កីឡា

ម៉េនឆេស្ទ័រ ស៊ីធី ២-៣ រៀល ម៉ាឌ្រីដ៖ ជូដ បែលលីងហាម រកបានគ្រាប់បាល់ជ័យជម្នះនៅចុងម៉ោង បន្ទាប់ពី អ៊ែលីង ហាឡាន់ ស៊ុតបាន២គ្រាប់ ជួយឱ្យក្រុមយក្សអេស្ប៉ាញមានភាពល្អប្រសើរក្នុងការប្រកួត Champions League

ប្រែសម្រួល៖ តារា

ក្រុមមេនឆេស្ទ័រ ស៊ីធី បានចាប់ផ្តើមការប្រកួតដោយការបង្ហាញការមិនគោរពចំពោះក្រុមជើងឯកអឺរ៉ុប១៥សម័យកាល។ ទង់ដ៏ធំមួយត្រូវបានលើកឡើងដោយអ្នកគាំទ្រនៅពីក្រោយគោលទីមួយ ដែលបង្ហាញរូបភាព រ៉ូឌ្រី ថើបពានរង្វាន់ Ballon d’Or។

សារនៅលើទង់នោះបានរំលឹកដល់រៀល ម៉ាឌ្រីដ ដែលបានធ្វើពហិការមិនចូលរួមពិធីប្រគល់ពានដោយសារតែ វីនីស៊ីយូស ជូនៀ មិនឈ្នះពាន។ ពាក្យស្លោកនោះសរសេរថា “ឈប់យំទៅ”។ វាជាយុទ្ធសាស្ត្រដែលមានហានិភ័យខ្ពស់ ដោយសារតែលទ្ធផលមិនទៀងទាត់របស់ក្រុមស៊ីធី។

នៅពេលកញ្ចែចប់ការប្រកួតបន្លឺឡើង ក្តារពិន្ទុបានបង្ហាញពីជ័យជម្នះ ៣-២ សម្រាប់ក្រុមភ្ញៀវ ហើយម៉ាឌ្រីដលែងយំទៀតហើយ។ ក្រុមស៊ីធីបានបណ្តោយឱ្យគ្រាប់នាំមុខពីរដងរបស់ខ្លួនត្រូវបាត់បង់ ហើយបានឃើញអតីតកីឡាកររបស់ខ្លួន ប្រាហ៊ីម ឌីយ៉ាស រកបានគ្រាប់តាមស្មើទីពីរសម្រាប់ក្រុមរបស់គាត់នៅនាទីទី៨៦។ បន្ទាប់មក នៅក្នុងម៉ោងបន្ថែម ជូដ បែលលីងហាម បានរត់តាមបាល់លើកពី វីនីស៊ីយូស ជូនៀ ពីលើ អេដឺសុន ហើយប៉ះបាល់ចូលទីទទេ។ វាជាវេនរបស់ក្រុមស៊ីធីដែលត្រូវសោកស្តាយលើវាសនារបស់ខ្លួន និងបណ្តាសាការធ្លាក់ចុះមួយទៀតក្នុងរដូវកាលដ៏លំបាកបំផុតនេះ។

គ្រាប់បាល់ពីរគ្រាប់របស់ អ៊ែលីង ហាឡាន់ ដែលជាការស៊ុតបញ្ចូលទីលើកដំបូងរបស់គាត់ប្រឆាំងនឹងម៉ាឌ្រីដ ហាក់ដូចជានឹងជួយឱ្យក្រុមស៊ីធីទៅកាន់ស្តាត Bernabeu នៅថ្ងៃពុធក្រោយដោយមានភាពល្អប្រសើរបន្តិច ប៉ុន្តែម៉ាឌ្រីដតែងតែបង្ហាញថាជាក្រុមដែលមានសមត្ថភាពខ្ពស់ជាង ហើយពួកគេបានធ្វើឱ្យវាមានប្រសិទ្ធភាពនៅចុងបញ្ចប់។

មានការនិយាយច្រើនអំពីការរងរបួសដែលក្រុមស៊ីធីបានជួបប្រទះនៅរដូវកាលនេះ ប៉ុន្តែប្រសិនបើមានហេតុផលតែមួយគត់សម្រាប់ការមានសុទិដ្ឋិនិយមក្នុងចំណោមអ្នកគាំទ្ររបស់ពួកគេមុនការចាប់ផ្តើម វាគឺថាម៉ាឌ្រីដក៏បានជួបនឹងអ្វីដែលគ្រូបង្វឹករបស់ពួកគេ កាលូ អាន់ចេឡូធី ហៅថា “ស្ថានភាពអាសន្ន” ដែរ៕