កម្សាន្ដ

ជេនីហ្វ៊ើរ លូពេស(Jennifer Lopez)និង បិន អាហ្វ្លិក(Ben Affleck)បានលែងលះគ្នាជាផ្លូវការ

ប្រែសម្រួល៖ ស្រីនិច
ចៅក្រមតុលាការជាន់ខ្ពស់ឡូសអានជឺលេសបានអនុម័តការព្រមព្រៀងលែងលះរបស់ពួកគេនៅថ្ងៃទី៦ ខែមករា ហើយបានប្រកាសថា នឹងចូលជាធរមាននៅថ្ងៃទី២១ ខែកុម្ភៈ បន្ទាប់ពីរយៈពេល៦ខែដែលតម្រូវដោយរដ្ឋកាលីហ្វ័រញ៉ា ចាប់តាំងពីលូពេសបានដាក់ពាក្យស្នើសុំរំលាយអាពាហ៍ពិពាហ៍រយៈពេលពីរឆ្នាំរបស់ពួកគេ។ ឯកសារបានបញ្ជាក់ថា ពួកគេបានឈានដល់ការព្រមព្រៀងតាមរយៈការសម្របសម្រួលកាលពីខែកញ្ញាឆ្នាំមុន ដោយជៀសវាងការប្រយុទ្ធគ្នាក្នុងតុលាការដ៏យូរអង្វែងដូចគូស្វាមីភរិយាល្បីៗផ្សេងទៀត។

លូពេសឥឡូវនេះលែងប្រើឈ្មោះ អាហ្វ្លិក ជាឈ្មោះស្របច្បាប់របស់នាងទៀតហើយ។ ព័ត៌មានលម្អិតភាគច្រើនអំពីហិរញ្ញវត្ថុត្រូវបានរក្សាទុកជាឯកជន ប៉ុន្តែតារាទាំងពីររូបនឹងមិនបង់ប្រាក់ឧបត្ថម្ភដល់គ្នាទៅវិញទៅមកទេ ហើយពួកគេក៏មិនមានកូនរួមគ្នាដែរ ដូច្នេះមិនមានបញ្ហាអំពីការថែទាំកូនឡើយ។

គូស្វាមីភរិយាតារាល្បីនេះបានរៀបការនៅខែកក្កដា ឆ្នាំ២០២២។ លូពេសបានដាក់ពាក្យសុំលែងលះនៅខែសីហា ឆ្នាំ២០២៤។ ការដាក់ពាក្យបានបង្ហាញថា ពួកគេបានបែកគ្នាអស់រយៈពេលជាងមួយឆ្នាំមុននោះ។

នេះគឺជាលើកទីពីរហើយដែលពួកគេជាគូស្នេហ៍។ នៅដើមទសវត្សរ៍ឆ្នាំ២០០០ ពួកគេបានជួបគ្នា ស្រឡាញ់គ្នា ភ្ជាប់ពាក្យគ្នា និងសម្តែងរួមគ្នាក្នុងខ្សែភាពយន្តដែលមិនសូវទទួលបានជោគជ័យ “Gigli” និង “Jersey Girl” នៅឆ្នាំ២០០៤។ ពួកគេបានបែកគ្នានៅឆ្នាំដដែលនោះ ដោយចោទថាមួយផ្នែកដោយសារសម្ពាធពីសាធារណជន។

ប៉ុន្តែទៅតាមក្តីរំភើបរបស់អ្នកគាំទ្រជាច្រើន និងប្រហែលជាការមន្ទិលសង្ស័យរបស់អ្នកខ្លះ ពួកគេបានត្រឡប់មកជួបគ្នាវិញពីរទសវត្សរ៍ក្រោយមក ហើយបានរៀបការ។

អាហ្វ្លិកបានលែងលះជាមួយជេនីហ្វ៊ើរ ហ្គាណឺ ដែលមានកូនបីនាក់ជាមួយគ្នា នៅឆ្នាំ២០១៨។ លូពេសបានរៀបការចំនួនបួនដង និងមានកូនភ្លោះជាមួយអ្នកចម្រៀង ម៉ាក អាន់ថូនី៕
ប្រភព៖ AP/gy