ប្រែសម្រួល៖ស-សម្បត្តិ
គីវ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី១៣ កុម្ភៈ) ថា អ៊ុយក្រែននឹងត្រូវចូលរួមក្នុងការចរចាសន្តិភាពជាមួយរុស្ស៊ី ទោះបីជាគីវបានលើកឡើងថា វានឹងមុនពេលក្នុងការនិយាយជាមួយមូស្គូនៅក្នុងសន្និសីទសន្តិសុខនៅថ្ងៃសុក្រក៏ដោយ។

លោកត្រាំ ដែលថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន បានមានប្រសាសន៍ថា អ៊ុយក្រែននឹងមានកៅអីនៅតុចរចាក្នុងអំឡុងពេលចរចាសន្តិភាពជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម។
“ពួកគេជាផ្នែកមួយនៃវា។ យើងនឹងមានអ៊ុយក្រែន និងយើងមានរុស្ស៊ី ហើយយើងនឹងមានមនុស្សផ្សេងទៀតចូលរួម មនុស្សជាច្រើន” លោកត្រាំបានមានប្រសាសន៍។
នៅពេលត្រូវបានសួរថាតើលោកជឿទុកចិត្តលោកពូទីនឬទេ លោកបាននិយាយថា៖ “ខ្ញុំជឿថាគាត់ចង់ឃើញមានអ្វីមួយកើតឡើង។ ខ្ញុំជឿទុកចិត្តគាត់លើបញ្ហានេះ។”
លោកត្រាំបានមានប្រសាសន៍ថា មន្ត្រីអាមេរិក និងរុស្ស៊ីនឹងជួបគ្នានៅទីក្រុងម្យូនិចនៅថ្ងៃសុក្រ ហើយអ៊ុយក្រែនក៏ត្រូវបានអញ្ជើញផងដែរ។
ទោះយ៉ាងណា ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី បាននិយាយថា គីវមិនរំពឹងថានឹងមានការចរចាជាមួយភាគីរុស្ស៊ីនៅក្នុងសន្និសីទសន្តិសុខម្យូនិចប្រចាំឆ្នាំនៅថ្ងៃសុក្រនោះទេ ហើយជឿថាសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ុយក្រែនត្រូវការជំហររួមមួយមុនពេលចរចាជាមួយមូស្គូ។
លោកត្រាំក៏បានលើកឡើងប្រាប់អ្នកសារព័ត៌មានថា នឹងមានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ទោះបីជាមិនមែនជាថ្នាក់ដឹកនាំក៏ដោយ មកពីប្រទេសទាំងបីនៅអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ក្រោយ ដែលមានគោលបំណងបញ្ចប់សង្គ្រាម។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ម៉ាកូ រូប៊ីអូ បានពិភាក្សាអំពី “តម្រូវការការទូតដ៏ក្លាហាន” ដើម្បីបញ្ចប់សង្គ្រាមក្នុងការសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន អាន់ដ្រី ស៊ីប៊ីហា នេះបើយោងតាមក្រសួងការបរទេស។
ទីផ្សារហិរញ្ញវត្ថុរុស្ស៊ីបានកើនឡើងយ៉ាងខ្លាំង ហើយតម្លៃបំណុលរបស់អ៊ុយក្រែនបានកើនឡើងដោយសារការរំពឹងទុកនៃការចរចាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំដើម្បីបញ្ចប់សង្គ្រាមដ៏មហាវិនាសបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២។
ការផ្តួចផ្តើមឯកតោភាគីរបស់លោកត្រាំទៅកាន់លោកពូទីនកាលពីថ្ងៃពុធ ដែលមានការសម្របសម្រួលជាក់ស្តែងលើការទាមទារសំខាន់ៗរបស់អ៊ុយក្រែន បានបង្កើតការព្រួយបារម្ភសម្រាប់ទាំងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុបនៅក្នុងណាតូ ដែលបាននិយាយថាពួកគេខ្លាចសេតវិមានអាចធ្វើកិច្ចព្រមព្រៀងដោយគ្មានពួកគេ។
“យើង ក្នុងនាមជាប្រទេសអធិបតេយ្យមួយ នឹងមិនអាចទទួលយកកិច្ចព្រមព្រៀងណាមួយដោយគ្មានយើងនោះទេ” លោកហ្សេឡិនស្គីបានមានប្រសាសន៍។
អ៊ុយក្រែននឹងចូលរួមក្នុងការចរចាសន្តិភាព “ជាក់ជាមិនខាន” តាមវិធីណាមួយ ប៉ុន្តែនឹងមានផ្លូវចរចាទ្វេភាគីមួយផ្សេងទៀតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ភេសកូវ។
អេមីរ៉ាតអារ៉ាប់រួមបានប្រាប់សហរដ្ឋអាមេរិកថា ខ្លួនក៏ចង់រៀបចំកិច្ចចរចាដែលមានគោលបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនផងដែរ នេះបើយោងតាមរ៉យទ័រ។
មន្ត្រីអឺរ៉ុបបានប្រកាន់ជំហរយ៉ាងមុឺងម៉ាត់ជាសាធារណៈចំពោះការផ្តួចផ្តើមសន្តិភាពរបស់លោកត្រាំទៅកាន់លោកពូទីន ដោយនិយាយថា កិច្ចព្រមព្រៀងណាមួយនឹងមិនអាចអនុវត្តបានទេ លុះត្រាតែពួកគេ និងជនជាតិអ៊ុយក្រែនត្រូវបានរួមបញ្ចូលក្នុងការចរចាវា។
“ដំណោះស្រាយរហ័សណាមួយ គឺជាកិច្ចព្រមព្រៀងកខ្វក់” នេះបើតាមប្រមុខគោលនយោបាយការបរទេសអឺរ៉ុប លោកស្រី កាយ៉ា កាឡាស។ លោកស្រីក៏បានថ្កោលទោសការសម្របសម្រួលដែលបានផ្តល់ជូនជាមុនផងដែរ។
ប្រភពការទូតអឺរ៉ុបមួយបាននិយាយថា រដ្ឋមន្ត្រីបានឯកភាពគ្នាចូលរួមក្នុង “ការសន្ទនាដោយស្មោះត្រង់ និងតម្រូវការ” ជាមួយមន្ត្រីអាមេរិក – ដែលជាពាក្យពេចន៍ខ្លាំងបំផុតមួយក្នុងវាក្យសព្ទការទូត – នៅសន្និសីទម្យូនិចដែលចាប់ផ្តើមនៅថ្ងៃសុក្រ។
• “អ្នកចរចាល្អបំផុតលើភពផែនដី”
កាលពីថ្ងៃពុធ លោកត្រាំបានធ្វើការហៅទូរសព្ទពីសេតវិមានទៅកាន់លោកពូទីនជាលើកដំបូងដែលត្រូវបានទទួលស្គាល់ជាសាធារណៈ ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ២០២២ ហើយបន្ទាប់មកបានហៅទូរស័ព្ទទៅកាន់លោកហ្សេឡិនស្គី។ លោកត្រាំបាននិយាយថា លោកជឿថាបុរសទាំងពីរចង់បានសន្តិភាព។
រដ្ឋបាលត្រាំក៏បាននិយាយជាសាធារណៈជាលើកដំបូងផងដែរថា វាមិនសមហេតុផលទេដែលអ៊ុយក្រែនរំពឹងថានឹងត្រឡប់ទៅព្រំដែនឆ្នាំ២០១៤ របស់ខ្លួន ឬចូលជាសម្ព័ន្ធណាតូជាផ្នែកនៃកិច្ចព្រមព្រៀងណាមួយនោះ ហើយថាគ្មានទាហានអាមេរិកនឹងចូលរួមក្នុងកងកម្លាំងសន្តិសុខណាមួយនៅអ៊ុយក្រែនដែលអាចត្រូវបានបង្កើតឡើងដើម្បីធានាការបញ្ឈប់បាញ់នោះទេ។
ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា សហរដ្ឋអាមេរិកមិនបានបដិសេធសមាជិកភាពណាតូដែលអាចកើតមានសម្រាប់អ៊ុយក្រែន ឬការត្រឡប់ទៅព្រំដែននឹងឆ្នាំ២០១៤ តាមរយៈការចរចាទេ ដែលផ្ទុយពីការអត្ថាធិប្បាយមុនៗ។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ភីត ហេកសេត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពិភពលោកមានសំណាងដែលមានលោកត្រាំ “អ្នកចរចាល្អបំផុតលើភពផែនដី នាំភាគីទាំងពីរមកជួបគ្នាដើម្បីស្វែងរកសន្តិភាពតាមរយៈការចរចា”។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ភេសកូវ បាននិយាយថា មូស្គូមាន “ការចាប់អារម្មណ៍” ចំពោះឆន្ទៈរបស់លោកត្រាំក្នុងការស្វែងរកដំណោះស្រាយ។
រុស្ស៊ីបានកាន់កាប់ឧបទ្វីបគ្រីមនៃអ៊ុយក្រែន ហើយក្រុមអ្នកគាំទ្ររបស់ខ្លួនបានកាន់កាប់ទឹកដីនៅភាគខាងកើតក្នុងឆ្នាំ២០១៤ មុនពេលធ្វើការឈ្លានពានពេញលេញក្នុងឆ្នាំ២០២២ នៅពេលដែលខ្លួនបានកាន់កាប់ដីបន្ថែមទៀតនៅភាគខាងកើត និងភាគខាងត្បូង។
អ៊ុយក្រែនបានរុញច្រានកងទ័ពឈ្លានពានរុស្ស៊ីចេញពីជាយក្រុងគីវ និងបានរំដោះទឹកដីជាច្រើនក្នុងឆ្នាំ២០២២ ប៉ុន្តែកងកម្លាំងរបស់ខ្លួនដែលមានទាហាននិងអាវុធតិចជាង បានបន្តិចម្តងៗបាត់បង់ដីបន្ថែមទៀតចាប់តាំងពីការវាយប្រហារតបរបស់អ៊ុយក្រែនបរាជ័យក្នុងឆ្នាំ២០២៣។
ការប្រយុទ្ធគ្នាដ៏សាហាវបានសម្លាប់ឬរបួសទាហានរាប់រយពាន់នាក់នៅទាំងសងខាង និងបានបំផ្លាញទីក្រុងអ៊ុយក្រែន។
មិនមានការកាត់បន្ថយជំហររវាងភាគីទាំងសងខាងទេ។ មូស្គូទាមទារឲ្យគីវត្រូវតែធ្វើជាប្រទេសអព្យាក្រឹតជាអចិន្ត្រៃយ៍ក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយ។ គីវនិយាយថា កងទ័ពរុស្ស៊ីត្រូវតែដកថយ ហើយខ្លួនត្រូវតែទទួលបានការធានាសន្តិសុខស្របតាមសមាជិកភាពណាតូដើម្បីការពារការវាយប្រហារនាពេលអនាគត។
មន្ត្រីអ៊ុយក្រែនបានទទួលស្គាល់កាលពីពេលមុនថា សមាជិកភាពណាតូពេញលេញអាចនឹងមិនអាចសម្រេចបានក្នុងរយៈពេលខ្លីទេ ហើយថាកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមានអាចទុកដីដែលត្រូវបានកាន់កាប់មួយចំនួននៅក្នុងដៃរុស្ស៊ី។
ប៉ុន្តេលោក ស៊ីប៊ីហា របស់អ៊ុយក្រែនបាននិយាយថា គីវនៅតែប្តេជ្ញាចូលរួមក្នុងណាតូ ដែលលោកបាននិយាយថាជាវិធីសាមញ្ញ និងចំណាយតិចបំផុតដែលលោកខាងលិចអាចផ្តល់ការធានាសន្តិសុខដែលត្រូវការដើម្បីធានាសន្តិភាព។
អគ្គលេខាធិការណាតូ លោក ម៉ាក រុតតេ បាននិយាយថា វាសំខាន់ដែលមូស្គូត្រូវយល់ថាលោកខាងលិចនៅតែរួបរួមគ្នា ដោយកត់សម្គាល់ថាអ៊ុយក្រែនមិនដែលត្រូវបានសន្យាថាកិច្ចព្រមព្រៀងសន្តិភាពនឹងរួមបញ្ចូលសមាជិកភាពសម្ព័ន្ធនោះទេ។
ជនជាតិអ៊ុយក្រែនមួយចំនួនមើលឃើញចលនារបស់លោកត្រាំថាជាការក្បត់។
មីរ៉ូស្លាវ៉ា លេសកូ អាយុ២៣ឆ្នាំ ដែលឈរនៅក្បែរសមុទ្រទង់ជាតិក្នុងទីក្រុងគីវដែលគោរពវិញ្ញាណក្ខន្ធទាហានដែលបានធ្លាក់ខ្លួន បាននិយាយថា៖ “វាពិតជាមើលទៅដូចជាពួកគេចង់ចុះចាញ់អ៊ុយក្រែន ព្រោះខ្ញុំមិនឃើញមានអត្ថប្រយោជន៍អ្វីសម្រាប់ប្រទេសយើងពីការចរចាទាំងនេះ ឬការនិយាយរបស់លោកត្រាំទេ។”
ទោះយ៉ាងណា ជនជាតិអ៊ុយក្រែនត្រូវបានអស់កម្លាំងដោយសង្គ្រាមរយៈពេលបីឆ្នាំ ហើយជាច្រើននាក់និយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការលះបង់គោលដៅមួយចំនួនដើម្បីសម្រេចបានសន្តិភាព។
ជាច្រើននាក់មានការខកចិត្តចំពោះគោលនយោបាយអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីជោ បៃដិន ដែលបានស្បថថានឹងជួយអ៊ុយក្រែនឲ្យទទួលបានដីទាំងអស់របស់ខ្លួនមកវិញ និងបានផ្តល់គ្រឿងយុទ្ធភណ្ឌយោធាដែលមានតម្លៃរាប់សិបប៊ីលានដុល្លារ ប៉ុន្តែតែងតែមានការយឺតយ៉ាវដែលមេបញ្ជាការអ៊ុយក្រែននិយាយថាបានអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីប្រមូលផ្តុំកម្លាំងឡើងវិញ។
លោកត្រាំ យ៉ាងហោចណាស់ក៏មានភាពស្មោះត្រង់អំពីដែនកំណត់នៃការគាំទ្ររបស់អាមេរិកដែរ នេះបើតាមលោក ទីមូហ្វី មីឡូវ៉ាណូវ ប្រធានសាលាសេដ្ឋកិច្ចគីវ។
“ភាពខុសគ្នារវាងលោកបៃដិន និងលោកត្រាំគឺថា លោកត្រាំនិយាយឮៗនូវអ្វីដែលលោកបៃដិនគិត និងធ្វើចំពោះអ៊ុយក្រែន” លោកបាននិយាយនៅលើបណ្តាញសង្គម៕
ប្រភព៖ រ៉យទ័រ/rc
