សន្ដិសុខសង្គម

UNDPនិងភាគីដៃគូផ្តល់ជំនួយអះអាងពីការបន្តការគាំទ្រដ៏ស្វាហាប់ការងារកម្ចាត់គ្រាប់មីននិងយុទ្ធភណ្ឌជួយជនរងគ្រោះនៅកម្ពុជា

ដោយ : បន្ទាយ 

បន្ទាយមានជ័យ : ខួបលើកទី២៦នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព» ដែលឆ្នាំ២០២៥ នេះខេត្តបន្ទាយមានជ័យជាម្ចាស់ផ្ទះ ដែលរៀបចំធ្វើពិធីនៅសួនតេជោឈ្នះ ឈ្នះឬសួនវេទិកាខេត្ត នាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណដែលមានភ្ញៀវជាតិ អន្តរជាតិជាង១ ៥០០នាក់ចូលួម ។

នាឱកាសនោះ តំណាងទីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNDP) និងភាគីដៃគូផ្តល់ជំនួយនានាបានអះអាងពីការបន្តការគាំទ្រដ៏ស្វាហាប់ការងារកម្ចាត់គ្រប់មីននិងយុទ្ធភណ្ឌជួយជនរងគ្រោះនៅកម្ពុជា។

ការថ្លែងដូច្នេះ ខណ:ម្ចាស់ជំនួយដ៏ធំមួយលើសកម្មភាពកម្ចាត់មីននៅកម្ពុជា គឺសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោកដូណាល់ ត្រាំ បានផ្អាកជំនួយតាមរយ:ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក(USAIDS) មកកាន់កម្ពុជា ពិសេសលើវិស័យបោសសម្អាតមីននិងយុទ្ធភណ្ឌសង្គ្រាម ។

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំពិធីលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា: ភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាសមរភូមិប្រយុទ្ធជួរមុខ ក្នុងសម័យសង្គ្រាម ។ដូចនេះ ផ្ទៃដីមួយភាគធំរបស់ខេត្តគ្របដណ្តប់ទៅដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានបន្សល់ទុកនូវផលលំបាកដល់សង្គមជាតិ និងប្រជាពលរដ្ឋនិងរារាំងដល់ដំណើរការកសាង និងអភិវឌ្ឍន៍ផងដែរ។ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងច្រើននៅកប់រាយប៉ាយក្នុងតំបន់រស់នៅនិងដីបង្កបង្កើនផល។

ជាក់ស្តែង ចំនួនជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចាប់ពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន ក្នុងខេត្តបន្ទាយមានជ័យ សរុបមានចំនួន ៨.៨៩៦នាក់។.បណ្តាលឱ្យស្លាប់មនុស្សចំនួន២.២៥៦នាក់ របួសចំនួន៥.១៩៣នាក់ និងពិការចំនួន១.៤៤៧នាក់។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះកន្លងមក ខេត្តធ្លាប់មានប្រតិបត្តិករបោសសម្អាតមីនចំនួន៥ គឺ៖ អង្គភាពកងឯកភាពសកម្មភាពកម្ចាត់មីនកម្ពុជា ទី១(CMAC) និងអង្គការហាឡូត្រាស្ត(HALOTrust )អង្គការMAG អង្គការCSHD និងអង្គភាពបោសសម្អាតមីនកងទ័ពជើងគោក(RCAF) នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ។

នៅឆ្នាំ២០២៤នេះ ប្រតិបត្តិករទាំងអស់ បានធ្វើការបោសសម្អាតមីនរួចចំនួន៣៨៨ចម្ការ ផ្ទៃដី ទំហំ៣១.៣៨៦.៤៧៨ម២(ស្មើនឹង៣.១៣៩ហិកតា) រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ១.៧២០គ្រាប់ មីនប្រឆាំងរថក្រោះចំនួន០២គ្រាប់  និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១.៦៧៥គ្រាប់។

លោកស្រីគ្រីស្ទី ហារីស (Mrs Kristy Harries )ទីប្រឹក្សាអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានថ្លែងថា: អូស្ត្រាលីនៅតែជាដៃគូដ៏ជិតស្និទ្ធរបស់កម្ពុជាក្នុងកិច្ចខិតខខំប្រឹងប្រែងលើការបោសសម្អាតមីន។

ក្នុងនាមប្រទេសហត្ថលេខីនៃអនុសញ្ញាហាមឃាត់ការប្រើប្រាសគ្រាប់មីន អូស្ត្រាលីមានជំហរម៉ឺងម៉ាត់ជាមួយកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ។

ចំណែកលោកស្រីអាលីស្សា ឆាកាតឺ (Alissar Chaker )តំណាងទីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNDP) បានថ្លែងថា: កម្ពុជាប្រកាសថាខេត្តជាច្រើនអស់មីននិងថយចុះ។ជោគជ័យនេះ នៅថ្នាក់ជាតិនិងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធរួមមានអាជ្ញាធរមីន ប្រតិបត្តិករបោសសម្អាតមីននិងអ្នកបោសសម្អាតមីនដ៏អង់អាចក្លាហាននៃអង្គភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងដៃគូអភិវឌ្ឍន៍ ។

លោកស្រីអាលីស្សា ឆាកាតឺ បានថ្លែងបន្តថា: ពីឆ្នាំ១៩៩២ មកUNDP ជាដៃគូរបស់កម្ពុជាក្នុងកិច្ចការដ៏លំបាកនេះ ។ពីឆ្នាំ២០០៦ មក UNDP មានគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បោសសម្អាតមីនបានផ្ទៃដីទំហំ៣៨៤គីឡូម៉ែត្រក្រឡាស្មើនឹង១២%នៃសមិទ្ធផលទាំងមូលនិងក៏ជួយលើការងារអប់រំអំពីគ្រោះថ្នាក់នៃមីននិងគ្រាប់យុទ្ធភ័ណ្ឌ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មទាំង៧ខេត្តដែលទទួលបានការគាំទ្របច្ចេកទេសនិងហិរញ្ញវត្ថុពីUNDP ដែលមានម្ចាស់ជំនួយគឺប្រទេសអូស្ត្រាលី នូវ៉ែលហ្សេឡង់ សាធារណរដ្ឋកូរ៉េនិងម្ចាស់ដទៃទៀត ។

នាឱកាសនោះ លោកបណ្ឌិតលី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស -អនុប្រធានទី១ អាជ្ញាធរមីននិងសង្គ្រោះជនរងគ្រោះមានប្រសាសន៍ថា : គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ ឬ៣២ឆ្នាំកន្លងមកនេះ ការបោសសម្អាតមីនបានផ្ទៃដីទំហំ៣ ២៩៧គីឡូម៉ែត្រការ៉េសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន៨១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន៤ភាគរយ និងផ្សេងៗមាន១៥ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករសាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផល ប្រមាណជាង១០លាននាក់៕