បច្ចេកវិទ្យា

ក្រុមហ៊ុនរបស់ប្រទេសចិនមួយនឹងបញ្ចេញម៉ូដែល AI ជំនាន់ក្រោយនៅឆ្នាំនេះ

ប្រែសម្រួល៖លនស្រស់

ក្រុមហ៊ុន Baidu របស់ប្រទេសចិន គ្រោងនឹងដាក់ឱ្យដំណើរការម្តងទៀតនូវគំរូបញ្ញាសិប្បនិម្មិតរបស់ខ្លួននៅក្នុងឆមាសទីពីរនៃឆ្នាំ 2025 ។ នេះបើយោងតាមការឲ្យដឹងពីអ្នកដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះបានប្រាប់សារព័ត៌មាន Reuters ។

ម៉ូដែលថ្មីដែលមានឈ្មោះថា Ernie 5 នឹងមានសមត្ថភាពពហុមុខងារ ដែលអាចដំណើរការនិងបំប្លែងរវាងទម្រង់ផ្សេងៗដូចជា អត្ថបទ វីដេអូ រូបភាព និងសំឡេង ដូចដែល CNBC បានរាយការណ៍កាលពីមុន។

ការត្រៀមចេញផ្សាយនេះកើតឡើងក្នុងពេលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងក្នុងវិស័យបញ្ញាសិប្បនិម្មិតនៅប្រទេសចិន ជាពិសេសពីក្រុមហ៊ុនបង្កើតថ្មី DeepSeek ដែលទទួលបានភាពល្បីល្បាញបន្ទាប់ពីបានដាក់ចេញនូវម៉ូដែលវិភាគហេតុផលដែលអាចប្រកួតប្រជែងជាមួយសមត្ថភាពរបស់ OpenAI GPT ក្នុងតម្លៃទាបជាង។

ទោះបីជាស្ថិតក្នុងចំណោមក្រុមហ៊ុនចិនដំបូងៗក្នុងវិស័យបញ្ញាសិប្បនិម្មិតបន្ទាប់ពីការចេញផ្សាយ ChatGPT នៅឆ្នាំ២០២២ក៏ដោយ ក្រុមហ៊ុន Baidu នៅតែជួបការលំបាកក្នុងការទទួលបានការប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ម៉ូដែលភាសាធំរបស់ខ្លួន Ernie ទោះបីជាក្រុមហ៊ុនអះអាងថាកំណែចុងក្រោយបំផុតរបស់ខ្លួន Ernie 4 មានសមត្ថភាពស្មើនឹង OpenAI GPT-4 ក៏ដោយចុះ។

ការផ្តល់ជូននូវបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ នៅតែដើរយឺតជាងគូប្រកួតប្រជែងក្នុងស្រុក រួមទាំងកម្មវិធីជជែក Doubao របស់ក្រុមហ៊ុន ByteDance និងក្រុមហ៊ុនថ្មី DeepSeek ទាក់ទងនឹងការប្រើប្រាស់របស់អ្នកប្រើប្រាស់។

លោក Robin Li នាយកប្រតិបត្តិក្រុមហ៊ុន Baidu បានប្រាប់អ្នកចូលរួមក្នុងសន្និសីទមួយដែលប្រារព្ធឡើងនៅទីក្រុងឌូបៃកាលពីថ្ងៃអង្គារថា ការលេចឡើងភ្លាមៗរបស់ DeepSeek បានបង្ហាញពីលក្ខណៈមិនអាចទាយទុកមុនបាននៃនវានុវត្តន៍។

លោកបានមានប្រសាសន៍ថា “អ្នកមិនដឹងថានវានុវត្តន៍នឹងមកពីពេលណា និងកន្លែងណានោះទេ”។

អំឡុងព្រឹត្តិការណ៍នោះ លោក Li ក៏បានមានប្រសាសន៍ផងដែរថា ការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធក្លោដនៅតែមានភាពចាំបាច់ ទោះបីជា DeepSeek កំពុងប្រកួតប្រជែងលើប្រសិទ្ធភាពចំណាយនៃម៉ូដែលបញ្ញាសិប្បនិម្មិតធំៗក៏ដោយ៕/

ប្រភព៖ Reuters/ec