អន្តរជាតិ

កូរ៉េខាងជើងថាសំណើរបស់ត្រាំក្នុងការគ្រប់គ្រងហ្គាហ្សាគឺជារឿង «គួរឲ្យអស់សំណើច»

ប្រែសម្រួល៖ស-សម្បត្តិ

ទីក្រុងសេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃពុធ (ថ្ងៃទី១២ ខែកុម្ភៈ) បានរិះគន់យ៉ាងខ្លាំងចំពោះសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា និងផ្លាស់ប្តូរទីលំនៅជនជាតិប៉ាឡេស្ទីន ដោយចាត់ទុកថាជារឿងគួរឲ្យអស់សំណើច ព្រមទាំងចោទប្រកាន់វ៉ាស៊ីនតោនថាជាការគំរាមកំហែង។

អត្ថបទវិភាគមួយដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េកណ្តាល (KCNA) បានលើកឡើងថា ក្តីសង្ឃឹមតិចតួចរបស់ប្រជាជនប៉ាឡេស្ទីនសម្រាប់សុវត្ថិភាព និងសន្តិភាពកំពុងត្រូវបានបំផ្លាញដោយសំណើនេះ ដោយមិនបានលើកឈ្មោះត្រាំដោយផ្ទាល់។

KCNA បានថ្លែងថា «ពិភពលោកពេលនេះកំពុងពុះកញ្ជ្រោលដូចឆ្នាំងបបរ ដោយសារសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់សហរដ្ឋអាមេរិក»។

អត្ថបទនេះសំដៅលើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ត្រាំ ដែលសហរដ្ឋអាមេរិកមានបំណងជម្លៀសប្រជាជនហ្គាហ្សា និងប្រែទឹកដីដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមនេះ។

អត្ថបទវិភាគរបស់ KCNA ក៏បានរិះគន់រដ្ឋបាលត្រាំផងដែរ អំពីការអំពាវនាវឲ្យគ្រប់គ្រងប្រឡាយប៉ាណាម៉ា និងហ្គ្រីនឡែន និងការសម្រេចចិត្តប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅជា «ឈូងសមុទ្រអាមេរិក»។

របាយការណ៍របស់ KCNA បានលើកឡើងថា «សហរដ្ឋអាមេរិកគួរតែភ្ញាក់ពីការស្រមៃហួសសម័យរបស់ខ្លួន និងបញ្ឈប់ភ្លាមៗនូវការរំលោភបំពានសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ប្រទេស និងប្រជាជនដទៃ» ខណៈដែលហៅសហរដ្ឋអាមេរិកថាជា «ជនគំរាមកំហែង»។

ត្រាំបានជួបកិច្ចប្រជុំកំពូលដ៏គួរឲ្យកត់សម្គាល់ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងអាណត្តិទីមួយរបស់លោក ហើយបានសរសើរអំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេ។

ប្រធានាធិបតីអាមេរិកថ្មីៗនេះបាននិយាយថា លោកនឹងទាក់ទងទៅគីមម្តងទៀត ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ព្យុងយ៉ាងស្ទើរតែមិនបានផ្តល់មតិអំពីអាណត្តិទីពីររបស់ត្រាំឡើយ ខណៈដែលនៅតែបន្តរិះគន់អ្វីដែលខ្លួនមើលឃើញថាជាការគំរាមកំហែងសន្តិសុខដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន។

កូរ៉េខាងជើង ដែលតែងតែជំទាស់នឹងទស្សនៈលោកខាងលិចលើបញ្ហាអន្តរជាតិ បាននិយាយយ៉ាងច្បាស់អំពីស្ថានការណ៍នៅហ្គាហ្សា ដោយស្តីបន្ទោសអ៊ីស្រាអែលចំពោះការបង្ហូរឈាម និងហៅសហរដ្ឋអាមេរិកថាជា «ដៃគូឧក្រិដ្ឋកម្ម»៕

ប្រភព៖ Reuters/dy