ប្រែសម្រួល៖ រតនា
![](https://cambodiaflashnews.com/wp-content/uploads/2024/11/720x90.jpg)
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានថ្លែងថា លោកត្រៀមខ្លួនដោះដូរដីធ្លីក្នុងការចរចាជាមួយរុស្ស៊ី ដែលបានដោះលែងអ្នកទោសជនជាតិអាមេរិកយ៉ាងហោចណាស់ម្នាក់ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានពិពណ៌នាកាលពីថ្ងៃអង្គារ (ថ្ងៃទី១១ ខែកុម្ភៈ) ថាជាសញ្ញានៃសុច្ឆន្ទៈក្នុងការបញ្ចប់សង្គ្រាម។
លោក ហ្សេឡេនស្គី ពីមុនបានបដិសេធមិនព្រមបោះបង់ទឹកដីណាមួយក្រោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោកបានថ្លែងថា ក្រុងគីវត្រៀមខ្លួនសម្រាប់ការចរចាយ៉ាងមុតមាំ មុនកិច្ចប្រជុំនៅថ្ងៃសុក្រនៅសន្និសីទសន្តិសុខទីក្រុងម្យូនិច ជាមួយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វ៉ាន់ស៍ ដែលជាអ្នករិះគន់យ៉ាងខ្លាំងចំពោះជំនួយយោធាអាមេរិកដល់អ៊ុយក្រែន។
«យើងនឹងដោះដូរទឹកដីមួយជាមួយទឹកដីមួយផ្សេងទៀត» លោក ហ្សេឡេនស្គី បានថ្លែង ដោយបន្ថែមថា លោកត្រៀមខ្លួនដោះដូរដីធ្លីក្នុងតំបន់ឃឺស្ក របស់រុស្ស៊ី ដែលអ៊ុយក្រែនបានកាន់កាប់ក្នុងការវាយប្រហារភ្ញាក់ផ្អើលកាលពីឆ្នាំមុន។
លោកបានទទួលស្គាល់ថា អ៊ុយក្រែននឹងមិនអាចទទួលបានការធានាសន្តិសុខគ្រប់គ្រាន់ជាមួយដៃគូអឺរ៉ុបតែប៉ុណ្ណោះទេ។
«ការធានាសន្តិសុខដោយគ្មានអាមេរិក មិនមែនជាការធានាសន្តិសុខពិតប្រាកដទេ» លោកបានថ្លែង។
លោក ត្រាំ បានចូលកាន់តំណែងដោយប្តេជ្ញាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប្រហែលជាដោយប្រើប្រាស់ជំនួយរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដែលបានផ្តល់ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ជូ បៃដិន ដើម្បីបង្ខំឱ្យក្រុងគីវធ្វើការលះបង់ទឹកដី។
ក្នុងដំណើរទស្សនកិច្ចដំបូងដែលគេដឹងដោយសមាជិកម្នាក់នៃរដ្ឋបាលលោក ត្រាំ ទៅកាន់រុស្ស៊ី ចាប់តាំងពីលោកវិលត្រឡប់មកកាន់សេតវិមានកាលពីខែមុន អ្នកតំណាងពិសេស ស្ទីវ វីតកុហ្វ បានធានាការដោះលែង ម៉ាក ហ្វូហ្គេល ជនជាតិអាមេរិកដែលជាប់ពន្ធនាគារតាំងពីឆ្នាំ២០២១ ពាក់ព័ន្ធនឹងបទចោទគ្រឿងញៀន។
«រុស្ស៊ីបានប្រព្រឹត្តមកលើយើងដោយសុភាពរាបសារណាស់» លោក ត្រាំ បានថ្លែងទៅកាន់អ្នកសារព័ត៌មានអំពីការដោះលែងលោក ហ្វូហ្គេល។
«តាមពិត ខ្ញុំសង្ឃឹមថា នេះជាការចាប់ផ្តើមនៃទំនាក់ទំនងមួយដែលយើងអាចបញ្ចប់សង្គ្រាមនោះបាន។»
លោក ត្រាំ បានស្វាគមន៍លោក ហ្វូហ្គេល នៅសេតវិមានកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីលោកបានវិលត្រឡប់មកសហរដ្ឋអាមេរិកវិញ ដោយបានរៀបរាប់អំពីការជួបជាមួយម្តាយវ័យ៩៥ឆ្នាំរបស់លោក ហ្វូហ្គេល នៅក្នុងការប្រជុំឃោសនាមួយ ដែលលោកបានសន្យាជាមួយគាត់ថានឹង «នាំគាត់ចេញមក»។
សេតវិមានបានពិពណ៌នាការដោះលែងរបស់លោកថាជាផ្នែកនៃ «ការដោះដូរ» ដោយលោក ត្រាំ បានថ្លែងកាលពីយប់ថ្ងៃអង្គារថា អ្នកជាប់ឃុំទីពីរនឹងត្រូវដោះលែងនៅថ្ងៃពុធ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។
មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីនៅឡើយទេ ដែលទីភ្នាក់ងារព័ត៌មានរដ្ឋបានដកស្រង់សេចក្តីប្រកាសរបស់សេតវិមាន។
តុលាការកំពូលរុស្ស៊ីកាលពីខែធ្នូបានបដិសេធមិនពិចារណាលើបណ្តឹងឧទ្ធរណ៍របស់លោក ហ្វូហ្គេល ប្រឆាំងនឹងការផ្តន្ទាទោសរយៈពេល១៤ឆ្នាំ។
លោក វីតកុហ្វ ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងជាមិត្តភក្តិរបស់លោក ត្រាំ ជាផ្លូវការគឺជាអ្នកតំណាងពិសេសសម្រាប់មជ្ឈិមបូព៌ា ហើយមុននេះបានដើរតួនាទីសំខាន់ក្នុងការជំរុញឱ្យមានការឈប់បាញ់គ្នាដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងហាម៉ាស់។
លោក ត្រាំ ក៏បានប្រកាសអំពីដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែនរបស់រដ្ឋមន្ត្រីក្រសួងរតនាគារ លោក ស្កត បេសេន – មន្ត្រីម្នាក់ទៀតក្នុងគណៈរដ្ឋមន្ត្រីរបស់លោកដែលមានបេសកកម្មមិនពាក់ព័ន្ធនឹងការងារចម្បងរបស់លោក។
- «អ៊ុយក្រែនអាចនឹងក្លាយជារបស់រុស្ស៊ីនៅថ្ងៃណាមួយ»
កាលពីដើមសប្តាហ៍ លោក ត្រាំ បានលើកឡើងថា អ៊ុយក្រែន «អាចនឹងក្លាយជារបស់រុស្ស៊ីនៅថ្ងៃណាមួយ» ដែលជាពាក្យសម្តីត្រូវបានទទួលស្វាគមន៍យ៉ាងឆាប់រហ័សពីទីក្រុងមូស្គូ។
«ការពិតដែលថា ផ្នែកសំខាន់មួយនៃអ៊ុយក្រែនចង់ក្លាយជារបស់រុស្ស៊ី ហើយបានក្លាយរួចហើយនោះ គឺជាការពិត» អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេសកូវ បានថ្លែង ដោយយោងទៅលើការប្រកាសឧបសម្ព័ន្ធតំបន់អ៊ុយក្រែនចំនួនបួនរបស់មូស្គូក្នុងឆ្នាំ២០២២ បន្ទាប់ពីការធ្វើប្រជាមតិដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយជាអន្តរជាតិថាជាការក្លែងបន្លំ។
ជនជាតិអ៊ុយក្រែនបានប្រតិកម្មដោយការមើលងាយចំពោះសម្តីរបស់លោក ត្រាំ។
«វាជាប្រភេទនៃភាពវង្វេងវង្វាន់ដោយសារវ័យចំណាស់» អ្នករស់នៅក្រុងគីវឈ្មោះ ដានីល បានប្រាប់ AFP។
ទាហានអ៊ុយក្រែនម្នាក់នៅតាមដងផ្លូវក្នុងទីក្រុងគីវ ដែលគ្រាន់តែប្រាប់ឈ្មោះថា មីកូឡា បាននិយាយអំពីលោក ត្រាំ ថា៖ «គាត់អាចគិតអ្វីក៏បាន និងនិយាយអ្វីក៏ បាន ប៉ុន្តែអ៊ុយក្រែននឹងមិនដែលក្លាយជារបស់រុស្ស៊ីឡើយ។»
លោក ត្រាំ កាលពីមុនបានសម្តែងការកោតសរសើរចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ព៊ូទីន និងបានគាំទ្រយ៉ាងល្បីល្បាញចំពោះការបដិសេធរបស់លោកលើការរកឃើញរបស់សហគមន៍សេវាកម្មសម្ងាត់អាមេរិកអំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងជ័យជម្នះការបោះឆ្នោតរបស់បក្សសាធារណរដ្ឋក្នុងឆ្នាំ២០១៦។
ប៉ុន្តែលោកក៏បានអំពាវនាវឱ្យរុស្ស៊ីសម្របសម្រួលក្នុងសប្តាហ៍ថ្មីៗនេះ ដោយនិយាយថា លោក ព៊ូទីន ត្រូវកាត់បន្ថយការបាត់បង់យ៉ាងធ្ងន់ធ្ងរ។
កងទ័ពទាំងពីរកំពុងព្យាយាមធានាឱ្យបាននូវឧត្តមភាពនៅលើសមរភូមិមុនការចរចាដែលអាចកើតមាន។
ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងកាលពីថ្ងៃអង្គារថា កងទ័ពរបស់ខ្លួនបានកាន់កាប់ភូមិតូចមួយឈ្មោះ យ៉ាសេណូវេ នៅក្នុងតំបន់ដូនេតស្ក ភាគខាងកើតនៃអ៊ុយក្រែន។
ហើយការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុងគីវបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់កាលពីថ្ងៃពុធ នេះបើតាមការថ្លែងរបស់អភិបាលក្រុង លោក វីតាលី ក្លីឆកូ នៅលើកម្មវិធី Telegram។
នៅក្នុងតំបន់ស៊ូមី ភាគខាងជើងនៃអ៊ុយក្រែន ព្រះរាជអាជ្ញាតំបន់បានថ្លែងថា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីបានសម្លាប់បុរសម្នាក់អាយុ៤០ឆ្នាំ និងស្ត្រីម្នាក់អាយុ៣០ឆ្នាំ។
- ការដោះលែងអ្នកទោសចុងក្រោយ
លោក បៃដិន បានកាត់ផ្តាច់ទំនាក់ទំនងភាគច្រើនជាមួយទីក្រុងមូស្គូ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ប៉ុន្តែមេដឹកនាំសេវាកម្មសម្ងាត់ និងអ្នកផ្សេងទៀតនៅតែបានជួបគ្នាដោយសម្ងាត់នៅប្រទេសទីបី និងបានចរចាដោះដូរដែលបានដោះលែងជនជាតិអាមេរិកល្បីៗបំផុតដែលជាប់ពន្ធនាគារដោយរុស្ស៊ី – កីឡាការិនីបាល់បោះ ប្រ៊ីតនី ហ្គ្រីនឺ អ្នកកាសែត អេវ៉ាន ហ្គឺសកូវិច និងអតីតនាវិកម៉ារីន ផល វីឡាន។
លោក ហ្វូហ្គេល អាយុ៦៣ឆ្នាំ បានបង្រៀននៅសាលាអង់គ្លូ-អាមេរិកាំងក្នុងទីក្រុងមូស្គូ នៅពេលដែលលោកត្រូវបានចាប់ខ្លួនក្នុងខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងកញ្ឆាចំនួន២១ក្រាម និងប្រេងកញ្ឆាដែលត្រូវបានគេអះអាងថារកឃើញនៅជាប់ខ្លួនលោកនៅព្រលានយន្តហោះក្រុងមូស្គូ។
លោក ហ្វូហ្គេល បានរស់នៅក្នុងប្រទេសរុស្ស៊ីតាំងពីឆ្នាំ២០១២។ មានការរាយការណ៍ថា លោកបានបង្រៀនភាសាអង់គ្លេសដល់ជនជាតិរុស្ស៊ីនៅមណ្ឌលឃុំឃាំងរបស់លោក៕
ប្រភព៖ AFP/dy
![](https://cambodiaflashnews.com/wp-content/uploads/2024/04/cropped-Header-Middle-footer.png)