ព័ត៌មានជាតិ

ខេត្តកំពង់ចាមគ្រោងនឹងស្ថាបនាអនុស្ថានីយផលិតទឹកស្អាតចំនួនបីកន្លែងបន្ថែមទៀត

ដោយ៖ គង់ហេង
កំពង់ចាម៖ ដើម្បីបង្រីកបណ្តាញចែកចាយបម្រើសេវាទឹកស្អាត ជូនប្រជាពលរដ្ឋឱ្យបាននៅក្នុងខេត្តកំពង់ចាម និងស្រុកមួយចំនួនរបស់ខេត្តកណ្តាល និងខេត្តកំពង់ធំ អាជ្ញាធរគ្រោងនឹងស្ថាបនាអនុស្ថានីយចំនួន បី កន្លែងបន្ថែមទៀត ស្របពេលដែលស្ថានីយផលិតទឹកស្អាតបាននិងកំពុងដំណើរការសាងសង់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង ៨០ ភាគរយ។

នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក ពួន រុន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានិវត្តន៍ ខេត្តកំពង់ចាមដែលបានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនេះបានដឹកនាំមន្រ្តីបច្ចេកទេស និងមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ថានីយផលិតផលិតទឹកស្អាត និងពិនិត្យទីតាំងអនុស្ថានីយទី១ បន្ថែមកំពុងស្ថិតក្នុងដំណាក់កាលសិក្សាបឋម នៅក្រុងកំពង់ចាមនាព្រឹកថ្ងៃទី ២៤ កុម្ភៈ។

លោកប្រធានមន្ទីររូបនេះបាន បញ្ជាក់ឱ្យដឹងទៀតថា៖ អនុស្ថានីយទឹកស្អាតទាំងបីកន្លែងដែលកំពុងស្ថិតក្នុងការសិក្សាបឋម និងយកប្រភពទឹកពីទន្លេមេគង្គ ដូចស្ថានីយនៅក្រុងកំពង់ចាមដែរនោះ នឹងមានទីតាំងផលិតទឹកក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ពង្រីកបណ្តាញបញ្ជូននិងចែកចាយ ទៅកាន់ក្រុងកំពង់ចាម ,ស្រុកកំពង់សៀម និងស្រុកព្រៃឈរ ដោយមានតម្រូវការទឹក ៥០.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។

លោកបានបន្ថែមថា៖ អនុស្ថានីយទី២ បង្កើនការផលិតទឹកនៅស្រុកកងមាស ពង្រីកបណ្តាញបញ្ជូន និងចែកចាយ ទៅកាន់ស្រុកកងមាស,ជើងព្រៃ និងបន្ថែមស្រុករកាកោង ខេត្តកណ្តាល ដែលមានតម្រូវការទឹកចំនួន ២៧.៦០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងអនុស្ថានីយទី៣ ផលិតទឹកនៅស្រុកស្ទឹងត្រង់ ពង្រីកបណ្តាញបញ្ជូន និងចែកចាយទៅកាន់ស្រុកស្ទឹងត្រង់,ស្រុកចម្ការលើ ខេត្តកំពង់ចាម និងបន្ថែមស្រុកតាំងគោក ខេត្តកំពង់ធំ ដោយតម្រូវការទឹកចំនួន ២៧.៦០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ៕