ដោយៈសិរីមតី
ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វ នាថ្ងៃទី២១ ខែកុម្ភៈ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន និងធ្វើសិក្ខាសាលាស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាពលើវិស័យចិញ្ចឹមសត្វ។ នេះជាព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំ ហើយមានសារៈសំខាន់សម្រាប់វិស័យ ដែលមានអ្នកចូលរួមប្រមាណជា៥០០ នាក់ មកពីភាគីពាក់ព័ន្ធក្នុងវិស័យចិញ្ចឹមសត្វ រួមទាំងដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បានមានប្រសាសន៍ថា៖កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម និងសិក្ខាសាលាស្តីពីដំណោះស្រាយប្រកបដោយ និរន្តរភាពលើវិស័យចិញ្ចឹមសត្វ ជាព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំ ហើយមានសារៈសំខាន់ សម្រាប់វិស័យចិញ្ចឹមសត្វដូចជា ជ្រូក គោ ក្របី ចៀម ពពែ និងបសុបក្សី ព្រមទាំងរោងចក្រផលិតចំណីសត្វ ក្រុមហ៊ុនផ្គត់ផ្គង់ចំណីសត្វ ក្រុមហ៊ុនផ្គត់ផ្គង់ថ្នាំសត្វ ក្រុមហ៊ុនលក់ឧបករណ៍សម្រាប់បម្រើនៅក្នុងវិស័យចិញ្ចឹមសត្វ អ្នកកែច្នៃ អ្នកលក់សាច់ ស្ថាប័នផ្នែកអប់រំវិទ្យា សាស្រ្តសត្វ ។
លោកបានឱ្យដឹងថា៖គោលបំណងរបស់កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមគឺ ដើម្បីបង្ហាញអំពីលទ្ធផល សម្រេចបានក្នុងឆ្នាំ២០២៤ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ និងវឌ្ឍនភាពវិស័យ ចិញ្ចឹមសត្វនៅកម្ពុជា។កិច្ចប្រជុំប្រចាំឆ្នាំ ភ្ជាប់ជាមួយសិក្ខាសាលាស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាពលើវិស័យចិញ្ចឹមសត្វដែលនឹងណែនាំបច្ចេកទេស បច្ចេកវិទ្យា និងសេវាកម្មគាំ ទ្រដល់វិស័យចិញ្ចឹមសត្វ។មិនតែប៉ុណ្ណោះដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម សិក្ខាសាលាបានណែនាំអំពីការគ្រប់គ្រងកសិដ្ឋានដែលធន់នឹងការប្រែប្រួលអាកាសធាតុការបង្ការនិងគ្រប់គ្រងជំងឺប៉េស្ត ជ្រូកអាហ្វ្រិកនិងបច្ចេកទេសគ្រប់គ្រងចំណាយឱ្យមានប្រសិទ្ធភាពការធ្វើឲ្យប្រសើរឡើងនូវវិធានការ ជីវសុវត្ថិភាព សុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងអំពីភាព ស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) និងការកាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ(AMR)ដែលបណ្តាលមកពីចំណីអាហារនិងណែនាំជម្រើសផ្សេងៗជំនួសឱសថប្រឆាំងរោគនៅក្នុងផលិតកម្មបសុបក្សី។
លោកបានលើកឡើងថា៖រយៈពេល ១០ឆ្នាំចុងក្រោយនេះ វិស័យចិញ្ចឹមសត្វនៅតែបន្តរក្សាបានវឌ្ឍនភាពពីមួយឆ្នាំទៅមួយឆ្នាំមិនឈប់ឈរពោលគឺយើងបានផ្តើមពីការចិញ្ចឹមដែលមានលក្ខណៈគ្រួសារ រហូតបានក្លាយជាការចិញ្ចឹមបែបពាណិជ្ជកម្មទំនើប ដូចបណ្តាប្រទេសនានា ហើយមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកយ៉ាងពេញលេញទៀងទាត់ និងមានផលិតកម្មសត្វមួយចំនួន អាចនាំចេញ ទៅក្រៅទេសទៀតផង។
តាំងពីដើមឆ្នាំ២០២៤មកនេះ វិស័យចិញ្ចឹមសត្វយើងមានដំណើរការជាវិជ្ជមានជាប ណ្តើរៗ ពិសេសលើផ្នែកទីផ្សារដែលធ្វើឱ្យសហគ្រិនខ្មែរយើងជាពិសេសសមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដែលស្រលាញ់ពេញចិត្តវិស័យនេះមានទឹកចិត្តឡើងវិញ ហើយក៏បានជំរុញថ្នាក់ដឹកនាំសមាគមឱ្យបន្តតាមដាន និងស្វែងរកការគាំទ្រលើគោល នយោបាយ និងស្វះស្វែងចូលជួបប្រជុំពិភាក្សាការងារជាមួយក្រសួងស្ថាប័នមានសមត្ថ កិច្ចពាក់ព័ន្ធដើម្បីជួយដល់វិស័យចិញ្ចឹមសត្វ និងធានាដល់សុខុមាលភាពសង្គមផងដែរ។
លោកស៊្រុន ពៅ បានសំណូមពរដល់ អ្នកពាក់ព័ន្ធ មេត្តាបន្តជួយគាំទ្រសកម្មភាពនានារបស់សមាគមជាបន្តទៀត ដើម្បីធ្វើឱ្យ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្លាយជាចលករដ៏ខ្លាំងមួយក្នុងការលើកកម្ពស់សុខភាព សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀងជាតិ និងជំរុញវិស័យចិញ្ចឹមសត្វនៅកម្ពុជាឱ្យ កាន់តែរឹងមាំប្រកបដោយគុណភាព ដើម្បីចូលរួមកសាង និងពង្រឹងគ្រឹះសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកបានគូសបញ្ជាក់ថា៖« វិស័យចិញ្ចឹមសត្វ គឺជាវិស័យដ៏សំខាន់មួយនៅក្នុងវិស័យកសិកម្ម ហើយបានជួយផ្តល់វិភាគទានដ៏ធំមួយនៅក្នុងកំណើនសេដ្ឋកិច្ចជាតិយើង។មិនតែប៉ុណ្ណោះទៀត វិស័យចិញ្ចឹមសត្វបានជួយគាំទ្រដល់វិស័យនានានៅក្នុងវិស័យកសិកម្ម និងវិស័យផ្សេងទៀត ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋ ការបង្កើនចរន្តប្រមូលទិញវត្ថុធាតុដើមសម្រាប់ ផលិតចំណីសត្វក្នុងស្រុក និងការបង្កើនសកម្មភាពអាជីវ កម្មខ្នាតតូច និងខ្នាតមធ្យមក្នុងស្រុក ឱ្យកាន់តែផុលផុសឡើងៗ ថែមទៀតផង»។
ថ្លែងបើកកិច្ចប្រជុំនិងសិក្ខាសាលា លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិកាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖«ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទតែងចាត់ទុកវិស័យផលិតកម្មសត្វ ជាអនុវិស័យដ៏មានសារៈសំខាន់មួយនៅក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ហើយតែងតែគាំទ្រនិងជួយជំរុញអនុវិស័យនេះឱ្យឈានទៅរកនិរន្តរភាពស្ថិរភាពវឌ្ឍនភាពនិងវិបុលភាព»។
លោកជំទាវរដ្ឋលេខាធិការ បានកត់សម្គាល់ថា៖ផលិតកម្មសត្វក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ មានការរីកចម្រើនគួរឱ្យកត់សំគាល់ បើទោះជាយើងមានជួបបញ្ហាប្រឈមមួយចំនួនត្រូវដោះស្រាយជាប្រចាំក៏ដោយ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រសួងពាក់ពន្ធ័តែងតែចូលរួមដោះស្រាយ និងជួយគាំទ្រលើគោលនយោបាយសម្រាប់អនុវិស័យផលិតកម្មសត្វ ស្របតាមការលើកឡើងរបស់ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។
លោកជំទាវបានជម្រាបថា៖ រាជរដ្ឋាភិបាលបានកំណត់គោលដៅសម្រាប់ពាណិជ្ជកម្មកសិកម្ម ដើម្បីបង្កើនផលិតផលក្នុងស្រុកសរុប(GDP)ឱ្យបាន៣០ភាគរយនៅក្នុងឆ្នាំ២០២៥នេះដែលក្នុងឆ្នាំ២០១៣ កំណើនផលិតផលជាតិសរុបដែលបានមកពីពាណិជ្ជកម្មកសិកម្មមានទំហំស្មើនឹង២៤ភាគរយប៉ុណ្ណោះ។ ស្ថិតក្នុងការវិវត្តន៍យ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អនុវិស័យផលិតកម្មសត្វ ពិតជាចូលរួមជួយជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឈានហួសដល់គោលដៅនេះយ៉ាងពិតប្រាកដ ដែលក្នុងពេលបច្ចុប្បន្ននេះ មានផលិតផលកសិកម្មកម្ពុជាក្នុងបរិមាណគួរឱ្យកត់សម្គាល់ត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាង ហើយនាងខ្ញុំក៏បានទទួលរបាយការណ៍ថា មានការនាំចេញជ្រូករស់ពីកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសផងដែរដែលនេះបានបង្ហាញពីវឌ្ឍនភាពមួយគួរជាទីមោទនភាព៕
