ប្រែសម្រួល៖សហការី

អ្នកវិទ្យាសាស្ត្រទិន្នន័យដែលមានទំនាក់ទំនងជាមួយប្រធាន DOGE លោក អីឡុន មាស បានប្រកាសកាលពីថ្ងៃចន្ទថា នាងជឿថា “ជាង ១០០ ពាន់លានដុល្លារ” ប្រាក់ពន្ធរបស់អ្នកបង់ពន្ធកំពុងត្រូវបានខ្ជះខ្ជាយ ឬលួចដោយមន្រ្តីរដ្ឋាភិបាលនៅក្នុងទីភ្នាក់ងាររដ្ឋាភិបាល។
អ្នកជំនាញបច្ចេកវិទ្យានេះកំពុងប្រើបញ្ញាសិប្បនិម្មិតដើម្បីបង្ហាញករណីខ្ជះខ្ជាយ ការក្លែងបន្លំ និងការរំលោភបំពានរបស់រដ្ឋាភិបាល និងប្រើឈ្មោះថា “DataRepublican” នៅលើប្រព័ន្ធ X ដែលការបង្ហោះរបស់នាងត្រូវបានចែករំលែកជាទៀងទាត់ដោយមហាសេដ្ឋី ម្ចាស់ក្រុមហ៊ុន Tesla និង SpaceX។
“ហុយ” ស្ត្រីជាអ្នកគថ្លង់រូបនេះនិយាយតាមរយៈអ្នកបកប្រែ នៅពេលត្រូវបានសួរដោយ Brian Entin របស់ NewsNation អំពីបរិមាណទឹកប្រាក់សហព័ន្ធដែលនាងជឿថាកំពុងត្រូវបានខ្ជះខ្ជាយឬលួច ដោយផ្អែកលើការខិតខំរបស់នាងក្នុងការពិនិត្យមើលមូលដ្ឋានទិន្នន័យសាធារណៈ។
“ប្រសិនបើខ្ញុំត្រូវទស្សន៍ទាយ ខ្ញុំនឹងនិយាយថាវាមានចំនួនជាង ១០០ ពាន់លានដុល្លារ” នាងបាននិយាយ។ “ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺអ្វីដែលពួកគេកំពុងធ្វើជាមួយប្រាក់នោះ។”
“DataRepublican” មិនបានបង្ហាញអត្តសញ្ញាណពិតរបស់នាងក្នុងអំឡុងពេលសម្ភាសន៍ទេ ដោយសារការគំរាមកំហែងដែលនាងបានទទួលអំពីភាពជិតស្និទ្ធរបស់នាងជាមួយលោក ម៉ាស។
នាងបានពិពណ៌នាអំពីទំនាក់ទំនងរបស់នាងជាមួយប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលរបស់ប្រធានាធិបតី ត្រាំ ថាជាទំនាក់ទំនងការងារមួយ ប៉ុន្តែបានកត់សម្គាល់ថានាងមិនដែលទំនាក់ទំនងដោយផ្ទាល់ជាមួយលោក ម៉ាស ទេ។
“ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់។ ខ្ញុំមិនទំនាក់ទំនងដោយផ្ទាល់ជាមួយលោក អីឡុន ទេ។ គាត់បានរកឃើញខ្ញុំហើយគាត់គាំទ្រការងាររបស់ខ្ញុំ” នាងបាននិយាយ។ “ប៉ុន្តែខ្ញុំបានទំនាក់ទំនងជាមួយអ្នកខ្លះដែលពាក់ព័ន្ធជាមួយ DOGE។ ហើយខ្ញុំមិនចង់និយាយច្រើនជាងនេះទេ ប៉ុន្តែខ្ញុំមានទំនាក់ទំនងការងារមួយ។”
នាងបាននិយាយថានាងមិនដឹងផងថាតើមហាសេដ្ឋីរូបនេះបានរកឃើញនាងតាមអនឡាញយ៉ាងដូចម្តេច។
“ដោយស្មោះត្រង់ ខ្ញុំមិនដឹងទេ អ្នកត្រូវសួរគាត់” នាងបាននិយាយអំពីរបៀបដែលលោក ម៉ាស បានរកឃើញគណនី X របស់នាង ដែលគាត់បានលើកទឹកចិត្តអ្នកតាមដានរបស់គាត់ជាង ២១៨ លាននាក់ឱ្យតាមដាន។
“ប៉ុន្តែខ្ញុំមានអំណរគុណ” នាងបានបន្ថែម ដោយកត់សម្គាល់ថា វា “បានកើតឡើងភ្លាមៗ” ចាប់តាំងពីនាងបានចាប់ផ្តើមចូលរួមតាមអនឡាញជាមួយលោក ម៉ាស។
អ្នកឆ្នើមផ្នែកបច្ចេកវិទ្យារូបនេះបានពន្យល់ថា ការងារបច្ចុប្បន្នរបស់នាងពាក់ព័ន្ធនឹង “ការវិភាគទំនាក់ទំនង និងទំនាក់ទំនងរវាងមនុស្សនៅក្នុងរដ្ឋាភិបាល”។
“ប្រសិនបើអ្នកស្រាវជ្រាវអំពីមនុស្សយូរល្មមអ្នកចាប់ផ្តើមកត់សម្គាល់ថាពួកគេកំពុងធ្វើការរួមគ្នា ពួកគេទាំងអស់រៀបការ ពួកគេទាំងអស់គឺជាក្រុមគ្រួសារ” នាងនិយាយអំពីការរកឃើញថ្មីៗរបស់នាង។
“DataRepublican” បានអះអាងថាភស្តុតាងនៃអំពើពុករលួយដែលនាងបានបង្ហាញមិនមានកម្រិតត្រឹមតែសមាជិកនៃគណបក្សនយោបាយតែមួយទេ។
“ខ្ញុំមិនអាចប្រាប់អ្នកឱ្យបានគ្រប់គ្រាន់ថាតើ [សាធារណរដ្ឋ និងប្រជាធិបតេយ្យ] ទាំងសងខាងពាក់ព័ន្ធច្រើនប៉ុណ្ណាទេ” នាងបាននិយាយ។ “វាមាននៅគ្រប់ទីកន្លែង។”
គំនិតផ្តួចផ្តើម DOGE របស់លោក ម៉ាស ដែលមានគោលបំណងកាត់បន្ថយចំណាយរបស់សហព័ន្ធយ៉ាងហោចណាស់ ១ ទ្រីលានដុល្លារ អះអាងថាវាបានសន្សំសំចៃប្រហែល ៥៥ ពាន់លានដុល្លារដល់អ្នកជាប់ពន្ធ ដោយកាត់បន្ថយជំនួយហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ស្វែងរកប្រាក់ដែលបាត់ ការបង្រួមទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធ និងការបញ្ឈប់មន្រ្តីរដ្ឋាភិបាលរាប់ពាន់នាក់៕
ប្រភព៖ New York Post
