អន្តរជាតិ

រកឃើញកាប៊ីនរថយន្តក្នុងរន្ធដីស្រុតនៅជប៉ុន ខណៈកំពុងស្វែងរកអ្នកបើកបរ

ប្រែសម្រួល៖រតនា

តូក្យូ៖ កាប៊ីនរថយន្តដែលត្រូវបានរន្ធដីស្រុតលេបបាត់នៅប្រទេសជប៉ុន ត្រូវបានរកឃើញនៅក្នុងបំពង់លូ ហើយអាចមានសាកសពអ្នកបើកបរដែលបាត់ខ្លួននៅក្នុងនោះ នេះបើយោងតាមមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យម្នាក់បានឱ្យដឹងកាលពីថ្ងៃពុធ (ថ្ងៃទី១២ ខែកុម្ភៈ)។

ក្រុមសង្គ្រោះកំពុងប្រឹងប្រែងស្វែងរកអ្នកបើកបរដែលមានអាយុ ៧៤ ឆ្នាំ ចាប់តាំងពីរថយន្តដឹកទំនិញបានធ្លាក់ចូលទៅក្នុងរន្ធដ៏ជ្រៅមួយដែលបានលេចឡើងនៅក្បែរក្រុងតូក្យូ កាលពីពីរសប្តាហ៍មុន។

រន្ធដីស្រុតនេះបានបើកចំហភ្លាមៗនៅតាមបណ្តោយផ្លូវប្រសព្វក្នុងក្រុងយ៉ាស៊ីអូ នៅអំឡុងពេលម៉ោងមមាញឹកពេលព្រឹក នៅថ្ងៃទី២៨ ខែមករា ដោយបានលេបរថយន្តដឹកទំនិញនោះ។

លោក តូម៉ូណូរិ ណាកាហ្សាវ៉ា មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់បានប្រាប់ AFP ថា៖ “បន្ទាប់ពីអ្នកជំនាញបានវិភាគរូបថតដែលថតដោយដ្រូន… ពួកគេបាននិយាយថា មានកាប៊ីនរថយន្តដឹកទំនិញមួយនៅក្នុងរូបថត ហើយពួកគេមិនអាចបដិសេធលទ្ធភាពដែលអ្វីដែលលេចឡើងនៅខាងក្នុងនោះ គឺជាមនុស្សម្នាក់នោះទេ”។

ប៉ុន្តែក្រុមសង្គ្រោះមិនអាចចូលទៅក្នុងបំពង់លូដែលកាប៊ីនរថយន្តត្រូវបានរកឃើញនោះបានទេ ដោយសារតែលំហូរទឹក និងកម្រិតខ្ពស់នៃឧស្ម័នអ៊ីដ្រូសែនស៊ុលផាត។

លោក ម៉ូតូហ៊ីរ៉ូ អូណូ អភិបាលខេត្តសៃតាម៉ា ដែលជាទីតាំងស្ថិតនៅក្រុងយ៉ាស៊ីអូ បានមានប្រសាសន៍ថា នឹងត្រូវការពេលប្រមាណបីខែដើម្បីសាងសង់បំពង់លូបណ្តោះអាសន្នមួយ ដើម្បីបញ្ឈប់លំហូរទឹក។

ក្រុមសង្គ្រោះត្រូវរង់ចាំការបញ្ចប់ការសាងសង់បំពង់លូបណ្តោះអាសន្ននេះសិន មុននឹងអាចចូលទៅកាន់កាប៊ីនរថយន្ត នេះបើយោងតាមការថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃអង្គារ។

ជម្រាលដែលមានប្រវែង ៣០ម៉ែត្រ បានអនុញ្ញាតឱ្យក្រុមសង្គ្រោះបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលទៅក្នុងរន្ធ ដោយប្រជាពលរដ្ឋចំនួន ១,២ លាននាក់ត្រូវបានស្នើសុំឱ្យកាត់បន្ថយការងូតទឹក និងការបោកគក់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការលេចធ្លាយទឹកលូដែលអាចរាំងស្ទះដល់ប្រតិបត្តិការ។

ប៉ុន្តែទឹកលូចំនួនច្រើនត្រូវបានរកឃើញនៅក្រោមជម្រាល ដែលរួមផ្សំជាមួយទឹកភ្លៀង បានធ្វើឱ្យបេសកកម្មសង្គ្រោះត្រូវពន្យារពេល។

កាលពីថ្ងៃអាទិត្យ ការស្វែងរកនៅក្នុងរន្ធដីស្រុតត្រូវបានផ្អាក ដើម្បីផ្តោតលើបំពង់លូនៅក្បែរនោះ ដែលកាប៊ីនរថយន្តត្រូវបានរកឃើញ នេះបើយោងតាមសារព័ត៌មាន Kyodo News និងប្រភពផ្សេងទៀត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ករណីរន្ធដីស្រុតតាមដងផ្លូវប្រមាណ ២៦០០ករណី នៅឆ្នាំ២០២២ បណ្តាលមកពីបំពង់លូ។ ភាគច្រើននៃរន្ធទាំងនោះមានទំហំតូច គឺមានជម្រៅត្រឹមតែ ៥០សង់ទីម៉ែត្រ ឬតិចជាងនេះ។

នៅឆ្នាំ២០១៦ រន្ធដីស្រុតយក្សមួយដែលមានទទឹងប្រមាណ ៣០ម៉ែត្រ និងជម្រៅ ១៥ម៉ែត្រ បានលេចឡើងនៅលើផ្លូវមមាញឹកមួយក្នុងក្រុងហ្វូគូអូកា ដែលបណ្តាលមកពីការសាងសង់រថភ្លើងក្រោមដីនៅក្បែរនោះ។

គ្មានអ្នករងរបួសឡើយ ហើយផ្លូវនោះត្រូវបានបើកឡើងវិញមួយសប្តាហ៍ក្រោយពីកម្មករបានខិតខំធ្វើការពេញមួយថ្ងៃពេញមួយយប់៕/

ប្រភព៖ AFP/ec