អន្តរជាតិ

មូលហេតុដែលលោក Trump ជ្រើសរើសលោក Dan Caine ជាមេបញ្ជាការយោធាជាន់ខ្ពស់អាមេរិក – និងពេលដែលគាត់ក្លាយជាអ្នកគាំទ្រដ៏ពេញចិត្តរបស់ប្រធានាធិបតី

ប្រែសម្រួល៖ រតនា

ឧត្តមសេនីយ Dan Caine – ដែលទើបតែត្រូវបានតែងតាំងជាប្រធានគណៈមេបញ្ជាការរួម – ត្រូវបានជ្រើសរើសសម្រាប់តំណែងថ្មីរបស់គាត់ក្រោយពីក្លាយជាអ្នកគាំទ្រដ៏ពេញចិត្តរបស់ប្រធានាធិបតី Donald Trump អំឡុងពេលជួបប្រជុំជាមួយគាត់នៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៨។

នាយឧត្តមសេនីយ៍ Dan Caine ដែលលោកត្រាំទើបបានតែងតាំង

ចាប់តាំងពីការជួបគ្នានៅតំបន់សង្គ្រាមនោះមក លោក Trump បានសរសើរលោក Caine ជាបន្តបន្ទាប់ ដែលបានបម្រើការជាអនុប្រធានកងកម្លាំងប្រតិបត្តិការពិសេស ដែលកាលនោះកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។

លោក Trump បានហៅឧត្តមសេនីយ៍ផ្កាយ៣រូបនេះថាជា “កម្លាំងសំខាន់” ក្នុង “ការបំផ្លាញខាលីហ្វាត ISIS ទាំងស្រុង” នៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃសុក្រ – ដោយផ្តោតលើកេរ្តិ៍ឈ្មោះរបស់លោក Caine ថាជា “អ្នកចម្បាំង”។

ជោគជ័យរបស់លោក Caine នៅអ៊ីរ៉ាក់ ដែលមានរយៈពេលពីឆ្នាំ២០១៨-២០១៩ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រធានាធិបតី ដែលបានលើកឡើងពីឧត្តមសេនីយ៍រូបនេះជាច្រើនដងក្នុងសុន្ទរកថារបស់គាត់ចាប់តាំងពីពេលនោះមក។

“គាត់ជាឧត្តមសេនីយ៍ពិតប្រាកដ មិនមែនជាឧត្តមសេនីយ៍លើកញ្ចក់ទូរទស្សន៍ទេ” លោក Trump បាននិយាយនៅក្នុងក្រុង Miami កាលពីថ្ងៃពុធ ពីរថ្ងៃមុនពេលគាត់ប្រកាសនៅលើ Truth Social ថាលោក Dan “Razin” Caine គឺជាជម្រើសរបស់គាត់សម្រាប់តំណែងខ្ពស់បំផុតនៅក្នុងកងទ័ពអាមេរិក។

លោក Caine មិនមានប្រវត្តិរូបតាមបែបប្រពៃណីនៃប្រធានគណៈមេបញ្ជាការរួមទេ – ដោយគ្រាន់តែឡើងដល់ឋានន្តរស័ក្តិឧត្តមសេនីយ៍ផ្កាយ៣ និងមិនដែលដឹកនាំបញ្ជាការប្រយុទ្ធ ឬដឹកនាំផ្នែកយោធាណាមួយពីមុនមកទេ។

លោកឧត្តមសេនីយ៍ Caine បានកាន់តំណែងជាច្រើននៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ចាប់តាំងពីឆ្នាំ២០០៥ រួមទាំងជាជំនួយការពិសេសដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជានាយកគោលនយោបាយប្រឆាំងភេរវកម្មនៅក្រុមប្រឹក្សាសន្តិសុខមាតុភូមិនៃសេតវិមាន។

គាត់ក៏បានបម្រើការជានាយករងផ្នែកកិច្ចការយោធានៅ CIA មុនពេលចូលនិវត្តន៍កាលពីឆ្នាំមុន។

ជាអតីតអ្នកបើកយន្តហោះ F-16 លោក Caine ត្រូវបានចាត់តាំងឱ្យការពារទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្រោយការវាយប្រហារភេរវកម្ម។

ប្រធានាធិបតី Trump បានអះអាងថា លោក Caine “ទោះបីជាមានគុណវុឌ្ឍិខ្ពស់និងទទួលបានការគោរព” ត្រូវបាន “រំលងការដំឡើងឋានន្តរស័ក្តិដោយ Sleepy Joe Biden” នៅក្នុងការបង្ហោះការតែងតាំងរបស់គាត់នៅលើ Truth Social។

លោកឧត្តមសេនីយ៍ Caine នឹងត្រូវបានដំឡើងឋានន្តរស័ក្តិទៅជាឧត្តមសេនីយ៍ផ្កាយ៤ និងនឹងត្រូវទៅរដ្ឋសភាដែលគាត់នឹងត្រូវការការអនុម័តមុនពេលទទួលយកការទទួលខុសត្រូវនៃតួនាទីដែលទើបតែតែងតាំងថ្មីរបស់គាត់។

នាយទាហានជាន់ខ្ពស់អាមេរិកដែលលោកត្រាំទើបបានបណ្តេញចេញ

លោក Caine បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានយោធាវើជីនីញ៉ា ជាមួយនឹងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅឆ្នាំ១៩៩០។

មន្ត្រីយោធាជាន់ខ្ពស់ម្នាក់បាននិយាយថា លោក Caine នឹងព្យាយាមរក្សានយោបាយឱ្យនៅឆ្ងាយពីយោធា។

លោក Caine “ដាក់បេសកកម្មនិងកងទ័ពលើសពីនយោបាយ។ គាត់មិនមែនជាមនុស្សនយោបាយទេ” មន្ត្រីរូបនោះបាននិយាយ យោងតាម Associated Press។

មន្ត្រីរូបនោះបានបន្ថែមថា នៅពេលលោក Caine បានដឹងអំពីការតែងតាំងរបស់គាត់ កង្វល់ដំបូងរបស់គាត់គឺថាតើឧត្តមសេនីយ៍ Charles “CQ” Brown ដែលចេញពីតំណែងត្រូវបានថែទាំនិងទទួលបានការគោរពដែរឬទេ៕