ប្រែសម្រួល៖ ស-សម្បត្តិ
បាងកក៖ ក្នុងគោលបំណងជំរុញចំនួនភ្ញៀវទេសចរ លោកស្រីនាយករដ្ឋមន្ត្រីថៃ ប៉ែតុងថាន ស៊ីណាវ៉ាត្រា បានបញ្ជាឱ្យពិនិត្យឡើងវិញនូវច្បាប់ដែលហាមឃាត់ការលក់គ្រឿងស្រវឹងនៅពេលរសៀល ដែលជាការសម្រេចចិត្តមួយត្រូវបានស្វាគមន៍ដោយម្ចាស់ភោជនីយដ្ឋាន និងសមាគមអាជីវកម្មផ្សេងៗ។

“នេះជាឆ្នាំទេសចរណ៍របស់យើង ដូច្នេះយើងចាំបាច់ត្រូវពិនិត្យឡើងវិញនូវបទប្បញ្ញត្តិទាំងនេះ” លោកស្រី ប៉ែតុងថាន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ (ថ្ងៃទី១១ ខែកុម្ភៈ) យោងតាមប្រភពព័ត៌មានក្នុងស្រុក Khaosod។
យុទ្ធនាការដែលនាយករដ្ឋមន្ត្រីបានលើកឡើង – “ឆ្នាំទេសចរណ៍និងកីឡាថៃដ៏អស្ចារ្យ ២០២៥” – មានគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៤០លាននាក់ និងរកប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន ២,៨ ទ្រីលានបាត (៨៣,២ ប៊ីលានដុល្លារអាមេរិក) នៅឆ្នាំនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
វិស័យសេដ្ឋកិច្ចជាច្រើនបានលើកឡើងនូវការត្អូញត្អែរជាច្រើនប្រឆាំងនឹងការរឹតបន្តឹងផ្លូវច្បាប់លើការលក់គ្រឿងស្រវឹងនៅពេលរសៀល ដែលត្រូវបានចាត់ទុកថាបានរារាំងកំណើនសេដ្ឋកិច្ច លោកស្រី ប៉ែតុងថាន បានមានប្រសាសន៍។
នៅប្រទេសថៃ ការលក់គ្រឿងស្រវឹងត្រូវបានហាមឃាត់រវាងម៉ោង ២ រសៀល និងម៉ោង ៥ ល្ងាច និងនៅថ្ងៃបុណ្យព្រះពុទ្ធសាសនាសំខាន់ៗ។ ច្បាប់នេះត្រូវបានដាក់ចេញដោយរបបរដ្ឋប្រហារកាលពី ៥៣ឆ្នាំមុន នៅឆ្នាំ១៩៧២។ គោលបំណងរបស់ច្បាប់នេះគឺដើម្បីកំណត់លើទម្លាប់ផឹកស្រាពេលសម្រាកថ្ងៃត្រង់របស់មន្ត្រីរាជការ។
បទប្បញ្ញត្តិទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងឆ្នាំ២០០៨ តាមការរាយការណ៍របស់ Khaosod។
លោកស្រី ប៉ែតុងថាន បានណែនាំឱ្យក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងទេសចរណ៍និងកីឡា សិក្សាអំពីបញ្ហានេះ យោងតាមឧបនាយករដ្ឋមន្ត្រី អនុទិន ចានវីរាគុល។
លោក អនុទិន បានបន្ថែមថា នាយកដ្ឋានរដ្ឋបាលខេត្តនៃក្រសួងមហាផ្ទៃនឹងត្រួតពិនិត្យក្របខ័ណ្ឌទាំងមូល ជាពិសេសទាក់ទងនឹងច្បាប់រឹតបន្តឹង។
ប្រធានក្លិបម្ចាស់ភោជនីយដ្ឋាន លោក សរទេប រជបជនរ័ត្ន គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលស្វាគមន៍ការពិចារណារបស់លោកស្រី ប៉ែតុងថាន លើការអំពាវនាវរបស់អ្នកប្រកបអាជីវកម្មឱ្យដកការរឹតបន្តឹងនេះ តាមការរាយការណ៍របស់ Nation Thailand។
“បទបញ្ជានេះមានរយៈពេល៥៣ឆ្នាំហើយ ប៉ុន្តែសង្គមបានផ្លាស់ប្តូរយ៉ាងខ្លាំង” លោក សរទេប បានមានប្រសាសន៍នៅក្នុងរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។
លោកបានពន្យល់ថា ការលុបបម្រាមនេះអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយពិចារណាលើរបៀបដែលភ្ញៀវទេសចរតែងជៀសវាងភោជនីយដ្ឋានរវាងម៉ោង២រសៀល និងម៉ោង៥ល្ងាច ព្រោះពួកគេមិនអាចទិញគ្រឿងស្រវឹងជាមួយអាហាររបស់ពួកគេបាន។
លោក សរទេប ក៏សង្ឃឹមថា ការហាមលក់គ្រឿងស្រវឹងនេះអាចត្រូវបានលុបចោលមុនខែមេសាឆ្នាំនេះ ទាន់ពេលសម្រាប់ពិធីបុណ្យសង្ក្រាន្តដ៏ពេញនិយមខាងមុខ។
សង្ក្រាន្តគឺជាពិធីបុណ្យព្រះពុទ្ធសាសនាមួយនៅក្នុងប្រទេស និងជាសញ្ញានៃការចាប់ផ្តើមឆ្នាំថ្មីប្រពៃណីថៃ។ វាជាការទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយ។
កាលពីឆ្នាំមុន ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ១,៩២លាននាក់ ក្នុងអំឡុងពេលបុណ្យសង្ក្រាន្តដែលបានពន្យារពេលរវាងថ្ងៃទី១ និងថ្ងៃទី២១ ខែមេសា ដែលកើនឡើង ៣៧,៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣។ Khaosod បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការបន្ធូរបន្ថយច្បាប់លើម៉ោងលក់អាចបង្កើតសកម្មភាពសេដ្ឋកិច្ចដោយផ្ទាល់ច្រើនជាង ៥០ប៊ីលានបាតក្នុងមួយឆ្នាំ ពីទាំងភ្ញៀវទេសចរបរទេស និងអ្នកប្រើប្រាស់ក្នុងស្រុក។
ក្នុងពេលជាមួយគ្នានេះ ប្រធានសមាគមអាជីវកម្មកម្សាន្តរាត្រីផាត់តាយ៉ា លោកស្រី លីសា ហាមីលតុន បានប្រាប់ Khaosod ថា ការហាមលក់គ្រឿងស្រវឹងនៅពេលវេលាជាក់លាក់មួយចំនួនបានបង្កការភាន់ច្រឡំទាំងសម្រាប់អ្នកប្រតិបត្តិការ និងភ្ញៀវទេសចរ។
“នៅរាល់ថ្ងៃបុណ្យព្រះពុទ្ធសាសនា ម្ចាស់ហាងត្រូវរំលឹកគ្នាទៅវិញទៅមកអំពីការហាមលក់គ្រឿងស្រវឹង ដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូល ដូច្នេះប្រសិនបើការរឹតបន្តឹងទាំងនេះត្រូវបានលុបចោល ហាងនានាអាចដំណើរការកាន់តែរលូន” លោកស្រី ហាមីលតុន បានមានប្រសាសន៍។
“ភ្ញៀវទេសចរបរទេសជាច្រើននាក់យល់ថា ការហាមលក់គ្រឿងស្រវឹងនៅថ្ងៃបុណ្យសាសនាគឺមានការភ្រាន់ច្រឡំ និងមិនងាយស្រួលសម្រាប់ផែនការធ្វើដំណើររបស់ពួកគេ អ្នកខ្លះសង្ស័យថាហេតុអ្វីបានជាការលក់គ្រឿងស្រវឹងត្រូវបានហាមឃាត់នៅថ្ងៃជាក់លាក់មួយចំនួន នៅពេលដែលពួកគេមកទស្សនាប្រទេសថៃដើម្បីរីករាយនឹងការកម្សាន្តពេលយប់ និងទីតាំងទេសចរណ៍ឱ្យបានពេញលេញ។”
លោកស្រី ប៉ែតុងថាន បានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោកស្រីព្យាយាមរក្សាតុល្យភាពរវាងកំណើនទេសចរណ៍ និងការទទួលខុសត្រូវសង្គម។
“ទោះបីជាការលុបបម្រាមអាចជំរុញប្រាក់ចំណូលអាជីវកម្ម និងទេសចរណ៍ក៏ដោយ យើងត្រូវធានាថាយុវជនមិនអាចទទួលបានគ្រឿងស្រវឹងដោយងាយស្រួល នេះជាអ្វីដែលយើងនឹងមិនមើលរំលង” លោកស្រីបានមានប្រសាសន៍ដូច្នេះ យោងតាម Khaosod។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក សុមសក្តិ ធេបសុធិន បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកបានណែនាំមន្ត្រីឱ្យសិក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃការលុបបម្រាមលក់គ្រឿងស្រវឹងពេលរសៀល។
កាសែត Bangkok Post បានរាយការណ៍ថា រដ្ឋមន្ត្រីរូបនេះបានមានប្រសាសន៍ថា គណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹងក្រោមការគ្រប់គ្រងរបស់ក្រសួងលោក នឹងពិភាក្សាអំពីសំណើនេះនៅពេលសមស្រប និងនឹងពិចារណាលើមតិយោបល់គ្រប់ផ្នែក។
លោកបានកត់សម្គាល់ថា សំណើថ្មីៗមួយដើម្បីអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងលើរថភ្លើងនៅពេលវេលាជាក់លាក់ត្រូវបានបដិសេធ បន្ទាប់ពីការសិក្សាបានរកឃើញថាវាអាចបង្កផលប៉ះពាល់ច្រើនជាងផលប្រយោជន៍។
“ទោះបីជាអត្ថប្រយោជន៍សេដ្ឋកិច្ចហាក់ដូចជាទាក់ទាញក៏ដោយ យើងប្រហែលជាមិនបន្តការផ្លាស់ប្តូរដែលបានស្នើឡើង (លើការលក់គ្រឿងស្រវឹងពេលរសៀល) ប្រសិនបើមនុស្សភាគច្រើនមិនយល់ព្រម” លោក សុមសក្តិ បានមានប្រសាសន៍។
ក្រោមច្បាប់គ្រប់គ្រងគ្រឿងស្រវឹងឆ្នាំ២០០៨ ទោសទណ្ឌសម្រាប់ការរំលោភបទប្បញ្ញត្តិលក់គ្រឿងស្រវឹងរួមមានការជាប់ពន្ធនាគាររហូតដល់៦ខែ ពិន័យជាប្រាក់១ម៉ឺនបាត ឬទាំងពីរ។ បន្ថែមលើការរឹតបន្តឹងលើថ្ងៃឈប់សម្រាក និងពេលវេលា បុគ្គលត្រូវតែមានអាយុយ៉ាងតិច២០ឆ្នាំដើម្បីទិញគ្រឿងស្រវឹង។ ការលក់ក៏ត្រូវបានហាមឃាត់នៅតំបន់មួយចំនួនក្រោមការគ្រប់គ្រងរបស់អង្គការរដ្ឋបាលមូលដ្ឋានដូចជា មាត់ទន្លេ ជ្រោយព្រែក និងឆ្នេរសមុទ្រ។
អ្នកដែលរំលោភច្បាប់ទាំងនេះអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១ឆ្នាំ ពិន័យជាប្រាក់៥សែនបាត ឬទាំងពីរ។
លោកស្រី ប៉ែតុងថាន មិនមែនជាមេដឹកនាំថៃដំបូងគេដែលពិចារណាលើការបន្ធូរបន្ថយការហាមលក់គ្រឿងស្រវឹងពេលរសៀលនេះទេ។
អ្នកដែលកាន់តំណែងមុនលោកស្រី – លោក ស្រេថា ថាវីសិន – ត្រូវបានរាយការណ៍ថា “បានពិចារណាលើសំណើនានា” ដើម្បីកែប្រែបទប្បញ្ញត្តិនេះ យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររដ្ឋាភិបាលថៃកាលពីខែកក្កដា ឆ្នាំមុន៕
ប្រភព៖ ទីភ្នាក់ងារ/ia(as)
