កីឡា

ការសម្រេចចិត្តរបស់អាជ្ញាកណ្តាលធ្វើឱ្យគ្រូបង្វឹក Ancelotti ខឹងខ្លាំង ពេលក្រុម Real ស្មើជាមួយ Osasuna

ប្រែសម្រួល៖ ស្រីនិច
ក្រុង PAMPLONA, ប្រទេសអេស្ប៉ាញ៖ គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានខឹងយ៉ាងខ្លាំងចំពោះការសម្រេចចិត្តជាច្រើនរបស់អាជ្ញាកណ្តាល ក្នុងការប្រកួតដែលស្មើ ១-១ ជាមួយក្រុម Osasuna កាលពីថ្ងៃសៅរ៍ ដែលបានបន្តនូវលទ្ធផលមិនឈ្នះរបស់ពួកគេក្នុង LaLiga ទៅដល់បីប្រកួត។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានរិះគន់ប្រព័ន្ធ VAR ដែលមិនបានចូលអន្តរាគមន៍ក្នុងករណីប៉េណាល់ទីបីដែលអាចកើតមាន ចំពោះអ្វីដែលគាត់គិតថាជាការប្រព្រឹត្តខុសលើ Vinicius Jr និង Jude Bellingham និងការប៉ះបាល់ដោយដៃក្នុងប្រអប់ប៉េណាល់ទីដោយ Alejandro Catena។

ក្រោយពីមានការខកចិត្តដែល Bellingham ត្រូវបានបង្ហាញកាតក្រហមដោយផ្ទាល់ពី Jose Munuera Montero នៅវគ្គទីមួយ Ancelotti កាន់តែខឹងខ្លាំងនៅដើមវគ្គទីពីរ ពេលអាជ្ញាកណ្តាលបានផ្តល់ប៉េណាល់ទីឱ្យក្រុម Osasuna បន្ទាប់ពីគាត់ត្រូវបានហៅដោយ VAR ឱ្យត្រួតពិនិត្យការជាន់ជើងរបស់ Eduardo Camavinga លើជើងរបស់ Ante Budimir ក្នុងប្រអប់ប៉េណាល់ទីរបស់ក្រុម Real។ ខ្សែប្រយុទ្ធសញ្ជាតិក្រូអាត Budimir បានស៊ុតប៉េណាល់ទីចូលតាមស្មើនឹងគ្រាប់បាល់នាំមុខរបស់ Kylian Mbappe នៅវគ្គទីមួយ។

“ខ្ញុំជឿថាមានរឿងមួយចំនួនបានកើតឡើងក្នុងបីប្រកួតចុងក្រោយនេះ ដែលគ្រប់គ្នាបានឃើញ ហើយខ្ញុំមិនចង់និយាយបន្ថែមទេ ព្រោះខ្ញុំរង់ចាំទៅអង្គុយលើកៅអីក្នុងការប្រកួតបន្ទាប់” Ancelotti បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍។

“អាជ្ញាកណ្តាលបានបង្ហាញកាតពណ៌លឿងដល់ខ្ញុំ បន្ទាប់ពីខ្ញុំប្រាប់គាត់ថាមានការប៉ះបាល់ដោយដៃក្នុងប្រអប់ប៉េណាល់ទីរបស់ Osasuna ហើយគាត់គួរតែទៅពិនិត្យមើលនៅ VAR… ពួកគេប្រហែលជាបានបើក VAR នៅពេលក្រោយ…”
Ancelotti ក៏បានត្វ៉ាអំពីកាតក្រហមដែលបានបង្ហាញដល់ Bellingham នៅនាទីទី ៣៩ ដោយលើកឡើងថា ខ្សែបម្រើសញ្ជាតិអង់គ្លេសមិនបានជេរប្រមាថអាជ្ញាកណ្តាលក្នុងអំឡុងពេលជជែកគ្នាជាច្រើនដងរវាងកីឡាករ Real Madrid ជាមួយមន្ត្រីប្រកួតឡើយ។
ការខឹងសម្បាររបស់ Ancelotti បានបន្ថែមប្រេងលើភ្លើងនៃជម្លោះរវាងក្រុម Real ជាមួយការធ្វើជាអាជ្ញាកណ្តាល បន្ទាប់ពីក្លឹបបានត្វ៉ាប្រឆាំងនឹងមន្ត្រីប្រកួតនៃលីគអេស្ប៉ាញកាលពីដើមខែកុម្ភៈ។

ក្រុម Real រកបានមួយពិន្ទុដើម្បីនៅតែឈរនៅកំពូលតារាង LaLiga ក្នុងការប្រជែងពានដែលកំពុងមានភាពតានតឹង។

ក្រុមរបស់ Ancelotti មាន ៥១ ពិន្ទុ នាំមុខក្រុម Atletico Madrid ដែលឈរនៅលេខពីរមួយពិន្ទុ និងលើសក្រុម Barcelona ដែលឈរនៅលេខបីបីពិន្ទុ ដែលនៅសល់មួយប្រកួតក្នុងដៃ៕
ប្រភព៖ Reuters