ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ទីស្នាក់ការត្រួតពិនិត្យ,ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងអ្នករត់ម៉ូតូកង់បី និងម៉ូតូឌុប បានធ្វើការឆ្លើយតបបំភ្លឺចំពោះការបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកដែលចោទប្រកាន់ថា ប៉ុស្ដិ៍នគរបាលអន្ដោប្រវេសន៍ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតបានដាក់ខែម៉ូតូកង់បី និងម៉ូតូឌុបក្នុង១ខែចំនួន៣០០០បាតឬ៣០ប្លាយម៉ឺនរៀល គឺយកដូច្នេះ ជាថ្នូរនឹងការផ្ដល់សិទ្ធិឲ្យចូលចាប់ម៉ូយ និងដឹកភ្ញៀវនៅក្នុងបរិវេណច្រកទ្វារព្រំដែនអន្ដរជាំតិប៉ោយប៉ែត របស់ប៉ុស្ដិ៍នគរបាលអន្ដោប្រវេសន៍ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត។
បងប្អូនអ្នករត់ម៉ូតូកង់បី, ផាស់អាប់និងម៉ូតូឌុបនៅប្លុកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងនោះមានទាំងអ្នកដែលរងការច្នៃថត ផលិតសម្លេងយកទៅប្រើប្រាស់ដើម្បីវាយប្រហាររិះគន់ដូចន័យខាងលើកន្លងមកផង បានចេញមកធ្វើការបកស្រាយបំភ្លឺថា: ពួកខ្លួនរត់ម៉ូតូ ម៉ូតូកង់បី ដូចខាងលើដប់-ម្ភៃឆ្នាំមកហើយនៅប្លុកច្រកទ្វារព្រំដែននេះ មិនត្រូវបានបង់ខែជូននគរបាលប៉ុស្តិ៍ទ្វារព្រំដែននេះចំនួន៣០០០បាតប្រាក់ថៃឬក្នុងចំនួនណាផ្សេងពីនេះទេក្នុង១ខែៗជាថ្នូរនឹងទទួលបានសិទ្ធិឲ្យចូលចាប់ម៉ូយ និងដឹកភ្ញៀវពីក្នុងតំបន់ច្រកទ្វារព្រំដែនឡើយ។
ផ្ទុយទៅវិញ មានតែនគរបាលប៉ុស្តិ៍នេះទៅវិញទេ ជួយសម្រួលសណ្តាប់ធ្នាប់ឲ្យពួកខ្លួនដើម្បីអាចប្រកបរបររកចំណូលចិញ្ចឹមជីវភាពគ្រួសារថែមទៀត។
ពួកគេស្នើឲ្យអ្នកផុសក្នុងបណ្តាញសង្គមមួយចំនួនតូចទាំងនោះលុបចោលនូវរូបភាពនិងខ្លឹមសារផុសទាំងនោះជាបន្ទាន់ ពុំនោះទេ ពួកគេនឹងប្រើសិទ្ធិតវ៉ាតាមផ្លូវច្បាប់មិនខាន ។
ចំណែកទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៃរដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងលិខិតផ្លូវការលេខ០១៩/២៥ សក.ប៉ប៉ ចុះហត្ថលេខាដោយលោកវ៉ាន់ ដារ៉ាន់ ប្រធាន ចុះថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២៥ គោរពជូនលោកអភិបាលខេត្តស្តីពីរបាយការណ៍ឆ្លើយបំភ្លឺតបចំពោះការបង្ហោះចោទប្រកាន់ក្នុងបណ្តាញសង្គមនិងសេចក្តីបំភ្លឺរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចុះថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២៥ ដែលមានខ្លឹមសារក្នុងន័យថា : ការផុសចោទប្រកាន់នោះមិនមែនជាការពិតឡើយ។
កន្លងមកប៉ុស្តិ៍តែងតែយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយការពារសន្តិសុខ សុវត្ថិភាព សម្របសម្រួលចរាចរណ៍ជូនអ្នកដំណើរជាតិ អន្តរជាតិនិងមធ្យោបាយចេញចូលគ្រប់ប្រភេទ ជាពិសេសចំពោះគណ:ប្រតិភូជាតិ អន្តរជាតិពុំដែលមានការកកស្ទះឡើយ ហើយប៉ុស្តិ៍ដាច់ខាតមិនដែលមានគោលការណ៍ឬចេញនូវបទបញ្ជាណាមួយដល់មន្ត្រីក្រោមឱវាទឲ្យជំរឹតទារប្រាក់ឬដាក់ខែពីអ្នករត់ម៉ូតូឌុប ម៉ូតូកង់បីឡើយ ។
ចំពោះការចោទប្រកាន់នេះ ប៉ុស្តិ៍នឹងធ្វើការស្រាវជ្រាវរកមុខមន្ត្រីណាដែលបានប្រព្រឹត្តដើម្បីដាក់ទោសពិន័យតាមវិន័យលេខ៨៧៣ប្រក.របស់ក្រសួងមហាផ្ទៃឲ្យខាងតែបាន ៕
