងរថយន្តដើម្បីរង់ចាំសមាជិកគ្រួសារដទៃទៀត ហើយក៏បានរកឃើញកាំភ្លើងនៅក្រោមកៅអី ហើយខណៈពេលលេងជាមួយវា គេបានបាញ់វាហើយបណ្តាលឱ្យមានរបួសដល់ស្លាប់” លោក ផាកឃឺ បាននិយាយ ខណៈពេលបង្ហាញពីអារម្មណ៍រំភើប។
“ខ្ញុំមិនអាចសង្កត់ធ្ងន់គ្រប់គ្រាន់ចំពោះអ្នកថាសោកនាដកម្មនេះគួរឱ្យក្តុកក្តួលប៉ុនណាទេ។ ខ្ញុំបានជួបជាមួយគ្រួសារកាលពីព្រឹកមិញ ពួកគេឈឺចាប់យ៉ាងខ្លាំង ពួកគេឈឺចាប់យ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង។”
ឪពុករបស់ក្មេង របឺត បានប្រាប់ប៉ូលីសថាគាត់ប្រើប្រាស់អាវុធនោះសម្រាប់ការពារខ្លួននៅពេលគាត់ទៅដល់ធ្វើការហើយត្រឡប់មកវិញ។
នៅពេលគាត់មកដល់ផ្ទះកាលពីថ្ងៃព្រហស្បតិ៍ គាត់បានភ្លេចអំពីកាំភ្លើង ហើយវានៅក្នុងរថយន្តនៅថ្ងៃសុក្រ ព្រោះគាត់មិនបានទៅធ្វើការនៅថ្ងៃនោះទេ នេះបើតាមប៉ូលីស។
លោក ផាកឃឺ បាននិយាយថាគាត់មិនចង់ដាក់បណ្តឹងឧក្រិដ្ឋប្រឆាំងនឹងឪពុកម្តាយនោះទេ ប៉ុន្តែនឹងត្រូវពិភាក្សាជាមួយព្រះរាជអាជ្ញា។
“ខ្ញុំមិនអាចស្រមៃបានថាពួកគេកំពុងឆ្លងកាត់ស្ថានភាពដូចម្តេចទេ” ប្រធានប៉ូលីសបាននិយាយអំពីគ្រួសារនោះ៕
ប្រភព៖ New York Post
