សន្ដិសុខសង្គម

ខេត្តបន្ទាយមានជ័យ ៖កម្លាំងឈរជើងតាមបន្ទាត់ព្រំដែនត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការចំពោះមុខចាំបាច់មួយចំនួន

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖គណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្មីៗនេះ បានណែនាំនិងដាក់បញ្ជាដល់កម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការចំពោះមុខចាំបាច់មួយចំនួន។

នៅបណ្តោយព្រំដែនថៃ កម្ពុជា ភូមិសាស្ត្រស្រុកអារញ្ញាប្រាថេតខេត្តស្រះកែវនិងក្រុងប៉ោយប៉ែត កងកម្លាំងថៃបានដាំបង្គោលរបងនិងរាយលួសបន្លានៅចំណុចខ្លះ ។

មន្ត្រីបានឲ្យដឹងកាលពីថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២៥ ថា : ក្នុងកិច្ចប្រជុំគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានរំលឹកនិងជំរុញដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្ត ត្រូវបន្តរួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់ការរត់ពន្ធទំនិញគេចពន្ធ ពលករលួច ឆ្លងដែនខុសច្បាប់ ជាពិសេសការចរាចរគ្រឿងញៀនជាដើម ។

ទាក់ទិនស្ថានភាពទូទៅតាមបណ្តោយព្រំដែនកម្ពុជា ថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ខែកុម្ភ: ឆ្នាំ២០២៥ នៅព្រំដែនថៃ កម្ពុជា នៅភូមិសាស្ត្រស្រុកអារញ្ញាប្រាថេតខេត្តស្រះកែវ ទល់មុខនឹងភូមិសាស្ត្រក្រុងប៉ោយប៉ែតបន្ទាយមានជ័យ កងកម្លាំងការពារព្រំដែនថៃបានដាំបង្គោលនិងរាយលួសបន្លា, ជិះទូកល្បាតនៅចំណុចខ្លះ ដើម្បីបង្ការការពារពារ បទល្មើសទំនិញនិងមនុស្សឆ្លងដែន ៕