អន្តរជាតិ

ក្រុមហ៊ុនផលិតទូរសព្ទiPhoneធំជាងគេនៅតៃវ៉ាន់អះអាងថាខ្លួនអាចរៀបចំផែនការផលិតកម្មដោយផ្អែកទៅលើពន្ធនាំចូលរបស់ Trump

ប្រែសម្រួល ៖ លន ស្រស់

ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកតាមកិច្ចសន្យាធំជាងគេបំផុតនៅលើពិភពលោក និងជាក្រុមហ៊ុនផលិតទូរសព្ទ iPhone ចម្បងរបស់ក្រុមហ៊ុន Apple បានថ្លែងកាលពីថ្ងៃពុធថា ខ្លួនអាចរៀបចំផែនការផលិតកម្មរបស់ខ្លួនដោយផ្អែកទៅលើពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាស ហើយបន្ទាប់មកបានផ្អាករហូតដល់ថ្ងៃទី៤ ខែមីនា នូវពន្ធនាំចូល ២៥ ភាគរយ លើការនាំចូលទាំងអស់ពីប្រទេសម៉ិកស៊ិក និងកាណាដា មកកាន់សហរដ្ឋអាមេរិក។

លោក Young Liu ប្រធានក្រុមហ៊ុន Foxconn បានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលក្រុមហ៊ុនក្នុងក្រុងញូវតៃប៉ិ ដែលស្ថិតនៅក្រៅតៃប៉ិថា ក្រុមហ៊ុនមានរោងចក្រផលិតកម្មនៅទាំងសហរដ្ឋអាមេរិក និងម៉ិកស៊ិក។

លោកបានថ្លែងថា “យើងនឹងរៀបចំផែនការសមត្ថភាពផលិតកម្មផ្សេងៗគ្នា អាស្រ័យទៅតាមពន្ធនាំចូល”។

លោក Trump ចង់ឱ្យក្រុមហ៊ុននានាធ្វើការផលិតនៅសហរដ្ឋអាមេរិក ហើយក្រុមហ៊ុន Foxconn នឹងធ្វើការ “រៀបចំ” ដែលពាក់ព័ន្ធជាមួយដៃគូរបស់ខ្លួននៅក្នុងប្រទេសនេះ។ នេះបើតាមការបន្ថែមរបស់លោក Liu។

លោកបានបន្តថា “សម្រាប់ក្រុមហ៊ុន ប្រសិនបើយើងមិនផលិតនៅទីនេះ យើងអាចផលិតនៅទីនោះបាន ដូច្នេះផលប៉ះពាល់មិនធ្ងន់ធ្ងរពេកទេ”។

ទោះយ៉ាងណាក៏ដោយ លោក Liu បានបន្ថែមថា ជារួម ពន្ធនាំចូលនឹងមិនល្អសម្រាប់សេដ្ឋកិច្ចពិភពលោកទេ ហើយនឹងធ្វើឱ្យទីផ្សាររួមតូចជាងមុន៕/

ប្រភព៖ Reuters