អន្តរជាតិ

OpenAI អះអាងថា ការព្យាយាមទិញយករបស់លោក Musk ផ្ទុយពីបណ្តឹងរបស់គាត់ប្រឆាំងនឹងក្រុមហ៊ុន

ប្រែសម្រួល៖ ស-សម្បត្តិ

មហាសេដ្ឋី Elon Musk បានដាក់សំណើទិញក្រុមហ៊ុន OpenAI ដែលចង់ក្លាយជាក្រុមហ៊ុនរកប្រាក់ចំណេញ ប៉ុន្តែសំណើនេះផ្ទុយពីបណ្តឹងរបស់គាត់ដែលអះអាងថា ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនផលិតកម្មវិធី ChatGPT មិនគួរប្រើប្រាស់សម្រាប់ផលចំណេញឯកជនឡើយ នេះបើយោងតាមលិខិតដែល OpenAI បានដាក់ជូនតុលាការសហព័ន្ធកាលពីថ្ងៃពុធ។

កាលពីថ្ងៃចន្ទ ក្រុមវិនិយោគិនដឹកនាំដោយលោក Elon Musk បានដាក់សំណើទិញទ្រព្យសម្បត្តិរបស់អង្គការមិនរកប្រាក់ចំណេញ OpenAI ក្នុងតម្លៃ ៩៧,៤ ប៊ីលានដុល្លារ ដែលជាការវាយប្រហារមួយទៀតពីមហាសេដ្ឋីអន្តរជាតិប្រឆាំងនឹងក្រុមហ៊ុនបញ្ញាសិប្បនិម្មិតដែលទើបចាប់ផ្តើមនេះ។

លោក Musk បានប្តឹងប្រធានក្រុមហ៊ុន OpenAI លោក Sam Altman និងអ្នកពាក់ព័ន្ធផ្សេងទៀតកាលពីខែសីហា ហើយបានស្នើឱ្យចៅក្រមសហព័ន្ធរារាំង OpenAI មិនឱ្យផ្លាស់ប្តូរទៅជាក្រុមហ៊ុនរកប្រាក់ចំណេញ។

OpenAI បានលើកឡើងក្នុងលិខិតរបស់ខ្លួនថា លោក Musk បាននិយាយផ្ទុយគ្នា នៅពេលដែលគាត់ “ដាក់សំណើមិនត្រឹមត្រូវក្នុងគោលបំណងបំផ្លាញដៃគូប្រកួតប្រជែង”។

ឯកសារតុលាការរបស់លោក Musk បញ្ជាក់ថា ទ្រព្យសម្បត្តិរបស់ OpenAI ត្រូវតែស្ថិតនៅក្នុងមូលនិធិសប្បុរសធម៌ ហើយមិនគួរផ្ទេរទៅរកប្រាក់ចំណេញឯកជនឡើយ។ ផ្ទុយទៅវិញ សំណើទិញយករបស់គាត់ចង់ផ្ទេរទ្រព្យសម្បត្តិទាំងអស់របស់ OpenAI ទៅឱ្យគាត់និងវិនិយោគិនឯកជនរបស់គាត់ នេះបើតាមការអះអាងរបស់ OpenAI។

តំណាងរបស់លោក Musk មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយតាមអ៊ីមែលទេ។

លោក Musk បានបង្កើត OpenAI ជាមួយលោក Altman ក្នុងឆ្នាំ២០១៥ ជាអង្គការមិនរកប្រាក់ចំណេញ ប៉ុន្តែបានចាកចេញមុនពេលកម្មវិធី ChatGPT ល្បីល្បាញនៅចុងឆ្នាំ២០២២។ គាត់បានបង្កើតក្រុមហ៊ុនបញ្ញាសិប្បនិម្មិតប្រកួតប្រជែង xAI នៅឆ្នាំ២០២៣។

OpenAI បាននិយាយថា ក្រុមហ៊ុនចង់ក្លាយជាអង្គភាពរកប្រាក់ចំណេញ ដើម្បីទទួលបានមូលធនចាំបាច់សម្រាប់ការអភិវឌ្ឍម៉ូដែលបញ្ញាសិប្បនិម្មិតល្អបំផុត៕

ប្រភព៖ Reuters