ដោយ៖ សុខុម
រតនគិរី៖ គ្រោះថ្នាក់នៅលើដងផ្លូវជាតិលេខ៧៨ រវាងរថយន្តលោកមេបញ្ជាការប្រតិបត្តិការសឹករងខេត្តរតនគិរី បានបុកជាមួយម៉ូតូបណ្តាលឱ្យសិស្សស្រីម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មកដល់ថ្ងៃទី១៣កុម្ភៈនេះសំណុំរឿងមិនទាន់បិទបញ្ចប់នៅឡើយ។
![](https://cambodiaflashnews.com/wp-content/uploads/2024/11/720x90.jpg)
ប្រភពព័ត៌មានពីខេត្តរតនគិរីបានឱ្យដឹងនៅរសៀលថ្ងៃទី១៣កុម្ភៈថា៖ ភាគីរថយន្ត កំពុងរកដំណោះស្រាយសំណងជាមួយក្រុមគ្រួសារជនរងគ្រោះ។ បើទោះបីជាបែបនេះក្តី សមត្ថកិច្ចនគរបាលស្រុកកូនមុំនៅមិនទាន់ឃាត់ខ្លួនអ្នកបើកបររថយន្តបុកម៉ូតូបណ្តាលឱ្យមនុស្សស្លាប់បញ្ជូនទៅសាលាដំបូងខេត្តរតនគិរីនៅឡើយទេ។
ប្រភពពីមន្រ្តីយោធាសឹករងខេត្តរតនគិរីបានបញ្ជាក់ថា៖ រថយន្តនោះពិតជារបស់លោកមេបញ្ជាការសឹករងពិតមែន គ្រាន់តែមិនមានសាក្សីបញ្ជាក់ពីអត្តសញ្ញាណអ្នកបើកបរតែប៉ុណ្ណោះ។
លោក ហុយ សុផាត មេបញ្ជាការសឹករងខេត្តរតនគិរីនៅថ្ងៃទី១៣កុម្ភៈមិនឆ្លើយតបជាមួយសំណួរអ្នកយកព័ត៌មាន Cambodia flash news (CFN) នៅពេលសួរទាក់ទិនរឿងគ្រោះថ្នាក់នេះ។
នគរបាលស្រុកកូនមុំបានធ្វើរបាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺរថយន្ត និងម៉ូតូ(ទិសដៅបញ្ច្រាសទិសគ្នា)នៅចំណុចមុខផ្លូវចូលផ្ទះតាមុនី លើផ្លូវលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ( ៨៥-៨៦) ស្ថិតនៅភូមិ០១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ រថយន្តម៉ាកToyota Langcruiser ឆ្នាំផលិត ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CE-9868 ធ្វើដំណើរពីលិចទៅកើត(អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់ចេញពីកន្លែងកើតហេតុ) ម៉ូតូម៉ាក C125ឆ្នាំផលិត២០១៨ ពណ៌ខ្មៅពាក់ផ្លាកលេខរតនគិរី11E-3437ធ្វើដំណើរពីត្បូងបត់ទៅលិច បើកបរដោយឈ្មោះ ឆែម គង្គារ ភេទស្រី អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិម១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី (មិនពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់សន្លប់។អ្នករួមដំណើរឈ្មោះ ខ្លោត ផល្លា ភេទស្រី អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី(មិនពាក់មួកសុវត្ថិភាព) ស្លាប់នៅកន្លែងកើតហេតុ។ វត្ថុតាងរថយន្ត-ម៉ូតូ ចំនួន០២គ្រឿងខាងលើ បានយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកកូនមុំ៕
![](https://cambodiaflashnews.com/wp-content/uploads/2024/04/cropped-Header-Middle-footer.png)