ដោយ៖ គង់ហេង

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាលនឹងបញ្ចេញកញ្ចប់ថវិកាជាក់លាក់ ចាប់ផ្តើមពីចំនួន ១០០លានដុល្លារអាមេរិក និងអាចបន្ថែមក្នុងករណីចាំបាច់ ដើម្បីប្រមូលទិញកសិផលពីកសិករ នៅរាល់រដូវប្រមូលផល និងដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ទូទាំងប្រទេស។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងបែបនេះ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានរៀបចំឡើងនៅក្នុងមន្ទីរនេះ នាព្រឹកថ្ងៃទី ២១ កុម្ភៈ។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងក្នុងសុន្ទរកថាកម្រាស់ជាង ៥ ទំព័របញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត កម្មវិធីនយោបាយ អាទិភាពទី៥ និងទី៦ ត្រីវិស័យក្នុងជំរុញគោលនយោបាយកសិកម្ម ឈានទៅរកភាពជោគជ័យ ធានាបាននូវស្ថិរភាព ការផ្គត់ផ្គង់និងតម្លៃ តាមរយៈជំរុញសហគមន៍ កសិកម្មទំនើបដែលបម្រើឱ្យ វិស័យកសិកម្មទាំងមូល ព្រមទាំងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំឱ្យចំទិសដៅ និងដល់មូលដ្ឋាន ក្នុងការជួយដល់កសិករ ទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តមបានបញ្ជាក់ទៀតថា៖ អាទិភាពទី៥-ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០ លានដុល្លារអាមេរិក និងអាចវិភាជថវិកាបន្ថែមប្រសិនបើមានតម្រូវការចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃ នៅរាល់រដូវប្រមូលផល ជាពិសេសលើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងទៀតតាមការចាំបាច់។
ឯកឧត្តមបានបន្ថែមថា៖ អាទិភាពទី៦- ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាម ទីជនបទ ទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារ កសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការបង្ខិតសេវាឱ្យបានទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាននៅគ្រប់ឃុំទាំងអស់នៅជនបទទូទាំងប្រទេស ដើម្បីជួយដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតភាពកសិកម្ម និងប្រាក់ចំណូល និងដើម្បីឱ្យកសិករនៅគ្រប់ឃុំ-សង្កាត់ ទទួលបានសេវាកម្មកសិកម្ម។
ឯកឧត្តមបានបន្តថា៖ គោលនយោបាយនេះក៏នឹងជួយជំរុញការអនុវត្តការងាររបស់រាជរដ្ឋាភិបាលទាក់ទងនឹងវិស័យកសិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្ខិតការផ្តល់សេវាកសិកម្មឱ្យដល់កសិករនៅតាមមូលដ្ឋានតែម្តង។ លើសពីនេះ មន្ត្រីកសិកម្ម ឃុំ-សង្កាត់ នឹងជួយទៅដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសថ្នាក់ឃុំ ក្នុងការអនុវត្តសកម្មភាពចាំបាច់ក្នុងការជួយដល់កសិករ និងសហគមន៍កសិករ ដោយផ្សារភ្ជាប់នឹងបណ្តាញខ្សែសង្វាក់ ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចនៃផលិតកម្មកសិកម្ម កាត់បន្ថយថ្លៃដើមផលិតកម្ម និងមានភាពប្រកួតប្រជែងខ្ពស់ សំដៅលើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់កសិករ។ សម្រាប់ខេត្តកំពង់ចាមបានចំនួន ៧៤ឃុំ លើ ១០៩ឃុំ-សង្កាត់៕
