ដោយ : បន្ទាយ
![](https://cambodiaflashnews.com/wp-content/uploads/2024/11/720x90.jpg)
បាត់ដំបង : នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង មេបញ្ជាការ រង នាយ នាយរងនិងពលទាហាននៃកងកម្លាំងកងពលតូចថ្មើរជើងលេខ៥២ យោធភូមិភាគទី៥ បានធ្វើយុទ្ធដំណើរតាមមាត់បឹងទន្លេសាប ដើម្បីបោសសម្អាតឧបករណ៍នេសាទខុសច្បាប់ដែលនៅសេសសល់ ក៏ដូចជាបង្កើនសមត្ថភាពដល់យោធិន។
ពិសេសបានស្គាល់ភូមិសាស្ត្រតាមមាត់បឹងទន្លេសាបដ៏ស្រស់។
នេះបើតាមលោកឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ បានឲ្យដឹងថ្ងៃទី១៣ខែកុម្ភ: ឆ្នាំ២០២៥ ។
លោកបានបន្តថា:” កន្លងមក យុទ្ធដំណើរទ័ពតាមជ្រោះជ្រងជ្រលងដងអូរ ខ្ពង់រាប ព្រៃភ្នំ វាលស្រែចម្ការ កម្លាំងយើងបានធ្វើច្រើនដងហើយ គឺនៅឡើយតែមាត់បឹងទន្លេសាបនេះ ” ។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទ ទិសយោធភូមិភាគទី៥ បានដឹកនាំក្រុមការងារដុតកម្ទេចឧបករណ៍ឆក់ត្រីខុសច្បាប់ សរុបចំនួន១៤២គ្រឿង ដែលប្រជាពលរដ្ឋមានការភ្អាក់រលឹក យកមកប្រគល់ជូនកម្លាំងបង្រ្កាបបទល្មើសនេសាទ ទិសយោធភូមិភាគទី៥ ដែលស្ថិតនៅស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំខេត្តបាត់ដំបង។
សូមបញ្ជាក់ថា កងកម្លាំងប្រតិបត្តិការ របស់យោធភូមិភាគទី៥ បានចុះបំពេញបេសកកម្មប្រតិបត្តិការ ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន ឬមានរយៈពេល៦៥ថ្ងៃ មកហើយ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយកន្លងមក ការបង្រ្កាបការនេសាទខុសច្បាប់ជលផល មានច្រើនករណី និងបានដុតបំផ្លាញចោលជាបន្តបន្ទាប់។
ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានការភ្ញាក់រលឹក ប្រគល់ឧបករណ៍នេសាទខុសច្បាប់ជូនកងកម្លាំង និងអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទត្រីខុសច្បាប់ និងឧបករណ៍ខុសច្បាប់ផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ប្រភេទក្នុងបឹងទន្លេសាប៕
![](https://cambodiaflashnews.com/wp-content/uploads/2024/04/cropped-Header-Middle-footer.png)