សន្ដិសុខសង្គម

រថយន្តបុកម៉ូតូបណ្តាលឲ្យយុវជនម្នាក់បាត់បង់ជីវិតនៅនឹងកន្លែង

ដោយ៖ កំចាយ

កំពត÷ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងដោយសាររថយន្តបុកពេលកំពុងជិះម៉ូតូលើដងផ្លូវជាតិលេខ៣។ ហេតុការណ៍នេះបានកើតឡើងកាលពីអធ្រាត្រថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ ក្នុងទឹកដីភូមិល្អាង ឃុំល្អាង ស្រុកដងទង់។ សមត្ថកិច្ចបាននាំខ្លូនអ្នកបើកបររថយន្តទៅសាកសួរដើម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី ខៀវ​ សីហា​ អធិការរងស្រុកដងទង់បានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះក្នុងករណីខាងលើឈ្មោះ វឿន​ សិលា អាយុ ២០ឆ្នាំ មានទីលំនៅភូមិបរក្នុង​ ឃុំ​អង្គរមាស​ ស្រុក​ដងទង់ ខេត្ត​កំពត។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ពឹង​ វង់លី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

លោកអធិការរងបានរៀបរាប់ថា កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២១​ ខែកុម្ភ: មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត និងម៉ូតូពេលធ្វើដំណើរច្រាសទិសគ្នា។ មុនហេតុការណ៍កើតឡើង គេឃើញយុវជនម្នាក់ជិះម៉ូតូលើដងផ្លូវជាតិលេខ៣ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៧-១២៨ ស្រាប់តែមានរថយន្តLexus LM 350 មកពីមកបុកពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗតែម្តង។

លោកវរសេនីយ៍បានបញ្ជាក់ថា ក្នុងស្ថានភាពបែបនោះ ពលរដ្ឋនៅក្បែរកន្លែងកើតហេតុក៏បានឃាត់ខ្លួនអ្នកបើកបររថយន្ដ រួចប្រគល់ជូនសមត្ថកិច្ចដើម្បីដំណើរការតាមនីតិវិធី៕