អន្តរជាតិ

សហរដ្ឋអាមេរិកស្នើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដោយខ្លួនឯង ក្នុងឱកាសខួបទី៣នៃសង្គ្រាមនៅអ៊ុយក្រែន ក្រោយបដិសេធមិនគាំទ្រសេចក្តីថ្លែងការណ៍របស់អឺរ៉ុប

ប្រែសម្រួល៖ រតនា

សហរដ្ឋអាមេរិកបានស្នើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដោយឡែក ក្នុងឱកាសខួបលើកទី៣នៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បន្ទាប់ពីបានបដិសេធមិនគាំទ្រសេចក្តីសម្រេចដែលត្រូវបានព្រាងដោយក្រុងគីវ និងគាំទ្រដោយអឺរ៉ុប។

លោក ម៉ាកូ រូប៊ីអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បានពិពណ៌នាថាជា “សេចក្តីសម្រេចសាមញ្ញមួយដែលមានសារៈសំខាន់ប្រវត្តិសាស្ត្រ… ដែលយើងជំរុញឱ្យរដ្ឋសមាជិកទាំងអស់គាំទ្រ ដើម្បីគូសផ្លូវឆ្ពោះទៅរកសន្តិភាព” ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រ។

សេចក្តីព្រាងរបស់សហរដ្ឋអាមេរិក ដែល CNN បានឃើញ មិនបានថ្កោលទោសរុស្ស៊ីថាជាអ្នកឈ្លានពាននោះទេ ហើយក៏មិនបានទទួលស្គាល់បូរណភាពទឹកដីរបស់អ៊ុយក្រែនដែរ។

“សេចក្តីសម្រេចនេះស្របទៅនឹងទស្សនៈរបស់ប្រធានាធិបតី ត្រាំ ដែលថាអង្គការសហប្រជាជាតិត្រូវតែត្រឡប់ទៅរកគោលបំណងដើមរបស់ខ្លួនវិញ ដូចដែលបានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ រួមទាំងតាមរយៈការដោះស្រាយជម្លោះដោយសន្តិវិធី” នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក រូប៊ីអូ។

“ប្រសិនបើអង្គការសហប្រជាជាតិពិតជាប្តេជ្ញាចំពោះគោលបំណងដើមរបស់ខ្លួន យើងត្រូវតែទទួលស្គាល់ថា ទោះបីជាមានបញ្ហាប្រឈមកើតឡើងក៏ដោយ គោលដៅនៃសន្តិភាពយូរអង្វែងនៅតែអាចសម្រេចបាន” នេះជាសម្តីរបស់អ្នកការទូតជាន់ខ្ពស់អាមេរិករូបនេះ។ “តាមរយៈការគាំទ្រសេចក្តីសម្រេចនេះ យើងអះអាងថាជម្លោះនេះគឺជាជម្លោះដ៏អាក្រក់មួយ ដែលអង្គការសហប្រជាជាតិអាចជួយបញ្ចប់បាន ហើយសន្តិភាពអាចកើតមានឡើង។”

សេចក្តីសម្រេចនេះកើតឡើង ខណៈប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនការប្រឆាំងរបស់ខ្លួនចំពោះប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ហើយក្នុងពេលដែលអឺរ៉ុប និងអ៊ុយក្រែនភ័យខ្លាចថា ពួកគេនឹងត្រូវបានទុកចោល នៅពេលដែលសហរដ្ឋអាមេរិកបន្តទៅមុខក្នុងការចរចាជាមួយរុស្ស៊ី។

វាក៏កើតឡើងបន្ទាប់ពីលោក រូប៊ីអូ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន អាន់ដ្រី ស៊ីប៊ីហា កាលពីថ្ងៃសុក្រ “ដើម្បីបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី ត្រាំ ក្នុងការបញ្ចប់ជម្លោះនៅអ៊ុយក្រែន រួមទាំងតាមរយៈសកម្មភាពប្រកបដោយប្រសិទ្ធភាពនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេស តេមមី ប្រូស។

សេចក្តីព្រាងសម្រេចរបស់សហរដ្ឋអាមេរិកមានលក្ខណៈខ្លី។ វាសម្តែងការសោកស្តាយចំពោះ “ការបាត់បង់ជីវិតដ៏គួរឱ្យសោកសៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន” និងបញ្ជាក់ឡើងវិញថា “គោលបំណងចម្បងរបស់អង្គការសហប្រជាជាតិ ដូចដែលបានបញ្ជាក់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គឺដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី។”

សេចក្តីព្រាងសម្រេចនេះ “អំពាវនាវឱ្យបញ្ចប់ជម្លោះជាបន្ទាន់ និងជំរុញឱ្យមានសន្តិភាពយូរអង្វែងរវាងអ៊ុយក្រែន និងរុស្ស៊ី។”

ចំណែកឯសេចក្តីសម្រេចដែលត្រូវបានព្រាងដោយអ៊ុយក្រែនវិញ មានយោងដល់ “ការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនដោយសហព័ន្ធរុស្ស៊ី” និងរំលឹកឡើងវិញអំពីភាពចាំបាច់ក្នុងការអនុវត្តសេចក្តីសម្រេចទាំងអស់របស់សមាជទូទៅ “ដែលត្រូវបានអនុម័តក្នុងការឆ្លើយតបទៅនឹងការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។”

ការឆ្លើយឆ្លងការទូតក៏កំពុងដំណើរការរវាងសមាជិកក្រុម G7 លើសេចក្តីថ្លែងការណ៍រួមគ្នាក្នុងឱកាសខួបទី៣នៃសង្គ្រាម ដោយសហរដ្ឋអាមេរិកប្រឆាំងនឹងការប្រើពាក្យ “ការឈ្លានពានរបស់រុស្ស៊ី” នៅក្នុងឯកសារនោះ ដូចដែល CNN បានរាយការណ៍កន្លងមក។

មន្ត្រីអាមេរិក និងរុស្ស៊ីបានជួបសម្រាប់ការចរចាសំខាន់ៗនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីដើមសប្តាហ៍នេះ ដែលគណៈប្រតិភូអាមេរិកបានបង្ហាញថា នេះនឹងជាកិច្ចប្រជុំដំបូងក្នុងចំណោមកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីបញ្ចប់សង្គ្រាម។

បន្ទាប់ពីការចរចា លោក រូប៊ីអូ បាននិយាយថា សហរដ្ឋអាមេរិក និងរុស្ស៊ីនឹងតែងតាំងក្រុមកម្រិតខ្ពស់ដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយពួកគេកំពុងធ្វើការដើម្បីបង្កើតបណ្តាញការទូតឡើងវិញ។ លោកបាននិយាយថា “ការលះបង់” នឹងត្រូវធ្វើឡើងដោយ “គ្រប់ភាគីទាំងអស់” ដើម្បីបញ្ចប់ជម្លោះ។

រុស្ស៊ីបានទាមទារពីមុនមកថា អ៊ុយក្រែនត្រូវតែប្រគល់ការគ្រប់គ្រងលើដែនដីដ៏ធំរបស់ខ្លួន និងបោះបង់ចោលមហិច្ឆតាក្នុងការចូលជាសមាជិកអង្គការណាតូ — លក្ខខណ្ឌដែលក្រុងគីវបានបដិសេធ ខណៈដែលលោក ហ្សេឡិនស្គី បាននិយាយថា លោកនឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយដែលធ្វើឡើងដោយគ្មានវត្តមានអ៊ុយក្រែននោះទេ។

បន្ទាប់ពីកិច្ចប្រជុំនេះ លោក ត្រាំ កាលពីថ្ងៃអង្គារបានចោទប្រកាន់អ៊ុយក្រែនដោយមិនត្រឹមត្រូវថាបានចាប់ផ្តើមជម្លោះ និងបានលើកឡើងនូវចំណុចសំខាន់មួយទៀតរបស់ទីក្រុងមូស្គូ ដោយនិយាយថា ប្រធានាធិបតីអ៊ុយក្រែនគួរតែរៀបចំការបោះឆ្នោតដែលត្រូវបានព្យួរ ដោយសារប្រទេសរបស់លោកស្ថិតក្នុងស្ថានភាពសង្គ្រាម។

សង្គ្រាមពាក្យសម្តីជាសាធារណៈបានកើនឡើង បន្ទាប់ពីលោក ហ្សេឡិនស្គី បានចោទប្រកាន់លោក ត្រាំ ថាបានលើកឡើងនូវព័ត៌មានមិនពិតរបស់រុស្ស៊ី ដែលនាំឱ្យលោក ត្រាំ ហៅប្រធានាធិបតីអ៊ុយក្រែនថាជា “អ្នកផ្តាច់ការដែលគ្មានការបោះឆ្នោត” និងស្តីបន្ទោសលោកថាបានបង្ខំសហរដ្ឋអាមេរិកឱ្យចំណាយប្រាក់រាប់រយពាន់លានដុល្លារ “ដើម្បីចូលរួមសង្គ្រាមមួយដែលមិនអាចឈ្នះបាន។”

ការវាយប្រហារទាំងនេះកើតឡើង ខណៈប្រធានាធិបតីអាមេរិកបានបង្ហាញយ៉ាងច្បាស់ថា លោកចង់ឱ្យសង្គ្រាមបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន — ទោះបីជាមានន័យថាអ៊ុយក្រែននឹងបាត់បង់ទឹកដីបន្ថែមទៀតក៏ដោយ។ លោក ត្រាំ បានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន នៅពេលដែលលោកជ្រើសរើសធ្វើការសន្ទនាតាមទូរស័ព្ទរយៈពេល ៩០នាទី ជាមួយប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន មុនពេលនិយាយជាមួយលោក ហ្សេឡិនស្គី។

ការប្រកាសថាវ៉ាស៊ីនតោន និងមូស្គូនឹងចាប់ផ្តើមការចរចាដោយផ្ទាល់ បានបង្កឱ្យមានការភ័យខ្លាចនៅអ៊ុយក្រែន និងក្នុងចំណោមមិត្តភក្តិលោកខាងលិច។ មេដឹកនាំអឺរ៉ុបបានធ្វើកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃចន្ទ ដោយបញ្ជាក់ឡើងវិញថា ការចរចាសន្តិភាពមិនអាចកើតឡើងបានទេ បើគ្មានវត្តមានអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួននៅតុចរចា។

កាលពីដើមខែនេះ លោក ត្រាំ បានស្នើថា សហរដ្ឋអាមេរិកគួរតែទទួលបានសិទ្ធិចូលដំណើរការរ៉ែកម្រនៅអ៊ុយក្រែន ជាថ្នូរនឹងជំនួយ។ លោក ហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានស្នើឱ្យអ៊ុយក្រែន “ប្រគល់” ៥០% នៃរ៉ែកម្ររបស់ខ្លួន ដោយមិនផ្តល់ការធានាសន្តិសុខណាមួយជាថ្នូរឡើយ។ លោកបានបដិសេធគំនិតនោះ ដោយនិយាយថា៖ “ខ្ញុំមិនអាចលក់រដ្ឋរបស់យើងបានទេ។”

សារព័ត៌មាន Associated Press បានរួមចំណែកក្នុងរបាយការណ៍នេះ៕