ព័ត៌មានជាតិ

រដ្ឋបាលខេត្តឧត្តរមានជ័យថាភាពអង់អាចក្លាហាននិងការលះបង់របស់កម្លាំងជួរមុខ ពិតជាគួរឲ្យគោរពកោតស្ញប់ស្ញែង

ដោយ : បន្ទាយ

ឧត្តរមានជ័យ : លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៥ បានដឹកនាំប្រតិភូទៅសួរសុខទុក្ខបងប្អូនកងកម្លាំងជួរមុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ ចំណុចបង្គោលព្រំដែនលេខ៣ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះ លោកក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កម្លាំងឈរជើងការពារបន្ទាត់ព្រំដែន។

ទន្ទឹមនឹងនេះ លោកថា លោកពិតជាមានមោទនភាពដែលបានទៅដល់បង្គោលព្រំដែនលេខ៣ លើជួរភ្នំដងរែកក្នុងភូមិសាស្ត្រអន្លង់វែង ដែលកងកម្លាំងរបស់យើងក្លាហាន លះបង់គ្រប់បែបយ៉ាងដើម្បីថែរក្សាការពាបូរណភាពទឹកដីឲ្យបន្តបានគង់វង្ស៕