កីឡា

លោក រ៉ូបិន អាម៉ូរីម លើកឡើងពីការសារភាពគួរឱ្យភ្ញាក់ផ្អើលអំពីការងាររបស់គាត់នៅក្លិបម៉េនឆេស្ទ័រ យូណៃធីត ខណៈពេលត្រៀមប្រកួតជាមួយក្រុមអេវឺតុនដែលកំពុងងើបឡើងវិញក្រោមការដឹកនាំរបស់លោក ដេវីដ ម៉យ៉េស នៅការប្រកួតចុងក្រោយនៅកីឡដ្ឋាន ហ្គូឌីសុន ផាក

ប្រែសម្រួល៖ ប្រុសស្អាត

លោក រ៉ូបិន អាម៉ូរីម បានទទួលស្គាល់ថា លោក ដេវីដ ម៉យ៉េស កំពុងធ្វើការងារបានល្អប្រសើរជាងគាត់ក្នុងការស្ដារក្រុមអេវឺតុនឡើងវិញ បើប្រៀបធៀបនឹងការងាររបស់គាត់នៅក្លiបម៉ង់ឆេស្ទ័រ យូណៃធីត។

លោក ម៉យ៉េស បានដឹកនាំក្រុមឈ្នះ៤ប្រកួតក្នុងចំណោម៦ប្រកួតនៃក្របខណ្ឌភ្រីមៀរលីក និងចាញ់តែមួយប្រកួតប៉ុណ្ណោះ ចាប់តាំងពីត្រឡប់មកកាន់កីឡដ្ឋាន ហ្គូឌីសុន ផាក ជាកន្លែងដែលក្រុមម៉ង់ឆេស្ទ័រ យូណៃធីត នឹងត្រូវប្រកួតនៅថ្ងៃសៅរ៍នេះ។

ផ្ទុយមកវិញ លោក អាម៉ូរីម មានតែ៤ជ័យជម្នះ និង៨ការបរាជ័យក្នុងចំណោម១៤ប្រកួតនៃក្របខណ្ឌលីក ហើយក្រុមម៉ង់ឆេស្ទ័រ យូណៃធីត បានធ្លាក់ចុះក្រោមក្រុមអេវឺតុន ដោយស្ថិតនៅលេខ១៥ក្នុងតារាងពិន្ទុ។

នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាក្រុមអេវវតុនមានភាពរីកចម្រើនក្រោមការដឹកនាំរបស់គ្រូថ្មី ខណៈដែលក្រុមម៉ង់ឆេស្ទ័រ យូណៃធីត មិនមាន លោក អាម៉ូរីម បានឆ្លើយដោយស្មោះត្រង់ថា៖ “លោក ដេវីដ ម៉យ៉េស កំពុងធ្វើការងារបានល្អជាងខ្ញុំ វាសាមញ្ញណាស់។”

“យើងត្រូវទទួលស្គាល់សមត្ថភាពរបស់កីឡាករអេវឺតុន និងជាពិសេសគ្រូបង្វឹករបស់អេវឺតុន ហើយយើងត្រូវធ្វើដូចគ្នានេះដែរ។”

“វាជាការងារដ៏អស្ចារ្យរបស់លោក ដេវីដ ម៉យ៉េស ក្នុងការស្ដារក្រុមឡើងវិញ។ អ្នកអាចដឹងថាក្រុមមានទំនុកចិត្តនិងជំនឿចិត្ត”

“ពេលខ្លះវាធ្វើឱ្យអស់សង្ឃឹមនៅពេលឮសំឡេងខ្លាំងៗថា ‘ម៉ង់ឆេស្ទ័រ យូណៃធីត ឈ្នះតែ៤ប្រកួតក្នុងចំណោម១៤ប្រកួត’។ វាធ្វើឱ្យអ្នកខឹងខ្លាំងណាស់។”

លោក ម៉យ៉េស គឺជាគ្រូបង្វឹកដំបូងគេដែលជំនួសលោក សឺ អាឡិច ហ្វឺហ្គូសុន នៅក្លិបម៉ង់ឆេស្ទ័រ យូណៃធីត ហើយជិត១២ឆ្នាំក្រោយមក ភាពជោគជ័យរបស់គ្រូបង្វឹកជនជាតិស្កុតរូបនេះនៅតែជាស្រមោលគ្របដណ្ដប់លើលោក អាម៉ូរីម។

“វាបង្ហាញថានេះជាការងារដ៏លំបាក” គ្រូបង្វឹកវ័យ៤០ឆ្នាំរូបនេះបានបន្ថែម ដែលគាត់ក៏ធ្លាប់ចរចាជាមួយក្លិបវេស្ថហាំកាលពីខែមេសាឆ្នាំមុន អំពីការជំនួសលោក ម៉យ៉េស នៅកីឡដ្ឋាន ឡុងដុន ស្តាឌៀម។

“យើងត្រូវព្យាយាមយល់ពីប្រវត្តិសាស្ត្រ។ ក្លិបនេះមានរូបភាពរបស់លោក សឺ អាឡិច ហ្វឺហ្គូសុន ដែលអ្នកមិនអាចជំនួសបាន។”

“អ្វីៗទាំងអស់ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយមនុស្សម្នាក់ ហើយនៅពេលមនុស្សម្នាក់នោះចាកចេញទៅ វាពិតជាលំបាកណាស់។”

លោក អាម៉ូរីម ចង់ពន្យារពេលចូលរួមជាមួយក្លិបម៉ង់ឆេស្ទ័រ យូណៃធីត ពីក្លិបស្ប៉តទីង លីសបោន រហូតដល់រដូវក្តៅ ហើយទទួលស្គាល់ថានោះនឹងល្អជាង ដោយបន្ថែមថា៖ “ខ្ញុំគិតថាវាច្បាស់ណាស់។ វាជារឿងធម្មតា។ នៅពេលអ្នកចាប់ផ្តើមរដូវកាលថ្មី វាខុសគ្នាទាំងស្រុង។”

“ខ្ញុំមានហេតុផលរបស់ខ្ញុំក្នុងការស្នើសុំវា ហើយខ្ញុំមានហេតុផលសំខាន់បំផុតក្នុងការទទួលយកការងារនេះ។ ខ្ញុំដឹងថាវានឹងលំបាក និងមានហានិភ័យ ប៉ុន្តែនេះគឺជាក្លិបម៉ង់ឆេស្ទ័រ យូណៃធីត ហើយអ្នកមិនអាចបដិសេធបានទេ។”